កិច្ច​ចរចា​សន្តិភាព​ស៊ីរី​ជុំ​ថ្មី​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​នេះ

លោក Staffan de Mistura ចូលរួម​ក្នុង​កិច្ចចរចា​ជុំ​ថ្មី នៅ​វិមាន Palais des Nations ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

បេសកជន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​វិបត្តិ​ប្រទេស​ស៊ីរី លោក Staffan de Mistura បាន​និយាយ​ថា ទោះបីជា​មាន​ការ​ព្រួយបារម្ភ​មួយ​ចំនួន​អំពី​អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​លោក​ជឿ​ថា «ស្ថានការណ៍​នៃ​ការ​ពិត​បាន​ឈាន​មក​ដល់​ហើយ‍»។ លោក​លើក​ឡើង​ដូច្នេះ ពេល​ដែល​លោក​ត្រៀម​រៀបចំ​កិច្ច​ចរចា​សន្តិភាព​ជុំ​ថ្មី​មួយ​ទៀត ដែល​មាន​គោល​បំណង​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ជិត ៧ ឆ្នាំ កន្លង​មក​នេះ។

កិច្ច​ចរចា​ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ជា​កិច្ច​ចរចា​ជុំ​ទី ៨ ចាប់​តាំង​ពី​ឆ្នាំ ២០១២ មក។ ការ​ប្រឹងប្រែង​លើក​មុនៗ​ឲ្យ​មាន​កិច្ច​ចរចា​សន្តិភាព​នេះ បាន​ទទួល​បរាជ័យ​ភ្លាមៗ ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ស៊ីរី និង​គណៈប្រតិភូ​របស់​ពួក​ឧទ្ទាម ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ខ្វែង​គំនិត​គ្នា​អំពី​ថា​តើ​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad គួរតែ​នៅ​កាន់​តំណែង​ដដែល ឬ​ក៏​យ៉ាង​ណា​នោះ។

ឥឡូវ​នេះ ភាគី​ទាំង​ពីរ​ទំនង​ជា​មាន​គោល​ជំហរ​ដូច​គ្នា បន្ទាប់ពី​ប្រធាន​គណៈប្រតិភូ​ក្រុម​ប្រឆាំង​លោក Nasr Hariri បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា គោល​បំណង​របស់​ពួកគេ​គឺ​មិន​ឲ្យ​លោក Bashar al-Assad នៅ​កាន់​តំណែង​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ នៅ​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​នយោបាយ​ចាប់ផ្ដើម។

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោកស្រី Alessandra Vellucci បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ស៊ីរី​មិន​ទាន់​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ហ្សឺណែវ​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ ប៉ុន្តែ​លោក Staffan de Mistura គ្រោង​នឹង​បន្ត​ការ​ប្រជុំ​ជាមួយ​នឹង​គណៈប្រតិភូ​ក្រុម​ប្រឆាំង​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Staffan de Mistura បាន​និយាយ​ថា លោក​ជឿជាក់​ថា វា​អាច​ទៅ​រួច​ដែល​ភាគី​ទាំង​ពីរ​បង្រួម​ភាព​ខ្វែង​គំនិត​គ្នា ពេល​ពួកគេ​ចរចា​នៅ​ក្រោម​គោលការណ៍​ដែល​សម្រេច​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី និង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ស៊ីរី៕