អង្គការសហប្រជាជាតិជំរុញឲ្យមានភាពស្ងប់ស្ងាត់ក្នុងប្រទេសលីប៊ីស្របពេលកងកម្លាំង Hafta ប្រុងប្រៀបនៅក្រៅរដ្ឋធានីទ្រីប៉ូលី

រូបភាពឯកសារ៖ កងកម្លាំងដែលស្មោះស្ម័គ្រនិងបុរសខ្លាំងលីប៊ី Khalifa Haftar យាមទីក្រុង Sebha ទីក្រុងធំបំផុតនៅភាគខាងត្បូងប្រទេសលីប៊ី។

ការប្រយុទ្ធបានផ្ទុះឡើងកាលពីថ្ងៃសុក្រនៅជុំវិញរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី ភ្លាមៗ បន្ទាប់ពីការចាកចេញរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានស្ថិតនៅក្នុងប្រទេសនោះអស់រយៈពេលជិត ៣ ថ្ងៃ ហើយបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង។

លោក Antinio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅពេលដែលលោកចាកចេញពីទីក្រុងឆ្នេរសមុទ្រ Benghazi ភាគខាងជើងកាលពីថ្ងៃសុក្រថា៖ «ខ្ញុំចាកចេញពីប្រទេសលីប៊ី ដោយមានការទុក្ខព្រួយនិងការក្តុកក្តួលយ៉ាងខ្លាំង។ ខ្ញុំនៅតែសង្ឃឹមថា គេនឹងអាចបញ្ចៀសការប្រឈមមុខដោយការបង្ហូរឈាមនៅខាងក្នុងនិងជុំវិញរដ្ឋធានីទ្រីប៉ូលី»។

កងកម្លាំងនៅក្រោមបញ្ជាការរបស់ឧត្តមសេនីយ Khalifa Hafta ដែលបានកាន់កាប់ផ្នែកខាងកើតរបស់ប្រទេសលីប៊ី បានរុលចូលរដ្ឋធានី ដែលត្រូវបានត្រួតត្រាដោយក្រុមប្រឹក្សាប្រធានាធិបតីដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្រ្តី Fayez al Serraj។ ប្រសិនបើពួកគេចូលក្នុងរដ្ឋធានីទ្រីប៉ូលី ពួកគេអាចត្រូវប្រឈមតតាំងជាមួយកងជីវពលដែលការពារទីក្រុងនោះ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយថា អង្គការសហប្រជាជាតិតាំងចិត្តស្វែងរកដំណោះស្រាយខាងនយោបាយសម្រាប់ប្រទេសលីប៊ី។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres និយាយថា៖ «ប្រជាពលរដ្ឋលីប៊ី សាកសមទទួលបានសន្តិភាព សន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្ស»។

នៅក្នុងបូរីញូវយ៉កវិញ ក្រុមប្រឹក្សាសន្តិសុខអង្គការរបស់អង្គការសហប្រជាជាតិ បានជួបគ្នាកាលពីគ្នាកាលពីរសៀលថ្ងៃសុក្រ ទៅតាមសំណើរបស់ចក្រភពអង់គ្លេស ដើម្បីស្តាប់ការថ្លែងមកពីលោក Ghassan Salame មន្រ្តីកំពូលរបស់លោក Guterres ដែលបានអមដំណើរលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres ដើម្បីចូលរួមជំនួបនៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុង Benghazi៕