អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅក្នុងប្រទេស​ស៊ីរី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​សន្តិសុខ Munich លើក​ទី៥៤ កាលពិ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres កំពុង​អំពាវនាវ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ឲ្យ​អនុម័ត​បទឈប់​បាញ់​គ្នា​បន្ទាន់​មួយ​មាន​រយៈពេល​៣០ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ស៊ីរី​ ដើម្បី​ជួយ​ពលរដ្ឋ​ចំនួន​៤សែននាក់​ ដែល​កំពុង​ជាប់​ក្នុង​ការ​ឡោមព័ន្ធ​នៅ​តំបន់ Ghouta ភាគ​ខាងកើត​ ដោយ​លោក​បាន​ហៅ​ពួកគេ​ទាំងនោះ​ថា​កំពុង​រស់​នៅ​ក្នុង​នរក​នៅ​លើ​ផែនដី​នេះ។

លោក Guterres បាន​និយាយ​ថា «ខ្ញុំ​ជឿ​ថា​ស្ថានភាព​នៅ​តំបន់ Ghouta ភាគ​ខាង​កើត​មិន​អាច​រង់ចាំ​បាន​ត​ទៅ​ទៀត​ឡើយ។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់​មួយ​នៅ​ក្នុង​តំបន់ Ghouta​ ភាគ​ខាង​កើត​ ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​បាន​ទៅ​ដល់​មនុស្ស​ដែល​កំពុង​ត្រូវ​ការ​ទាំង​នោះ»។

កាល​ពី​ឆ្នាំ​មុន​តំបន់​នេះ​ត្រូវ​បាន​កំណត់​ថា​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​ត្រូវ​បន្ថយ​ភាពតានតឹង​ទាំង​បួន​ នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​គាំទ្រ​ប្រធានាធិបតី Bashar al-Assad គឺ​ប្រទេស​រុស្ស៊ី ​និង​អ៊ីរ៉ង់​ រួម​ជាមួយ​នឹង​ប្រទេស​តួកគី​ផងដែរ។

ប៉ុន្តែ​នា​ពេលថ្មីៗ​នេះ​ការប្រយុទ្ធ​បាន​កើនឡើង​កាន់​តែ​ខ្លាំង​ នៅ​ស្រប​ពេល​ដែល​យោធាស៊ីរី​ និង​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ប្រយុទ្ធ​ដណ្តើម​យក​តំបន់​នេះ​ត្រឡប់​មក​វិញ​ ដែល​ជា​តំបន់​ចុងក្រោយ​មួយ​នៅ​ជិត​រដ្ឋធានី Damascus ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រឆាំង​នៅ​ឡើយ​នោះ។

លោក Guterres បាន​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​ធ្វើ​យ៉ាង​ណា​អនុញ្ញាត​ឲ្យ​មាន​ការ​ជម្លៀសមនុស្ស​ចំនួន​៧០០នាក់​ដែល​កំពុងតែ​រង់ចាំ​ជំនួយ​ព្យាបាល​ជំងឺ​ជា​បន្ទាន់៕