អង្គការ​សហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​ដោះលែង​និស្សិត​ថៃ

  • Steve Herman

ក្រុម​អ្នក​គាំទ្រ​សកម្មជន​ប្រឆាំង​នឹង​ការ​ធ្វើរដ្ឋ​ប្រហារ​ បាន​ជួបជុំគ្នា​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​ ដើម្បី​បន្ត​លើក​ទឹក​ចិត្ត​ដល់​ក្រុម​របស់​ពួក​គេ​ នៅ​ក្នុង​ទីក្រុង​បាងកក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥។

ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​និង​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​ដោះលែង​និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន​១៤​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​ឲ្យ​មាន​ការ​បះបោរ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​អំពាវនាវ​ឲ្យ​ថៃ​បញ្ឈប់​ការ​ចោទ​ប្រកាន់​បទឧក្រិដ្ឋ​នេះ​ជា​បន្ទាន់។​ សេចក្តី​ថ្លែងការណ៍​នេះ​ ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​និស្សិត​កាល​ពី​ថ្ងៃ​ទី២៦​ខែ​មិថុនា​ ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទី​សាធារណៈ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ឯ​វិមាន​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​បាងកក។​

និស្សិត​ទាំង​នោះ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧ឆ្នាំ​ ពី​បទ​មិន​គោរព​តាម​បម្រាម​របស់​រដ្ឋាភិបាល​យោធា​ក្នុង​ការ​ធ្វើ​បាតុកម្ម​តាម​ទី​សាធារណៈ ​និង​ការ​ប្រមូល​ផ្តុំ​គ្នា​ ដែល​ប្រឆាំង​នឹង​អំណាច​រដ្ឋាភិបាល។​

សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ឬ​ហៅ​កាត់​ថា​ OHCHR​ បាន​សម្គាល់​ថា​ ប្រទេស​ថៃ​ ក្នុង​នាម​ជា​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធ​នយោបាយ​«មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រកាន់​ភ្ជាប់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​យោបល់​ និង​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សេរី​និង​សន្តិភាព‍»។​

រដ្ឋាភិបាល​យោធា​ដែល​កំពុង​កាន់​អំណាច​បាន​ការពារ​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ហាម​ប្រាម​ការ​ប្រមូល​ផ្តុំ​គ្នា​ជា​លក្ខណៈ​នយោបាយ​នោះ​ ថា​ជា​ការ​ចាំបាច់​ក្នុង​ការ​រក្សា​សន្តិភាព។​

ប៉ុន្តែ​វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​បស្ចិម​ប្រទេស​ រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ។​ បេសកកម្ម​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ហៅ​វិធានការ​នៃ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​និស្សិត​ទាំង​នោះ​ ពី​បទ​ដឹកនាំ​ឲ្យ​មាន​ការ​បះបោរ​ថា​ជា​«ការ​វិវត្ត​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ»។​

លោក​ Jarrod​ Weir​ គឺ​ជា​មន្ត្រី​ផ្នែក​នយោបាយ​នៃ​គណៈ​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ។​

លោក​ Jarrod​ Weir​ ថ្លែង​ថា៖ «សហភាព​អឺរ៉ុប​គាំទ្រ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​យោបល់​ប្រកប​ដោយ​សន្តិវិធី​ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថៃ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ‍»។​

និស្សិត​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​នោះ​គឺ​ស្ថិត​ក្នុង​ចំណោម​បណ្ដាញ​តិចតួច​បំផុត​ដែល​បាន​តបត​ប្រឆាំង​ជា​សាធារណៈ​នឹង​រដ្ឋាភិបាល​យោធា​ ដែល​ដណ្ដើម​អំណាច​នៅ​ខែ​ឧសភា​ ឆ្នាំ២០១៤។​

ការ​ធ្វើ​រដ្ឋ​ប្រហារ​ឥត​បង្ហូរ​ឈាម​នោះ​ ជា​ព្រឹត្តិការណ៍​មួយ​នៃ​ការ​ឡើង​កាន់​កាប់​អំណាច​របស់​យោធា​ថៃ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​និង​ដាក់​កំហិត​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រជាពលរដ្ឋ។​

និស្សិត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​នឹង​ត្រូវ​នាំ​ទៅ​ជំនុំ​ជម្រះ​នៅ​តុលាការ​យោធា​ ដែល​សវនាការ​នោះ​មាន​លក្ខណៈ​មិន​បើក​ចំហ​និង​មិន​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ទៅ​ឧទ្ធរណ៍​ទេ​ បើ​មាន​ការ​កាត់​ក្តី​នោះ។​

មន្ត្រី​ផ្នែក​នយោបាយ​នៃ​សហភាព​អឺរ៉ុប​ លោក​ Jarrod​ Weir​ ប្រចាំ​នៅ​ទីក្រុង​បាងកក​ថ្លែង​ថា​ សហភាព​អឺរ៉ុប​មិន​យល់​ស្រប​នឹង​បញ្ហា​នេះ​ទេ។​

លោក​ បន្ថែម​ថា៖«ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​ ហើយ​មិន​គួរ​ប្រើប្រាស់​តុលាការ​យោធា​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​លើ​ជន​ស៊ីវិល​នោះ​ទេ‍»។​

ក្រុម​មនុស្ស​១០នាក់​បាន​ពាក់​ស្រោម​មុខ​មាន​រូប​និស្សិត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​របស់​សហរដ្ឋអាមេរិក​នៅ​ខេត្ត​ឈៀងម៉ៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ។​

អាជ្ញាធរ​និយាយ​ថា​ បី​ម៉ោង​ក្រោយ​មក​មនុស្ស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅហាង​កាហ្វេ​ក្បែរ​នោះ​ ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ ដែល​ចាត់​ទុក​ថា​ជា​អំពើ​ខុស​ច្បាប់​ ក្រោម​ធម្មនុញ្ញ​អន្តរកាល​របស់​រដ្ឋាភិបាល​យោធា​នេះ។​

កាលពី​ថ្ងៃ​អង្គារ​ បញ្ញវន្ត​មួយ​ក្រុម​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​ពន្ធនាគារ​ Remand​ នៅ​ទីក្រុង​បាងកក​ ដែល​ឃុំ​ខ្លួន​និស្សិត​ទាំង​នោះ​ ដើម្បី​អាន​សេចក្តី​ថ្លែង​មួយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ ដែល​លិខិត​នោះ​ពួកគេ​អះអាង​ថា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សាស្ត្រាចារ្យ​ចំនួន​២៨០​នាក់​ទូទាំង​ប្រទេស។​

មេដឹកនាំ​រដ្ឋប្រហារ​ថៃ​ ដែល​ពី​មុន​ធ្វើ​ជា​មេ​ទាហាន​ ហើយ​បច្ចុប្បន្ន​នេះ​ជា​នាយក​រដ្ឋមន្ត្រី​ Prayuth​ Chan-ocha​ លោក​នៅ​តែ​រក្សា​សំដី​របស់​លោក​ដែល​ថា​ ការ​កាន់​កាប់​រដ្ឋាភិបាល​ដោយ​មន្ត្រី​យោធា​នេះ​ គឺ​ជា​ការ​ចាំបាច់​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​ឡើង​វិញ​និង​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ដ៏​បែង​ចែក​ខ្លាំង​របស់​ប្រទេស​នេះ៕​

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា