ប្រេសិត​អ.ស.ប.​ជួបជាមួយតំណាងក្រុមប្រឆាំងស៊ីរីជំរុញកិច្ចចរចាសន្តិភាព

លោក Staffan de Mistura ប្រេសិត​អ.ស.ប. ថ្លែង​ការណ៍​ក្រោយ​ពេលបើក​កិច្ច​ចរចា​សន្តិភាព​នៅ​​ឯទីស្នាក់ការកណ្តាលសហភាពអ៊ឺរ៉ុបអ.ស.ប.នៅក្នុងក្រុងហ្សឺណែវ ប្រទេស​ស៊្វីស នៅ​ថ្ងៃ​ទៅ​២៩ ខែ​មករា ឆ្នាំ​២០១៦។​

ក្រោយ​ពី​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការចាប់ផ្តើម​កិច្ចចរចា​សន្តិភាព​ដោយ​មិន​ផ្ទាល់​មក​ ក្រុម​អ្នកតំណាង​នៃ​ក្រុម​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​ស៊ីរី​បាន​ជួប​ជាមួយ​លោក Staffan de Mistura ប្រេសិត​អ.ស.ប.នៅ​ក្នុង​ក្រុង​ហ្ស៊ឺណែវ។

លោក De Mistura បាន​ចាកចេញ​ពី​ការ​ប្រជុំ​មិន​ផ្លូវការ​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​លោក​ «មានសុទិដ្ឋិនិយម​និង​មាន​ការ​ប្តេជ្ញា​»ថា​ក្រុម​ប្រឆាំង​ស៊ី​រី​នឹង​ចូល​រួម​ក្នុង​ដំណើរ​ការ​សន្តិភាព​នេះ។​

កិច្ចចរចា​គ្នា​នេះ​មាន​គោលដៅ​បើក​ផ្លូវ​ឱ្យ​មាន​កិច្ចចរចា​ដោយ​ផ្ទាល់​ជា​យថាហេតុ​។​ កិច្ចចរចា​នេះ​បាន​បើក​ធ្វើ​ កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ក្រុម​មន្ត្រី​អ.ស.ប.បាន​ជួប​ជាមួយ​សមាជិក​នៃ​គណៈប្រតិភូ​រដ្ឋាភិបាល​ស៊ីរី​ដែល​ដឹកនាំ​ដោយ​លោក​ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​អ.ស.ប.។

ដោយ​គ្មាន​ការ​ជួបជុំ​ទល់​មុខ​គ្នា​ត្រូវ​គ្រោង​ធ្វើ​រវាង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​លោក​ Assad និង​ក្រុម​អ្នកតំណាង​ក្រុម​ប្រឆាំង​ទេ​នោះ​ ផែនការ​នោះ​គឺ​ឱ្យ​ប្រេសិត​អ.ស.ប.ពិគ្រោះ​យោបល់ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ភាគី​នីមួយៗ​និង​ទៅ​មក​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​បង្ហាញ​ការបន្ត​នូវ​សំណើ​និង​គោល​ជំហរ​របស់​ភាគី​ទាំង​ពីរ។​

អ្នក​តំណាង​ក្រុម​ប្រឆាំង​ ក្រុម​អ្នកតំណាង​នៃ​គណៈកម្មាធិការ​ជាន់ខ្ពស់​ខាង​កិច្ចចរចា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ High Negotiations Committee បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ហ្ស៊ឺណែវ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ដោយ​បាន​និយាយ​ថា​ ពួក​គេ​នឹង​សន្ទនា​ជាមួយ​ក្រុម​មន្ត្រី​អ.ស.ប. ក៏​ប៉ុន្តែ​មិន​មែន​ធ្វើការ​ចរចាឡើយ៕