អ.ស.ប.​ព្រួយបារម្ភ​ពី​សារធាតុ​គីមី​ដែល​គ្មាន​​ក្នុង​បទបញ្ញតិ្ត​សម្រាប់​ផលិត​ថ្នាំញៀន​ methamphetamine​ កំពុង​ហូរ​ចូល​មីយ៉ាន់ម៉ា

រូប​ឯកសារ៖ ផ្សែង​ហុយ​ពី​​កន្លែង​កម្មវិធី​ដុត​បំផ្លាញ​គ្រឿង​ញៀន​មួយ​នៅ​ជាយ​ក្រុង​រ៉ង់ហ្គូន (Yangon) ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៨។

​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​ព្រមាន​កាន់​តែ​ខ្លាំង​ឡើង​ ពីទំហំ​សារធាតុគីមីដែលមិន​មាន​ចែង​ក្នុង​បទបញ្ញតិ្ត​សម្រាប់​ផលិតថ្នាំ​ញៀន​ methamphetamine ដែល​កំពុង​ហូរ​ចូល​កាន់​តែច្រើន​ឡើងៗ​ទៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ជា​មជ្ឈមណ្ឌល​នៃជំនួញ​គ្រឿងញៀនដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​តំបន់​ ហើយអង្គការ​សហប្រជាជាតិ​កំពុងប្រឹងប្រែង​ ដើម្បី​ឲ្យប្រទេស​ក្បែរ​ខាង​មីយ៉ាន់ម៉ា ជួយ​ទប់​ស្កាត់បញ្ហា​នេះ​ផង​ដែរ។​

បុគ្គលិក​អង្គការ​សហប្រជាជាតិ​ បានបើក​កិច្ចប្រជុំ​មួយ​ចំនួន​ និង​បណ្តុះ​បណ្តាល​ដល់​រដ្ឋាភិបាល​ផ្សេងៗ​ក្នុង​ទូទាំង​តំបន់ ដើម្បី​ទាក់ទាញ​និងបង្រៀនពួក​គេ​ពីការ​ស្វែងរក​និងរឹបអូស​ការ​ដឹកជញ្ជូន​សារធាតុ​គីមី​បំបាត់​ការ​ឈឺចាប់​ ដែល​ទំនងនឹង​ត្រូវនាំ​ទៅ​កាន់​កន្លែង​ផលិត​ថ្នាំញៀន methamphetamine ​ដែល​កំពុង​តែ​កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ជា​លើក​ដំបូង។ ​ ​

​ការ​ធ្លាក់​ចុះតម្លៃ​ថ្នាំញៀន​ methamphetamine​ នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ ក៏​ដូច​ជា​ការ​រឹបអូស​ថ្នាំញៀន​ប្រភេទ​នេះក្នុងចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មានពី​មុនក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ ​កន្លែង​ផលិត​ថ្នាំ​ញៀនត្រូវ​ការ​ផលិត​ថ្នាំ​ញៀន​ឱ្យ​បាន​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់ ហើយ​ដែល​គ្រឿង​ញៀន​ទាំង​នេះ​ ត្រូវ​បាន​គេ​នាំ​ទៅ​លក់​រហូត​ដល់​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​ជប៉ុន​ជាដើម។​

លោក​ Inshik Sim​ ​មន្ត្រី​ស្រាវជ្រាវនៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន (UNDC)​ ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ប្រាប់​វីអូអេ កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ក្នុង​ចំណោម​សារធាតុគីមី​ជា​ច្រើន​ ដែល​ត្រូវ​ប្រើ​សម្រាប់​ផលិត​ថ្នាំញៀន​methamphetamine​ នោះ​ «មិន​មាន​វិធានការ​បទ​បញ្ញត្តិ​ណា​មួយ​ពិតប្រាកដ​ឡើយ‍»។

លោក​បន្ត​ទៀត​ថា​ «វាមាន​សារៈសំខាន់ណាស់ដើម្បី​ដឹង​ថា​ តើ​អ្នកណា​ជា​អ្នក​ប្រើប្រាស់​ចុង​ក្រោយលើសារធាតុគីមី​ទាំង​នេះ ប៉ុន្តែនេះ​ជា​អ្វី​ដែល​បាត់​ដាន​ក្នុង​តំបន់​នេះ​ទេ​»។​

មាន​សារធាតុ​គីមីមួយ​ចំនួន​ទៀត​ កំពុង​ត្រូវ​បាន​តាមដានត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់​ផង​ដែរ។​ ​

អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ឆ្នាំ​១៩៨៨ប្រឆាំង​នឹង​ការ​ធ្វើ​ចរាចរណ៍​ដោយ​ខុសច្បាប់​នៃ​សារធាតុ​ញៀន​Narcotic និង​ថ្នាំ​សម្រួល​ផ្លូវ​ចិត្ត​ Psychotropic បាន​ដាក់បញ្ចូល​សារធាតុ​គីមី​ចំនួន​៣៣​ប្រភេទ​ ដែល​ជា​ទូទៅត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់ផលិតថ្នាំ​ញៀន​ methamphetamine​ ​ និង​សារធាតុ​ញៀនnarcotic ផ្សេងៗទៀត។​ នៅ​ពេល​ដែល​សារធាតុ​ទាំង​នោះ​ត្រូវ​បាន​នាំ​ឆ្លង​កាត់​ព្រំដែន​អន្តរជាតិ​ ​ ប្រទេស​ដែល​នាំ​ចេញ​ ត្រូវ​ជូន​ដំណឹង​ដល់​ប្រទេស​ ដែល​សារធាតុ​ញៀន​ទាំង​នេះ​ត្រូវដឹក​ទៅ​ ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​តាមដានការ​ដឹកជញ្ជូន​នោះ​ និង​ធានា​ថា​ សារធាតុ​ទាំង​នេះ​នឹង​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវ​ទទួល​ ដោយ​មិន​ត្រូវ​បាន​រុញ​ឬ​បង្វែរ​ទៅ​ទិស​ផ្សេង​នៅ​តាម​ផ្លូវ​ដឹកជញ្ជូន​នោះ​ឡើយ។​

ខណៈពេល​ដែលសារធាតុគីមី​កាន់តែ​ពិបាករកទិញនោះ ក្រុម​អ្នកជំនាញ​ខាង​សារធាតុ​គីមី​ ដែល​មាន​ភាព​ច្នៃប្រឌិត និង​កំពុង​ធ្វើ​ការនៅ​កន្លែង​ផលិត​គ្រឿងញៀន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​កំពុង​ស្វែងយល់​និងរៀន​បង្កើត​សារធាតុ​នេះ​ដោយ​ខ្លួន​ឯង​និង​ជា​មួយ​អ្នក​ដទៃ ដើម្បី​ផលិត​សារធាតុ​គីមីដែល​មិន​បាន​គ្រប់គ្រងនិងគ្មាន​ឈ្មោះ​ក្នុងបញ្ជី​ត្រួតពិនិត្យ។ ​លោក​ Sim បាន​ថ្លែង​ប្រាប់​វីអូអេទៀត​ថា​ ​ល្បឿន​ដែល​ក្រុមជនពាល​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ កំពុង​ផលិត​សារធាតុ​គីមី​ទាំង​នេះ​ កំពុង​មាន​សន្ទុះ​ទៅ​មុខខ្លាំង​ក្នុង​រយៈពេលពី​បីឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​ការវាយតម្លៃ​ទៅ​លើចំនួន​កើន​ឡើង​នៃ​សារធាតុគីមី​ ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ ហើយ​ត្រូវ​បាន​សង្ស័យ​ថា កំពុង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​តាមកន្លែង​ពិសោធន៍នានា ដែល​អាជ្ញាធរ​ក្នុង​តំបន់ចាប់​បាន។ ​

ហួស​ពី​ការ​គ្រប់គ្រង​

លោក ​Sim​ លើក​ឡើង​ដូច​នេះ​ទៀត​ថា៖​ «ក្រុម​ឧក្រិដ្ឋជនដែល​មាន​ការ​ចាត់តាំង បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ ដើម្បី​ជៀស​ផុត​ពីក្របខណ្ឌបទបញ្ញត្តិ​ដែល​មាន​ស្រាប់​ មិន​ថា​នៅ​កម្រិត​សាកល​ដូច​ជាអនុសញ្ញា​ស្តី​ពីគ្រឿងញៀន​របស់​អង្គការ​សហប្រជាជាតិ​ ឬនៅ​កម្រិតថ្នាក់ជាតិ​ឡើយ​ គឺពួក​គេបន្ត​ស្វះស្វែង​រក​សារធាតុ​គីមី​ តាម​មធ្យោបាយផ្សេងៗ​ដែល​គេមាន​។ ​

លោក​បន្ថែម​ដូច​នេះ​ទៀត​ថា​៖ «ការ​ស្វែងរក​ប្រភព​គីមី​ដែល​មាន​ការ​ត្រួតពិនិត្យ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទៀត​ឡើយ​ ​សម្រាប់​ក្រុមឧក្រិដ្ឋជន ដែល​មាន​ចាត់​តាំងនោះ។​ អាស្រ័យ​ដូច​នេះ​ហើយ​ គេបាន​ព្យាយាមពឹងផ្អែកកាន់​ខ្លាំង​ឡើង​ទៅ​លើ​ការ​ទទួល​បាន​សារធាតុ​គីមី​ ដែល​គ្មាន​ការ​ត្រួតពិនិត្យវិញ ពីព្រោះ​វាយ​ងាយ​ស្រួលដល់​ពួក​គេជាង​ក្នុង​ការ​ទទួល​បាន​នូវ​សារធាតុ​ទាំង​នេះ»។ ​
យោង​ទៅ​លើ​ទិន្នន័យ​ដែល​ចងក្រង​ដោយ​ការិយាល័យ​គ្រឿងញៀន​អង្គការ​សហប្រជាជាតិ​ UNODC ​បាន​ឱ្យ​ដឹង​ថា​ ការ​រឹបអូស​នូវ​សារធាតុគីមី ephedrine សារធាតុ​គីមី pseudoephedrine និង​សារធាតុ​គីមី​ដែល​គ្រប់គ្រង​ដទៃ​ទៀត​ ដែល​គេ​និយម​យក​ទៅ​ប្រើ​ដើម្បីផលិត​ថ្នាំ​ញៀន​ methamphetamine ​មាន​លក្ខណៈ​កាន់តែ​តិច​ទៅ​ៗ ​ក្នុង​រយៈពេល២បី​ឆ្នាំ​ចុងក្រោយ​នេះ​ នៅ​ទូទាំង​តំបន់។​

ទោះ​បីយ៉ាង​នេះ​ក្តី​ក៏​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ខ្លួន​ឯង​ ក្រុម​អាជ្ញាធរ​បាន​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ pseudoephedrine ចំនួន​៣លាន​គ្រាប់ ដែល​ត្រូវ​បាន​ដឹក​មកពី​ប្រទេស​ឥណ្ឌា​។​ ​បើ​ទោះបី​ជា​សារធាតុ​ថ្នាំ​ញៀន​ pseudoephedrine ក្នុង​ទម្រង់​ជា​វត្ថុធាតុដើម​ ​ជា​សារធាតុ​ដែល​ស្ថិត​ក្នុង​បញ្ជី​គ្រប់គ្រងក៏ដោយ​ ​ ក៏​បន្ទះ​ថ្នាំ​ញៀន​នេះ​ ដែលបាន​លាយ​ចម្រុះ​ជា​មួយ​នឹង​សារធាតុ​ផ្សង​ទៀត​ ​នោះ​ មិនបាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នោះ​ទេ។​

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ចុងក្រោយ​របស់​ខ្លួន ស្តី​ពី​ជំនួញ​គ្រឿងញៀនសំយោគ​ក្នុង​ទ្វីប​អាស៊ី​នោះ ការិយាល័យ​គ្រឿងញៀនអង្គការ​សហប្រជាជាតិ UNODC​ បាន​ហៅ​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់សារធាតុ​គីមី​ដែល​មានគ្មាន​ការ​ត្រួតពិនិត្យថាជា​ «ការ​ប្រឈម​ដ៏​ខ្លាំង​បំផុត​មួយ» ទៅ​លើ​កិច្ច​ប្រឹងប្រែង ដើម្បី​គ្រប់គ្រង​លំហូរ​សារធាតុ​គីមី​មេ​ទៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ ​

នៅ​ក្នុង​ពេល​ជា​មួយគ្នា​នេះ​ដែរ​ ការិយាល័យ​ UNODC​ បាន​ហៅ​ការ​ឆ្លើយតបរបស់​រដ្ឋាភិបាល​ក្នុង​តំបន់​ទៅ​លើ​បញ្ហា​នេះ​ថា«​មិន​មាន​ប្រសិទ្ធភាព» ដោយ​មាន​ចន្លោះ​ប្រហោង​ជា​ច្រើន ​នៅ​ក្នុង​បទ​បញ្ញតិ្តក៏​ដូច​ជា​ការ​អនុវត្តច្បាប់​ផង​ដែរ។​

ដើម្បី​បំពេញ​ចន្លោះប្រហោងទាំង​នេះ​ ​ការិយាល័យ​ UNODC​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ចំនួន​ ជា​មួយទីភ្នាក់ងារអនុវត្ត​ច្បាប់​ស្តី​ពី​គ្រឿងញៀន​និងឱសថ​ ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​ដើម្បី​លើក​បញ្ជាក់​ពី​បញ្ហានិង​ផ្តល់​ការ​ណែនាំ​ដល់​ពួក​គេ​ ​ក្នុង​ការ​សម្រេច​បានដំណោះស្រាយ។​

ការិយាល័យ​នេះបាន​ជួប​ប្រជុំ​ជា​មួយ​មន្ត្រី​វៀតណាម​កាល​ពី​ឆ្នាំ​ទៅ​ស្តី​ពី​គ្រឿងញៀន​មេ ដែល​គេ​បាន​រក​ឃើញ​ ​ហើយក៏​បាន​ជួប​ប្រជុំ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​នៅ​ខែ​កក្កដា​ ហើយក្នុង​ប្រទេស​ឡាវ​ កាល​ពី​ខែ​សីហា​កន្លង​ទៅ។​ លោក​ Sim និយាយ​ថា​ ​ការ​រត់​ពន្ធសារធាតុគីមី​មេ​ ក៏​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំដ៏​សំខាន់​មួយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ ស្តី​ពីការប្រយុទ្ធប្រឆាំង​នឹង​ជំនួញគ្រឿងញៀន​ក្នុង​តំបន់ នៅ​ក្នុង​ប្រទេស​ចិន​ ជាមួយ​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​ ហើយ​ក៏​នឹង​អាច​លើក​យក​ទៅ​និយាយ​ផង​ដែរ​ ​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​តំបន់​មួយ​ស្តីពី​ជំនួញ​គ្រឿងញៀន​ ក្នុង​ប្រទេស​ឥណ្ឌា​នៅខែ​ក្រោយ។​

សារធាតុ​គីមី​ភាគច្រើន​បំផុត​ ដែល​នាំមក​ពី​ប្រទេស​ចិន​និង​ឥណ្ឌា​ ត្រូវ​បានប្រើប្រាស់​សម្រាប់​ផលិត​ថ្នាំ​ញៀន​ methamphetamine ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

លោក​ Sim ​និយាយ​ថា​ ការ​ប្រឈម​មួយ​ផ្នែក​គឺ​ថា​ ​មន្ត្រី​មួយ​ចំនួន​ផ្តោតតែ​ទៅ​លើ​សារធាតុ​គីមី​ ដែល​ស្ថិត​ក្នុង​បញ្ជី​គ្រប់គ្រងតែ​ប៉ុណ្ណោះ ដោយ​គិត​ថា​ សារធាតុ​គីមី​ដែល​មិន​មាន​ចែង​ក្នុង​បញ្ជី​ហាមឃាត់​ ឬ​សារធាតុ​មេ​ ​មិនមាន​បញ្ហា​អ្វី​នោះ​ឡើយ។

លោក​បន្ត​ទៀត​ថា​ «យើង​បាន​ឃើញរឿង​នេះ​កើត​ឡើង​ជា​ច្រើន​ដងរួច​មក​ហើយ។ ដូច​នេះ​ហើយ​ យើង​ចង់ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​គេ​ ​ពី​របៀប​មើលទៅ​លើ​បញ្ហា​សារធាតុ​គីមី​នេះ​ បើ​ទោះ​បី​ជា​វា​មិន​ស្ថិត​ក្នុង​បញ្ជីគ្រប់គ្រងក៏​ដោយ​ គឺ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​រឿង​នេះ​ឱ្យ​បាន​ខ្លាំង។​ នេះ​ជា​ការងារ​របស់​យើង»។​

ការ​ធ្វើ​បញ្ជី​ឈ្មោះ​នៃ​សារធាតុ​គីមី

មួយ​ផ្នែក​ទៀតនៃ​ការងារនេះ​ គឺ​ធ្វើ​ឱ្យងាយស្រួល​ផង​ដែរ​ដល់​ប្រទេស​នានា​ ដើម្បីប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​សារធាតុសម្រាប់​ផលិត​គ្រឿងញៀន​ទាំង​នោះ​ បាន​ឆ្លង​កាត់​ប្រទេស​និមួយៗ​របស់​គេ​នោះ។​

ក្រុមប្រឹក្សា​ត្រួតពិនិត្យគ្រឿងញៀន​ Narcotics​ អន្តរជាតិរបស់​អង្គការ​សហប្រជាជាតិ បាន​ដាក់​ឱ្យ​ដំណើរការស្តី​ពី​ការ​ជូន​ដំណឹង​មុន​ការ​នាំចេញ ឬPEN តាម​ប្រព័ន្ធ​អនឡាញ ដែល​ជា​ប្រព័ន្ធ​មួយ សម្រាប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា​ ដើម្បី​រាយការណ៍​ ពី​ការនាំចេញនៃ​សារធាតុ​គីមីដែល​មាន​ការ​គ្រប់គ្រង កាល​ពី​ឆ្នាំ​២០០៦​ ​ក៏​ដូច​ជាសារធាតុ​គីមីមិន​ត្រូវ​បាន​គ្រប់គ្រងមួយ​ចំនួន​តូច​ផង​ដែរ​ កាល​ពី​ឆ្នាំ​មុន។

លោក Antonio Mazzitelli ប្រធាន​ផ្នែកត្រួតពិនិត្យ​សារធាតុគីមី​មេ​ នៃ​លេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿងញៀន​ INCB បាន​ថ្លែង​ប្រាប់​វីអូអេ​ដូច្នេះ​ថា៖​ «ការវិវត្ត​ជា​បន្ត​នៃ​ការ​ផលិត​គ្រឿងញៀន​ខុសច្បាប់ និង​ការ​កើន​ឡើង​នៃ​សាធាតុ​គ្រឿងញៀន​សំយោគ​ដ៏​សំខាន់ គឺ​ជា​ចំនុច​ស្នូលដែល​នាំ​ទៅ​ដល់​ការ​បង្កើតប្រព័ន្ធ​ PEN Online Light» ។

លោក​បន្ថែម​ថា​ ប្រព័ន្ធ​ «PEN Online Light​ នេះ​ ផ្តល់​ឱកាសដល់​ប្រទេស​នានា​ ដើម្បី​ធ្វើ​សកម្មភាព​ឱ្យ​បាន​ខ្លាំង​ជាង​មុន​ និង​ជាវិធានការការពារផង​ដែរ»។

វិធានការ​មួយ​ទៀតនោះ​គឺថា ត្រូវ​ធ្វើចំណាត់​ថ្នាក់​ឡើង​វិញនូវ​សារធាតុ​គីមី​ដែល​ទើប​រកឃើញ​ជា​លើក​ដំបូង ហើយ​ដាក់​វាទៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​គ្រប់គ្រង។​ ​គណៈ​កម្មការអង្គការ​សហប្រជាជាតិស្តី​ពី​សារធាតុ​ញៀន​ Narcotic បាន​ជួបប្រជុំ​គ្នា​ជា​ប្រចាំ​ឆ្នាំ​ ​ដើម្បី​សម្រេចថា​តើ​ ត្រូវ​បន្ថែម​សារធាតុ​គីមី​ណា​ខ្លះ​ទៀត​ ទៅ​ក្នុង​អនុសញ្ញា​គ្រឿងញៀន​ឆ្នាំ​១៩៨៨​នោះ ដោយ​ខ្លួន​បាន​បញ្ចូលសារធាតុ​គីមីចំនួន​១០​ប្រភេទ​បន្ថែម​ទៀត ទៅ​ក្នុង​សន្ធិសញ្ញា​នេះ​ ក្នុងរយៈពេល​៨​ឆ្នាំ​កន្លងទៅ។​

លោកSim និយាយ​ថា​ ក្រុម​ជើង​កាង​គ្រឿងញៀន​ បាន​ស្វែងយល់ដើម្បី​រក​វិធី​ផ្សេងៗ​ ​និង​បង្កើតសារធាតុគីមី​មេ​ លឿន​ជាង​គណៈកម្មការ​អាច​បញ្ចូល​វា​ទៅក្នុង​បញ្ជី​ត្រួតពិនិត្យ ដូច​នេះ​គណៈកម្មការ​នេះ​ ក៏​បាន​លើក​ទឹក​ចិត្ត​ដល់ប្រទេសនានា​ ឱ្យ​បញ្ចូល​សារធាតុគីមី​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ ទៅ​ក្នុង​បញ្ជី​ត្រួត​ពិនិត្យ​របស់ប្រទេស​និមួយៗ។ លោក​បាន​លើ​ជា​ឧទាហរណ៍​ដូច​ជា​ប្រទេស​ថៃ​ ដែល​ជាកន្លែង​ពេញ​និយម​មួយ​ ដែល​នាំ​សារធាតុ​គីមី​ទៅទី​តាំង​ផលិត​គ្រឿងញៀន​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ថា​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ។ ​

ប្រទេស​ថៃ​បាន​បន្ថែម​សារធាតុ​គីមី​សូដ្យូម​ស្យានីត ទៅក្នុង​បញ្ជី​គ្រប់គ្រង​ជាតិ​គីមី​របស់​ខ្លួន កាលខែ​វិច្ឆិកាកន្លង​ទៅ។

លោក​ Prin Mekanandha​ នាយក​ការិយាល័យ​អនុវត្ត​ច្បាប់​នៃក្រុមប្រឹក្សាត្រួតពិនិត្យ​សារធាតុ​ញៀន Narcotics របស់​ប្រទេស​ថៃ​ ​បាន​និយាយ​ថា​ សារធាតុ​គីមី​សូដ្យូម​ស្យានីត បាន​ក្លាយ​ជា​រឿង​ទូទៅ​និង​ស្របច្បាប់​ ដែល​ត្រូវ​បាន​ប្រើប្រាស់ដោយអ្នក​ធ្វើ​មាស​ឬ​ចម្រាញ់រ៉ែ​មាស​របស់​ប្រទេស​ថៃ។​ ​សារធាតុ​គីមីប្រភេទ​នេះ​ អាច​ត្រូវ​បាន​ប្រើដើម្បី​ផលិត​ថ្នាំ​ញៀន ​methamphetamine ប៉ុន្តែ​មិន​ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុងសន្ធិសញ្ញាគ្រឿងញៀន​របស់​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ។​

ជា​ច្រើន​ថ្ងៃ​ក្រោយ​ពី​ប្រទេស​ថៃ​ បាន​ដាក់​បញ្ចូល​សារធាតុ​គីមី​សូដ្យូម​ស្យានីត ទៅ​ក្នុង​បញ្ជី​គ្រប់គ្រង​សារធាតុ​គីមី​របស់​ខ្លួននោះ​ ប្រទេស​នេះ​បាន​រឹបអូស​សារធាតុ​ប្រភេទ​នេះ​ចំនួន​២២០តោន​ ដែល​បាន​ដឹក​មក​ពី​ប្រទេស​ចិន ដែល​ទំនង​ជា​មាន​ទិសដៅ​ឆ្ពោះ​ទៅ​រក​ទី​តាំង​ផលិត​គ្រឿងញៀនផ្សេងៗ។ លោក Prin និយាយ​ថា​ សារធាតុ​គីមីដែល​ត្រូវ​រឹបអូស​បាន​ក្នុង​ទំហំ​ដ៏​ច្រើន​នេះ​ អាចត្រូវ​បាន​យក​ទៅ​ផលិត​ធ្វើ​ជា​ថ្នាំញៀន​methamphetamine ​បាន​ប្រមាណ​៤លាន៨សែន​គ្រាប់។

លោក​បាន​យល់​ស្រប់​ថា​ ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​គ្មាន​ការ​គ្រប់គ្រង​របស់​ក្រុម​ជើងកាង​ គឺ​ជា​បញ្ហា​ដែល​កំពុង​កើន​ឡើង​ខ្លាំង​មួយ។​

លោក Prin បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ថា​ «​កាល​ពី​អតីតកាល​ គេ​ពុំ​បាន​ប្រើប្រាស់​សារធាតុ​គីមី​សូដ្យូម​ស្យានីត​ ដើម្បី​ផលិត​ថ្នាំ​ញៀន methamphetamine នោះ​ឡើយ​ ប៉ុន្តែនៅ​ពេលនេះ យើង​បានគ្រប់គ្រង​សារធាតុ​គីមីប្រភេទ​នេះ​ហើយ។​

លោក​បន្ថែម​ទៀត​ថា៖​ «​យើង​ត្រូវ​តាមដាន​ពួក​គេ​ ហើយ​រក​ភស្តុតាង​បញ្ជាក់​ថា​ ពួក​គេ​បាន​ប្រើប្រាស់​សារធាតុ​គីមីដែល​មិន​បាន​ត្រួតពិនិត្យ ហើយ​យើង​នឹង​ព្យាយាម​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ដោយ​ដាក់បន្ថែម​សារធាតុ​គីមី​ ដែល​មិន​ធ្លាប់​ត្រូវ​បានគ្រប់គ្រង​ ទៅ​ជា​សារធាតុគីមី​ ដែល​ត្រូវ​គ្រប់គ្រង​ត្រួតពិនិត្យ​វិញ។ ​យើង​ត្រូវ​បត់បែន​ទៅ​តាម​សភាព​ការណ៍»៕

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ​ ​