បេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ាក់ បាននិយាយថា លោកមានការព្រួយបារម្ភអំពីការកើនឡើងនូវការវាយប្រហារសងសឹកមកវិញនៅក្នុងទីក្រុង Mosul ប្រឆាំងនឹងជនស៊ីវិល ដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយនឹងពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាម បន្ទាប់ពីទីក្រុងនេះត្រូវបានរំដោះរួចមក។
លោក Jan Kubis បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញថា គំនិតជាទូទៅនៅក្នុងការចង់ដាក់ទោសទណ្ឌរួមដល់ជនស៊ីវិលដែលមានទំនាក់ទំនងជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម មានការកើនឡើង។
លោកបានបន្ថែមថា ជនស៊ីវិលអ៊ីរ៉ាក់ណា ដែលគេយល់ថាមានទំនាក់ទំនងជាមួយនឹងពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាម កំពុងប្រឈមនឹងការបណ្ដេញចេញ ការរឹបអូសយកផ្ទះសម្បែង ការដាក់ទោសទណ្ឌ និងវិធានការសងសឹកផ្សេងៗទៀត។
លោក Jan Kubis បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi ចាត់វិធានការជាបន្ទាន់នានា ដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ ដោយលោកបាននិយាយថា វិធានការទាំងឡាយណាដែលធ្វើឡើងចំពោះជនស៊ីវិល ដោយគ្មានភស្តុតាងគ្រប់គ្រាន់ គឺរំលោភទៅលើរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ាក់ និងកាតព្វកិច្ចរបស់ប្រទេសអ៊ីរ៉ាក់នៅក្រោមច្បាប់អន្តរជាតិ។
លោកបានបញ្ជាក់ថា ភស្តុតាងទាំងអស់នៃឧក្រិដ្ឋកម្មដែលធ្វើឡើងដោយក្រុមជ្រុលនិយមរដ្ឋឥស្លាម ត្រូវតែរក្សាទុក ដើម្បីគាំទ្រដល់ការកាត់ទោសដែលអាចទៅរួចនានា។
បេសកជនរូបនេះ ក៏បានរំឭកដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អនាគតនៅក្នុងទីក្រុង Mosul គឺមានការប្រឈមយ៉ាងខ្លាំង ហើយលោកក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវប្រឹងប្រែងយ៉ាងណាធ្វើឲ្យជ័យជម្នះយោធារបស់ខ្លួននៅក្នុងទីក្រុង Mosul នេះ ក្លាយជាស្ថិរភាព។ លោកបន្ថែមថា ការពង្រឹងនីតិរដ្ឋ និងការជំរុញឲ្យមានការអភិវឌ្ឍ គឺពិតជាមានសារៈសំខាន់ណាស់៕