យោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ពិភពលោកកំពុងជួបប្រទះនឹងវិបត្តិជនភៀសខ្លួនយ៉ាងអាក្រក់បំផុតមួយនៅក្នុងសម័យកាលទំនើប ហើយការឆ្លើយតបពីសំណាក់អន្តរជាតិ នៅមានចន្លោះប្រហោងយ៉ាងខ្លាំង។ ក្រុមអង្គការមនុស្សធម៌កំពុងអំពាវនាវឲ្យមានកិច្ចប្រជុំអន្តរជាតិដើម្បីដោះស្រាយវិបត្តិនេះ។
ដោយអស់កម្លាំង រងការរលាកកម្តៅថ្ងៃ ខ្សោះជាតិទឹក និងមិនមានកាន់អ្វីក្នុងដៃក្រៅពីសំពាយខោអាវនោះ ជនភៀសខ្លួនស៊ីរី ឈ្មោះ Sameh រួមទាំងកូនប្រុស និងភរិយារបស់លោកធ្វើដំណើរសន្សឹមៗឆ្លងកាត់ផ្លូវផែមួយនៅក្នុងទីក្រុង Catania ប្រទេសអ៊ីតាលី បន្ទាប់ពីចេញពីនាវារបស់កងកម្លាំងជើងទឹកអៀរឡង់ (Ireland)។
ពួកគេ និងមនុស្សរាប់រយនាក់ទៀតត្រូវបានជួយសង្រ្គោះនាសប្តាហ៍នេះពីទូកកៅស៊ូនៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
លោក Sameh បាននិយាយថា៖ «រាល់មនុស្សដែលរស់នៅលើភពផែនដីនេះស្រឡាញ់ប្រទេសកំណើតរបស់ពួកគេ។ ប៉ុន្តែស្ថានភាពនៅប្រទេសស៊ីរីបានជំរុញឲ្យមនុស្សម្នាស្វែងរកកន្លែងសុវត្ថិភាព និងប្រទេសសុវត្ថិភាពជ្រកកោន សម្រាប់ខ្លួនពួកគេផ្ទាល់ សម្រាប់ភរិយារបស់ពួកគេ និងសម្រាប់កូនរបស់ពួកគេ»។
លោក Sameh និងគ្រួសាររបស់លោក ជាផ្នែកមួយនៃការផ្លាស់ទីលំនៅយ៉ាងធំមហិមា។ អ.ស.បនិយាយថា នៅចុងឆ្នាំ២០១៤ មនុស្សជាង៦០លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះជាការផ្លាស់ទីជម្រករបស់មនុស្សលោកយ៉ាងធំបំផុតមួយដែលត្រូវបានកត់ត្រាទុក។
បើគិតមកត្រឹមឆ្នាំនេះ ជនភៀសខ្លួនជាង១០០.០០០នាក់ហើយបានឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ មនុស្សជិត២.០០០នាក់ក្នុងចំណោមពួកគេបានស្លាប់។ វិបត្តិរបស់ទ្វីបអឺរ៉ុប គឺផ្នែកតូចមួយនៃបញ្ហាទាំងមូល នេះបើយោងទៅតាមសម្តីរបស់លោក Andrej Mahecic មន្រ្តីទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប។
«បញ្ហានៅតំបន់សមុទ្រមេឌីទេរ៉ាណេគឺប្រហែលគ្រាន់តែជាផលវិបាកដែលត្រូវបានមើលឃើញនៃអ្វីដែលយើងកំពុងកើតមាននៅលើពិភពលោកតែប៉ុណ្ណោះ។ សូមកុំភ្លេចថា ជនភៀសខ្លួន៨៦ភាគរយនៅលើពិភពលោកត្រូវបានទទួលឲ្យស្នាក់នៅដោយប្រទេសកំពុងអភិវឌ្ឍ។ ជាឧទាហរណ៍ ប្រទេសស៊ីរី គឺជាប្រទេសធំជាងគេ ដែលជំរុញចាកចេញពីទីជម្រកនៅក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ។ ប្រជាជនស៊ីរីភាគច្រើនបានមកជ្រកកោននៅតាមបណ្តាប្រទេសជិតខាង ដែលចំនួនសរុបមានជិតបួនលាននាក់នៃជនភៀសខ្លួនស៊ីរីទាំងអស់»។
រូបភាពដ៏គួរឲ្យសង្វេគនាសប្តាហ៍នេះបានបង្ហាញពីជនភៀសខ្លួនស៊ីរីដែលរត់ចេញពីការវាយប្រហារគ្នារវាងក្រុមរដ្ឋអ៊ីស្លាម និងកងកម្លាំងកុលសម្ព័ន្ធ Kurde ដែលជនភៀសខ្លួនទាំងនោះបានព្យាយាមទម្លាយរបងការពារព្រំដែន ដើម្បីឆ្លងទៅកាន់ប្រទេសតួកគី (Turkey)។ បណ្តាប្រទេសជិតខាងរបស់ស៊ីរីកំពុងព្យាយាមបញ្ឈប់លំហូរនៃជនភៀសខ្លួនទាំងនេះ។ អ្នកស្រី Anna Shea នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយថា ជនភៀសខ្លួនទាំងនោះទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះពីសំណាក់សហគមន៍អន្តរជាតិ។
«នៅប្រទេសលីបង់ មនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់ ឥឡូវនេះគឺជាជនភៀសខ្លួន។ ប្រទេសតួកគីមានជនភៀសខ្លួនស៊ីរីច្រើនជាងគេបំផុត ដែលមានចំនួនជាង១,៧ លាននាក់។ ដូច្នេះ នៅចំពោះមុខលំហូរមនុស្សយ៉ាងច្រើននៅក្នុងរយៈពេលខ្លីបែបនេះ បណ្តាប្រទេសផ្សេងៗបានងាកទៅរកវិធានការផ្សេងៗប្រកបដោយបញ្ហា»។
អង្គការលើកលែងទោសអន្តរជាតិបានពិពណ៌នាជនភៀសខ្លួននៅទ្វីបអាហ្វ្រិកថា ជាវិបត្តិពិភពលោកមួយដែលត្រូវបានគេបំភ្លេចចោល។ មានជនភៀសខ្លួនចំនួនជាងបីលាននាក់នៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ា (Sub-Saharan)។
«អ្វីដែលពិតជាគួរឲ្យបារម្ភនោះ គឺថា ប្រទេសជាច្រើនគឺជាប្រភព និងជាគោលដៅសម្រាប់ជនភៀសខ្លួន។ ដូច្នេះ បណ្តាប្រទេសផ្សេងៗ ដែលកំពុងតែធ្វើទុក្ខបុកម្នេញដល់ប្រជាជនរបស់ខ្លួន និងទីដែលប្រជាជនកំពុងរងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗដែរនោះ ក៏ជាប្រទេសដែលស្វាគមន៍ជនភៀសខ្លួនផងដែរ»។
អ្នកស្រី Shea បាននិយាយថា កង្វះខាតការឆ្លើយតបពីសំណាក់អន្តរជាតិ ត្រូវបានគេកត់សម្គាល់ កាលពីខែមុន នៅពេលដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) រាប់ពាន់នាក់ពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានទុកឲ្យស្ថិតនៅលើដែនសមុទ្រ Andaman អស់រយៈពេលរាប់សប្តាហ៍ ដោយសារតែគ្មានប្រទេសណាមួយព្រមទទួលយកពួកគេ។ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានត្រឹមតែផ្តល់ទីជម្រកបណ្តោះអាសន្នប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។
លោក Andrej Mahecic នៃអ.ស.ប.បានមានប្រសាសន៍ថា ពិភពលោកកំពុងតែឈានចូលទៅក្នុងសម័យកាលយ៉ាងគ្រោះថ្នាក់មួយ ដែលការឆ្លើយតបផ្នែកមនុស្សធម៌កំពុងរងការបិទបាំងដោយសារទំហំនៃវិបត្តិជនភៀសខ្លួន។
«អស់រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានជម្លោះចំនួន១៥បានកើតឡើងនៅតាមតំបន់ផ្សេងៗនៅលើពិភពលោក។ នៅក្នុងទ្វីបអាហ្វ្រិកតែមួយ មានជម្លោះចំនួន៨បានកើតមានឡើង។ ជម្លោះបីផ្សេងទៀតស្ថិតនៅតំបន់មជ្ឈិមបូព៌ា ដែលរាប់យ៉ាងតិចមានប្រទេសស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន។ ជម្លោះមួយទៀតកើតឡើងនៅទ្វីបអឺរ៉ុប គឺនៅប្រទេសអ៊ុយក្រែន។ នេះជាការបាត់បង់ទីជម្រកដ៏ធំមួយមិនធ្លាប់មានពីមុនមក ដែលត្រូវការការឆ្លើយតបដែលមិនធ្លាប់កើតមាន»។
លោក Mahecic បានបន្តថា ក្តីសង្ឃឹមរយៈពេលវែងតែមួយគត់នោះ គឺដំណោះស្រាយតាមផ្លូវនយោបាយ។ ក៏ប៉ុន្តែ ជម្លោះមួយចំនួនកំពុងតែមានភាពធ្ងន់ធ្ងរឡើងៗ ហើយចំនួនមនុស្សដែលត្រូវបានបង្ខំឲ្យរត់គេចពីសេចក្តីស្លាប់កំពុងបន្តកើនឡើង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា