អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ក្រុម​តាលីបង់​ការពារ​អាយុជីវិត​ពលរដ្ឋ​អាហ្វហ្គានីស្ថាន

លោក Ghulam Isaczai ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ (​ក្នុង​រូប​អេក្រង់​ទូរទស្សន៍) កំពុង​ស្តាប់​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា «ពិភពលោក​កំពុង​តាមដាន» ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​«ដ៏​សំខាន់»​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​តាលីបង់ អនុវត្ត​វិធានការ​«អត់ធ្មត់​ឲ្យ​បាន​ដាច់​ខាត» ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ហើយ​ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​សប្បុរសធម៌​បាន​ទៅ​ដល់​ក្រុម​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ។

លោក Guterres បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ថា៖ «យើង​មិន​អាច និង​មិន​ត្រូវ​បោះ​បង់​ចោល​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ដាច់​ខាត»។

លោក​បាន​ថ្លែង​ដូច្នេះ ក្នុង​រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Ashraf Ghani បាន​ដួល​រលំ​ក្រោយ​ការ​ក្តោបក្តាប់​ប្រទេស​ដោយ​ក្រុម​តាលីបង់ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ភាព​វឹកវរ។

លោក Guterres បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​ជា​បន្ទាន់ គោរព​សិទ្ធិ​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់ ហើយឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ទាំងអស់​ដែល​ខ្លួន​ជា​សមាជិក»។

មនុស្ស​ប្រមាណ ១៨លាន​នាក់ ដែល​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ចំនួន​ពលរដ្ឋ​សរុប​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន គឺជា​ក្រុម​អ្នក​ដែល​ត្រូវការ​ជំនួយ​សប្បុរសធម៌ តាំង​ពី​មុន​ពេល​ស្ថានការណ៍​ក្តោបក្តាប់​អំណាច​របស់​ក្រុម​តាលីបង់​បាន​កើត​ឡើង​មក​ម៉្លេះ។ ភាព​ភ័យ​ខ្លាចកំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ថា​អាច​នឹង​មាន​វិបត្តិ​មនុស្សជាតិ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​នេះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​សន្យា​ថា៖ «វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​នឹង​ដើរ​ស្រប​ទៅ​តាម​ស្ថានភាព​សន្តិសុខ​[ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន]។ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​នឹង​បន្ដ​នៅ​មាន​វត្តមាន​នៅ​ទីនោះ និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ក្នុង​ពេលវេលា​ដែល​ពួកគេ​ត្រូវការ​ជា​ទីបំផុត»។

លោក Antonio Guterres ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមុស្ស​នៅ​អាហ្វហ្គានីស្ថាន​ផង​ដែរ ជាពិសេស​សិទ្ធិ​របស់​ស្ត្រី​និង​កុមារី ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការ​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​របប​គ្រប់គ្រង​របស់​ក្រុម​តាលីបង់​កាល​ពី​លើក​មុន។

លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា៖ «វា​ចាំ​បាច់​ណាស់ ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ស្ត្រី​និង​កុមារី​អាហ្វហ្គានីស្ថាន ដែល​ពិបាក​នឹង​ទទួល​បាន​នេះ។ ពួកគេ​កំពុង​រំពឹង​ទទួល​បាន​ការ​ជួយ​ពី​សហគមន៍​អន្តរជាតិ​ដែល​បាន​ធ្លាប់​អះអាង​ធានា​ថា​នឹង​ជួយ​ពង្រីក​ឱកាស​របស់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​រៀន​សូត្រ​ពង្រីក​សេរីភាព និង​ការពារ​សិទ្ធិ​របស់​ពួកគេ»។

លោក Antonio Guterres ក៏​បាន​ព្រមាន​ផងដែរ​ថា ប្រទេស​អាហ្វហ្គានីស្ថាន​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រទេស​ខ្លួន​កា្លយ​ជា​មូលដ្ឋាន​របស់​ក្រុម​ភេរវជន​សារ​ជា​ថ្មី​ម្តង​ទៀត​ឡើយ៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ទែន សុខស្រីនិត