លោកបានគីមូនសាទរកិច្ចព្រមព្រៀងនៅប៉េរូអំពីបម្រែបម្រួលអាកាសធាតុ

អគ្គលេខាធិការអសបលោក បាន គីមូន កំពុងធ្វើសុន្ទរកថានៅអំឡុងពេល កិច្ចប្រជុំលើបំរែបំរួលអាកាសធាតុនៅក្រុង Lima នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។

លោក​ បាន គីមូន (Ban Ki-moon)​ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​មាន​ប្រសាសន៍​ថា​កិច្ចព្រម​ព្រៀង​មួយ​អំពី​ការ​ប្រែប្រួល​ធាតុអាកាស​សាកល​ដែល​ត្រូវបាន​សម្រេចកាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ប្រទេស​ប៉េរូ (Peru) ​បានរៀបចំ​ឱ្យមានកិច្ចព្រមព្រៀង ​«សាកល​ និងមានន័យ» មួយនៅ​ឆ្នាំ​ក្រោយ​ទោះបីជា​ក្រុម​ការពារ​បរិស្ថានបាន​រិះគន់កិច្ច​ព្រមព្រៀង​នៅក្រុង​លីម៉ា (Lima) នេះថាជាកិច្ចព្រមព្រៀង​ខ្សោយ​ក៏ដោយ។​

លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​សរសើរលទ្ធផល​នៃ​សន្និសីទ​នេះ​ក្នុង​ប្រទេស​ប៉េរូ នៅ​ពេល​ដែល​លោក​បាន​ស្នើដល់ប្រទេស​នានាលើសកលលោក​ឱ្យ​ធ្វើ «កិច្ចចរចា​ដែល​មាន​សារៈសំខាន់» នៅ​មុន​ការ​ប្រជុំ​មួយ​ទៀត​អំពី​ការ​ប្រែប្រួល​ធាតុអាកាស​នៅក្រុង​ប៉ារីស នៅ​ចុងឆ្នាំ២០១៥។​

លោក ​បាន ​គីមូន ​បាន​មានប្រសាសន៍ថា ប្រទេស​សេដ្ឋកិច្ចធំៗ​ក្នុង​ពិភពលោក​គួរផ្តល់​ «ការ​ប្តេជ្ញា​ជាតិ​ប្រកបដោយមហិច្ឆតា​» របស់​ខ្លួន​ឱ្យ​បាន​មុន​សន្និសីទ​ក្រុង​ប៉ារីស។​

កិច្ច​ព្រម​ព្រៀង​នៅក្រុង​លីម៉ា ​ត្រូវបាន​អនុម័តតែប៉ុន្មាន​ម៉ោង​ក្រោយពី​សេចក្តី​ព្រាងមុនៗ​បានត្រូវ​ច្រាន​ចោល​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​បាន​ចោទ​ប្រកាន់​ប្រទេស​ជាតិ​សម្បូរធនធាន​ថា​បានគេចវេះពី​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឡើងកម្តៅពិភពលោកនិង​សំណងលើផល​ប៉ះពាល់​នៃ​ការឡើង​កម្តៅ​ពិភពលោក៕