អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រដល់បណ្ដាប្រទេស ដែលបន្តទទួលយកជនភៀសខ្លួនរាប់លាននាក់ពីប្រទេសអាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្គ្រាមនោះ។
លោក Guterres កំពុងស្ថិតក្នុងទីក្រុង Islamabad ដើម្បីចូលរួមក្នុងកិច្ចប្រជុំនានាជាមួយនឹងក្រុមមេដឹកនាំប៉ាគីស្ថាន និងដើម្បីថ្លែងសុន្ទរកថានៅក្នុងសន្និសីទអន្តរជាតិមួយនៅថ្ងៃចន្ទនេះ ដើម្បីគម្រប់ខួបទី៤០នៃការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានឲ្យស្នាក់នៅក្នុងប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង់។
លោក Guterres បានសរសេរសារលើ Twitter ថា៖ «ជំនួបដំបូងរបស់ខ្ញុំនៅក្នុងប្រទេសប៉ាគីស្ថានឃើញថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ជំនាន់បានចែករំលែករឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ ក្ដីសង្ឃឹម និងក្ដីសុបិន្តរបស់ពួកគេ។
អស់រយៈពេល៤០ឆ្នាំមកហើយ ដែលប៉ាគីស្ថានបានឲ្យជនភៀសខ្លួនអាហ្វហ្គានីស្ថានស្នាក់នៅ។ ខ្ញុំជំរុញឲ្យពិភពលោកគាំទ្រដល់ប្រទេសជាម្ចាស់ផ្ទះ និងបង្ហាញការដឹកនាំស្រដៀងគ្នានេះដើម្បីគាំទ្រជនភៀសខ្លួន»។
ទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះត្រូវបានធ្វើឡើង ខណៈពេលដែលមានក្ដីសង្ឃឹមថា គំនិតផ្ដួចផ្ដើមសន្តិភាពដែលនាំមុខដោយសហរដ្ឋអាមេរិកអាចជួយបញ្ចប់សង្គ្រាមដ៏ប្រល័យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបន្តធ្វើឲ្យប្រជាជនរត់ភៀសខ្លួន និងរងទុក្ខវេទនា៕