ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរី​នឹង​ឆ្លើយ​តប​នឹង​សកម្មភាព​គឃ្លើន​ថ្មី​របស់​អ៊ីស្រាអែល


រូបភាពឯកសារ៖ កងកម្លាំងតួកគី​និង​កងទាហាន​ស៊ីរី​នៅ​ភ្នំ Mount Barsaya ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី២៨ មករា ២០១៨។

បណ្តាញ​ព័ត៌មាន​រដ្ឋស៊ីរីបាន​និយាយ​នៅថ្ងៃសៅរ៍​នេះ​ថា​ ប្រទេស​ស៊ីរី​នឹង​ឆ្លើយ​តប​នឹង​សកម្មភាព​គឃ្លើន​ថ្មី​របស់​អ៊ីស្រាអែល​ ក្រោយពី​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅកណ្តាល​ប្រទេស​ស៊ីរី។ ​លោក​Jonathan Conricus អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បង្ហោះតាម​បណ្តាញ​សង្គម Twitter ​ថា​អ៊ីស្រាអែល​បាន​វាយប្រហារគោល​ដៅយោធា​ជាច្រើន​របស់ស៊ីរី​និង​អ៊ីរ៉ង់​ក្នុង​ប្រទេស​ស៊ីរី ជាការ​ឆ្លើយតបនឹង​អំពើ​គឃ្លើនរបស់​អ៊ីរ៉ង់។

បណ្តាញ​ទូរទស្សន៍រដ្ឋស៊ីរី​និយាយ​ថា សំឡេង​ផ្ទុះលាន់ដល់​ខេត្ត ​Reef Damascus ​ជិត​រដ្ឋធានី​ស៊ីរី។​អ៊ីស្រាអែល​និយាយ​ថា ​ខ្លួនបាន​បាញ់ទម្លាក់​យន្តហោះ​ drone ​អ៊ីរ៉ង់​ដែលហោះ​ចេញពីស៊ីរី ​ក្រោយពី​វាបានចូលទឹក​ដី​អ៊ីស្រាអែល​កាល​ពីល្ងាច​ថ្ងៃសុក្រ។

លោក​ ​Jonathan Conricus និយាយ​ថា ជាការឆ្លើយតប​ អ៊ីស្រាអែល​ធ្វើការ​វាយប្រហារ​គោលដៅ​នានានៅ​ប្រទេសស៊ីរី។​ លោក​និយាយ​ថា ​អ៊ីរ៉ង់​ជាអ្នក​ទទួល​ខុសត្រូវ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​បូរណភាព​ដែនដី​អ៊ីស្រាអែល។ ​ក្នុងការ​វាយប្រហារ​នៅថ្ងៃសៅរ៍​នេះ យន្តហោះ​ចម្បាំង​មួយ​របស់​អ៊ីស្រាអែល​ត្រូវ​កាំភ្លើង​បាញ់​យន្តហោះ​របស់​កងទ័ព​ស៊ីរីបាញ់ធ្លាក់។​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​និយាយ​ថា អាកាស​យានិកអ៊ីស្រាអែល​បានលោក​ឆ័តយោង​ទាន់ពេល។យ៉ាងណាក៏​ដោយ ​ក្រោយ​មក​ អ៊ីស្រាអែល​និយាយ​ថា​ អាកាស​យានិក​នោះ​រង​របួសធ្ងន់ធ្ងរ​ ហើយត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។​

លោក​ឧត្តម​សេនីយ៍​ត្រី​ Ronen Manelis អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​និយាយ​ថា​អ៊ីរ៉ង់​អូសទាញ​តំបន់​នេះ​ធ្លាក់​ក្នុង​ស្ថាន​ការណ៍​ដែល​មិន​ដឹង​ថា ​ត្រូវ​បញ្ចប់​យ៉ាងណា។​អ៊ីស្រាអែល​ត្រៀមជា​ស្រេច​សម្រាប់​ឧបទ្ទវហេតុហើយ​អ្នក​ដែល​បង្ក​ឧបទ្ទវហេតុ​នឹង​ត្រូវ​ទទួល​ខុសត្រូវ។​

ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពីការ​វាយ​ប្រហារតាមអាកាស​បាន​រោទ៍​នៅ​ Golan Heights ​និង ​Beit She'an តែ​មិនមាន​របាយការណ៍​អំពីគ្រោះ​ថ្នាក់​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែលនិយាយ​នៅ​ថ្ងៃសៅរ៍​នេះ​ថា ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​នឹងបន្ត​ប្រតិបត្តិការ​ប្រឆាំង​ការព្យាយាម​ចូល​ដែន​អាកាស​អ៊ីស្រាអែល​ ហើយ​អ៊ីស្រាអែល​តាំងចិត្ត​ទប់ស្កាត់​ការរំលោភ​អធិបតេយ្យ​ភាព​របស់​ខ្លួន៕

XS
SM
MD
LG