អ.ស.ប.​ព្រួយ​បារម្ភ​អំពី​កិច្ច​ព្រមព្រៀង​បម្រែបម្រួល​អាកាស​ធាតុ​និង​មាន​ការ​ភ័យ​ខ្លាច​ក្រោម​រដ្ឋបាល​របស់​លោក​ត្រាំ

  • Lisa Schlein

រូបឯកសារ៖ លោក Jan Eliasson ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​បញ្ហា​ស៊ូដង់​ខាង​ត្បូង នៅ​អាគារ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ម្នាក់​និយាយ​ថា​ លោក​មាន​ការព្រួយ​បាម្ភ​ថា ​រដ្ឋបាល​របស់​លោក​ ត្រាំ ​ដែល​នឹងចូល​ដំណែង​នេះ​ អាច​ធ្វើ​ឲ្យ​ខូច​ដល់​​កិច្ចព្រម​ព្រៀងទី​ក្រុង​ប៉ារីស​ស្តី​អំពី​បម្រែបម្រួល​អាកាស​ធាតុ​ និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អ.ស.ប. ក្នុង​ការ​បន្ថយ​កំណើន​នៃ​ការ​ភ័យ​ខ្លាច​ជន​បរទេស​នៅ​ទូទាំង​ពិភព​លោក។

អគ្គលេខាធិការ​រង​អ.ស.ប.​ លោក ​Jan Eliasson​ ដែល​នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ដំណាច់​ឆ្នាំ​នេះ​ ទទួល​ស្គាល់​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ដូណាល់ ត្រាំ បាន​និយាយ​បែប​អវិជ្ជមាន​ម្តងម្កាល​អំពី​អង្គការ​អ.ស.ប. ប៉ុន្តែ​លោក Eliasson និយាយ​ថា លោក​សង្ឃឹម​ថា​ គំនិត​បែប​នេះ​នឹង​គ្រាន់​តែ​ជា​ការ​បំផ្លើស​ប៉ុណ្ណោះ​ ហើយ​ថា​ការ​ផ្តល់​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​ (សម្រាប់​ជន​បរទេស)​ អាច​នៅ​តែ​រក​បាន។

«ខ្ញុំ​បាន​ជួប​លោក​ ត្រាំ​ ផ្ទាល់​ កាល​ពី​ពេល​មុន​ក្នុង​ពេល​ខ្ញុំ​បំពេញ​តួនាទី​ទាំង​នៅ​ អ.ស.ប. និង​ជា​ឯកអគ្គរដ្ឋទូត​នៅ​រដ្ឋធានី​វ៉ាស៊ីតោន​ ហើយ​កាល​នោះ​ខ្ញុំ​មិន​បាន​ឃើញ​ថា​លោក​មាន​អប្បកិរិយា​មិន​ពេញ​ចិត្ត​នឹង​អង្គការ​សហប្រជាជាតិ​ទេ»។

លោក​ Eliasson បាន​កត់​សម្គាល់​ថា​ ស.រ.អា. គឺ​ជា​សមាជិក​ផ្តល់​ជំនួយ​ឧបត្ថម​ដល់​ អ.ស.ប. ជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់​មួយ​ចំពោះ​ការងារ​របស់​អង្គការ​នេះ ហើយ​ក៏​ជា​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ផង​ដែរ។ លោក​និយាយ​ថា​ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ ស.រ.អា. គួរ​តែ​បន្ត​ភាព​សកម្ម​ក្នុង​ការងារ​របស់​ អ.ស.ប.។ ប៉ុន្តែ លោក​ប្រាប់​ VOA ថា លោក​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ទាក់​ទង​នឹង​ទំនាក់ទំនង​រវាងស.រ.អា. និង​ អ.ស.ឞ.​ នា​ពេល​អនាគត។

«ការ​ព្រួយ​បារម្ភ​មួយ​នោះ​គឺ​ ទិស​ដៅ​ដែល​យើង​ត្រូវ​ទៅ​ និង​ការងារ​លើ​បម្រែ​បម្រួល​អាកាស​ធាតុ។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ថា​ នេះ​ជា​ការ​គំរាម​កំហែង​ដែល​កើត​មាន​ពិត​ប្រាកដ។ បើ​សិន​រដ្ឋ​សមាជិក​មិន​ធ្វើ​តាម​គោល​បំណង​ និង​ការ​ប្តេជ្ញាចិត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទេ​ យើង​នឹង​មាន​បញ្ហា​ ជា​ពិសេស​បើ​សិន​ប្រទេស​សមាជិក​នោះ​ជា​ប្រទេស​ធំ​ដូច​សហរដ្ឋ​អាមេរិក​នោះ»។

លោក​ Eliasson និយាយ​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ ជន​ភៀស​ខ្លួន​ដែល​កំពុង​តែ​កើន​ឡើង​ និង​ស្ថានភាព​ចំណាក​ស្រុក​ កំពុង​បង្កើន​ការ​ស្អប់​ខ្ពស់​ទៅ​លើ​ជន​បរទេស​នៅ​ជុំវិញ​ពិភពលោក។ លោក​បាន​និយាយ​ថា​ លោក​សង្ឃឹមថា​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​តាំង​ចិត្ត​ទៅ​នឹង​យុទ្ធនាការ​របស់​អ.ស.ប ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ខ្លាច​ជន​បរទេស។

ដោយ​និយាយ​ដល់​បញ្ហា​សាកល​ផ្សេង​ទៀត​ លោក Eliasson និយាយ​ថា​លោក​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ជម្លោះ​ដែល​កាន់​តែ​អាក្រក់​ទៅៗ​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​លោក​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ណា​ថា​នឹង​មាន​ការ​ចរចា​នយោបាយ​ណា​មួយ​នា​ពេល​ឆាប់ៗ​ដើម្បី​បញ្ចប់​សង្គ្រាមនេះ​ទេ។

ចំពោះ​បញ្ហា​ប្រទេស​ស៊ូដង់​ខាង​ត្បូង​វិញ លោក Eliasson ​និយាយ​ថា​លោក​មាន​ការ​បារម្ភ​ជា​ខ្លាំង​ដោយ​សារ​តែ​រុស្ស៊ី​ និង​ចិន​ទំនង​ជា​នឹង​វេតូ​ (បដិសេធ) ចំពោះ​ដំណោះ​ស្រាយ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប. ទាក់​ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​អាវុធ​ ទៅ​លើ​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ។ លោក​និយាយ​ថា ​លំហូរសព្វាវុធ​ទៅ​កាន់​ប្រទេស​មួយ​ដែល​កំពុង​មាន​ជម្លោះ​ គឺ​ជា​គំនិត​ដ៏​អាក្រក់​មួយ៕