អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មីយ៉ាន់ម៉ា​ធានា​ដល់ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រកប​ដោយ​សុវត្ថិភាព

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ក្រុង Nonthaburi ប្រទេស​ថៃ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់ភៀសខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ដោយសារ​ប្រតិបត្តិការ​យោធា។ ការ​អំពាវនាវ​នេះ​ធ្លាប់​ធ្វើ​ឡើង​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន​នៅ​ចំពោះ​មុខ​អ្នកស្រី អង់សាន ស៊ូជី មេដឹកនាំ​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​ប្រទេស​របស់​អ្នកស្រី​បាន​បង្ក្រាប​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នោះ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ីអាគ្នេហ៍​ក្នុង​ទីក្រុង​បាងកក ជាមួយ​នឹង​មេដឹកនាំ​មីយ៉ាន់ម៉ា អ្នកស្រី អង់សាន ស៊ូជី នៅ​ក្នុង​បន្ទប់​ប្រជុំ​ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍​ថា លោក​នៅ​តែមាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ភៀសខ្លួន​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ Rakhine ​កាល​ពី​ឆ្នាំ​២០១៧ បាន​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​៧សែន​៤ម៉ឺន​នាក់​រត់ភៀសខ្លួន ដែល​ភាគច្រើន​រត់​ទៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​សម្បូរ​ទៅ​ដោយ​មនុស្សម្នា​ច្រើន​កុះករ។ អ្នក​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រដូច​ហេតុការណ៍​នេះ​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍។

ប្រទេស​មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ថា​ជា​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ។

ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា ខ្លួន​ស្វាគមន៍​ចំពោះ​ការ​វិលត្រឡប់​របស់​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ណា​ដែល​យល់​ព្រម​ទទួល​យក​ស្ថានភាព​ទាប​ជាង​អ្នក​មាន​សញ្ជាតិ​ពេញលេញ និង​យល់​ព្រម​រស់នៅ​ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង បន្ទាប់​ពី​ភូមិឋាន​របស់​ពួកគេ​ត្រូវ​បាន​ដុត​បំផ្លាញ​ក្លាយ​ជា​ផេះផង់​ហើយ​នោះ៕