បន្ថែមពីលើការថ្កោលទោសរបស់ក្រុមមន្ត្រីជំនាញអ.ស.ប.ផ្នែកសិទ្ធិមនុស្ស លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន (Ban Ki-moon) បានសម្តែងក្តីសោកសៅចំពោះ ការស្លាប់របស់លោកបណ្ឌិតកែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គមដ៏ ល្បីល្បាញ។ នេះជាការអះអាងរបស់លោក Stephane Dujarric អ្នកនាំពាក្យ របស់លោកអគ្គលេខាធិការអ.ស.ប.ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ប៉ុន្មានម៉ោងមុននេះនៅក្នុងក្រុងញូវយ៉ក។
លោក Stephane Dujarric បានមានប្រសាសន៍តាមខ្លឹមសារដើមកាលពីថ្ងៃពុធថា៖
«តាមពិតទៅ ខ្ញុំគិតថា លោកអគ្គលេខាធិការមានភាពសោកសៅយ៉ាងខ្លាំងនៅ ពេលទទួលបានដំណឹងពីការស្លាប់របស់លោក កែម ឡី។ យើងសង្ឃឹមថា ក្រុម អាជ្ញាធរនឹងធ្វើការស៊ើបអង្កេតពេញលេញ និងមិនលម្អៀងពាក់ព័ន្ធនឹងការបាញ់សម្លាប់នោះ»។
អត្ថាធិប្បាយរបស់អ្នកនាំពាក្យអ.ស.ប.នេះបានកើតឡើងស្របពេលដែលបុណ្យសពរបស់លោក កែម ឡី កំពុងបន្តធ្វើ ហើយនឹងក្រោយពេលដែលក្រុមគណបក្ស ជំទាស់បានស្នើសុំកាលពីម្សិលមិញឲ្យអ.ស.ប.ចូលរួមស៊ើបអង្កេតសំណុំរឿងបាញ់សម្លាប់លោកកែម ឡីនេះ ដើម្បីបញ្ចប់ការចោទប្រកាន់គ្នាទៅវិញទៅ មករវាងអ្នកនយោបាយ ហើយក៏ដើម្បីបញ្ចប់អំពើឃាតកម្មលើសកម្មជនសំខាន់ៗ និងពលរដ្ឋ ហើយនឹងអ្នកតស៊ូមតិដែលហ៊ាននិយាយការណ៍ពិតអំពីរឿងសង្គមនៅក្នុងប្រទេសកម្ពុជា។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងថា៖
«ដូច្នេះហើយបានជាថា ក្នុងករណីទាក់ទងនឹងអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃមកលើលោកបណ្ឌិតកែម ឡីនេះ គឺយើងសុំឲ្យមានការស៊ើបអង្កេតចូលរួមជាលក្ខណៈអន្តរជាតិ ជាពិសេសអ.ស.ប. ឲ្យមានការចូលរួម ដើម្បីបញ្ចប់អំពើមនុស្សឃាដដ៏សាហាវយង់ឃ្នងនៅប្រទេសកម្ពុជា ហើយក៏ដើម្បីបញ្ចប់ថា តើវាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធរឿងនយោបាយ»។
តែអ្នកនាំពាក្យអ.ស.ប.ដដែលបានអះអាងថា អ.ស.ប.មិនទាន់បានឃើញសំណើនៅឡើយទេ។
អ្នកនាំពាក្យដដែលបានបន្ថែមសេចក្តីថា លោកអគ្គលេខាធិការនៅតែមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានរបាយការណ៍ផ្សេងៗអំពីការគំរាមកំហែង ការបៀតបៀន និងការចាប់ខ្លួនពាសពេញប្រទេស ដូចជាសមាជិកអង្គការសង្គមស៊ីវិល បណ្តាញផ្សព្វផ្សាយ សមាជិកគណបក្សប្រឆាំង និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ លោកក៏បានអំពាវនាវឲ្យមានការគោរពពេញលេញចំពោះសិទ្ធិមនុស្ស ដែលរួមមានសេរីភាពនៃការបញ្ចេញមតិ យោបល់ និងការប្រមូលផ្តុំ។ ការថ្លែងដូច្នេះរបស់លោកអគ្គលេខាអ.ស.ប.ត្រូវគេ គិតថា សំដៅទៅលើការធ្វើទុក្ខបុកម្នេញ ការចោទប្រកាន់ក្រុមជំទាស់ ដែល កំពុងជាប់ឃុំឃាំងដោយសារអ្វីមួយដែលក្រុមជំទាស់អះអាងជាឯកតោភាគីថាជាការប៉ុនប៉ងដើម្បីបំបិទសំឡេងគណបក្សប្រឆាំងនៅកម្ពុជា រួមទាំងអ្នកវិភាគសង្គមដូចជាលោក កែម ឡី ជាដើម។
ជាមួយគ្នានឹងភាពលោកសៅនេះដែរ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ បានប្រកាសថ្កោលទោស ហើយបានបញ្ជាក់ពីក្តីបារម្ភចំពោះបញ្ហាសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ក្រោយពីមានអំពើឃាតកម្មលើអ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមកម្ពុជាគឺលោកកែម ឡី កាលពីថ្ងៃអាទិត្យកន្លងទៅ។
នេះបើតាមសេចក្តីថ្លែងការណ៍ពិសេសមួយដែលចេញផ្សាយ កាលពីយប់ថ្ងៃពុធកន្លងទៅពីទីក្រុងហ្សឺណែវប្រទេសស្វីស។
ក្រុមមន្ត្រីអ.ស.ប.៥រូប រួមមាន អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍នៃអ្នកការពារសិទ្ធិមនុស្សគឺលោក Michel Forst អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគឺលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសលើសេរីភាពនៃការបញ្ចេញមតិយោបល់គឺលោក David Kaye អ្នករាយការណ៍ពិសេសលើសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធីគឺលោក Maina Kiai និងអ្នករាយការណ៍ ពិសេសនៃអង្គភាពនីតិវិធីពិសេសលើក្រុមប្រឹក្សាសិទ្ធិមនុស្សគឺលោក Christof Heyns។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា៖
«យើងមានក្តីរន្ធត់យ៉ាងខ្លាំងនៅពេលទទួលដំណឹងពីការស្លាប់របស់លោកកែម ឡី។ យើងសូមអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយពេញលេញ និងមិនលម្អៀងសម្រាប់ឧក្រិដ្ឋកម្មនោះ ដើម្បីធានាថា គ្មានជនដៃដល់ណាម្នាក់ គេចផុតពីការផ្តន្ទាទោសឡើយ។ ការស៊ើបអង្កេតនេះទៀតសោតគួរតែត្រូវបានធ្វើ ឡើងដោយស្ថាប័នឯករាជ្យមួយ ដែលគ្មានការពាក់ព័ន្ធនឹងរដ្ឋាភិបាល»។
លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គមដ៏ល្បីល្បាញដែលធ្លាប់តែ និយាយវិភាគនយោបាយ និងរិះគន់រដ្ឋាភិបាលតាមបណ្តាញសារព័ត៌មាននានា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅហ្នឹងកន្លែងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ដែលបង្កឲ្យមានប្រតិកម្ម និងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ អន្តរជាតិ ជាពិសេស ស.រ.អា.ផងដែរ។ ស.រ.អា. បណ្តាប្រទេសមួយចំនួនក៏ដូចជាស្ថាប័នអន្តរជាតិមួយចំនួនបានស្នើសុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព និងឥតលម្អៀង។
ជនសង្ស័យឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ហើយដែលត្រូវប្រភពព័ត៌មានខ្លះបានប្រាប់ VOA ថា ឈ្មោះអឿត អាង មានស្រុកកំណើតនៅខេត្តសៀមរាប នោះត្រូវចាប់ខ្លួនភ្លាមៗ ហើយក៏ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃពុធពីបទ «ឃាតកម្មគិតទុកជាមុននិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
លោក កែម ឡី គឺអ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គមដ៏ល្បីល្បាញ ដែលធ្លាប់តែ និយាយតាមបណ្តាញសារព័ត៌មាននានាធ្វើការរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមគ្រួសាររបស់លោក។ ហើយចុងក្រោយនេះលោកវិភាគអំពីរបាយការណ៍របស់អង្គការ Global Witness ដែលបានចោទប្រកាន់ថា គ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការគ្រប់គ្រងសេដ្ឋកិច្ចក្រុមហ៊ុនជាង១០០ ហើយដែលជាការធានាអំណាចដ៏យូរឆ្នាំ។ ម្តងម្កាលដែរលោកកែម ឡីក៏បានរិះគន់គណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោកកឹម សុខាផងដែរ មុនពេលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាង Star Mart របស់ស្ថានីយចាក់សាំងមួយ ស្ថិតនៅក្បែរស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ៕