ទីភ្នាក់ងារព័ត៌មានអេភីរាយការណ៍ថាអ.ស.ប.និយាយថាខ្លួនមិនអាចចូលទៅផ្តល់ជំនួយដល់ពលរដ្ឋ៦០ម៉ឺននាក់ក្នុងទីក្រុងធំពីរក្នុងប្រទេសស៊ីរីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមទេ។
អនុប្រធានផ្នែកជំនួយមនុស្សធម៌របស់អ.ស.ប លោកស្រី យ៉ឹង វ៉ា កាំង (Kyung-wha Kang) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កាលពីថ្ងៃពុធថាពលរដ្ឋក្នុងរដ្ឋធានីរ៉ាក់កា (Raqqa) និងទីក្រុង ដេ អេ ហ្ស័រ (Deir ez Zor)នៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមមិនបានទទួលជំនួយស្បៀងអាហារសម្រាប់ខែធ្នូទេព្រោះអ.ស.ប.មិនមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមប្រដាប់អាវុធនៅទីនោះ។
របាយការណ៍ប្រចាំខែរបស់អ.ស.ប.ស្តីពីកិច្ចប្រឹងប្រែងនាំយកស្បៀងអាហារនិងជំនួយផ្សេងទៀតទៅជូនដល់ពលរដ្ឋរាប់លាននាក់ដែលកំពុងជាប់គាំងក្នុងសង្គ្រាមស៊ីវិលប្រទេសស៊ីរីនោះមិនអាចទៅរួចទេ។ លោកស្រីកាំងបាននិយាយថាមានមនុស្ស១២លាននាក់ដែលស្ថិតនៅក្នុងប្រទេសស៊ីរី ត្រូវការជំនួយ មនុស្សធម៌ ហើយមនុស្ស៣.៨លាននាក់បានចាកចេញទៅកាន់ប្រទេសជិតខាង។ ហើយមានមនុស្ស៧.៦លាននាក់បានភៀសខ្លួនរប៉ាត់រប៉ាយក្នុងប្រទេស។ លោកស្រីកាំងបានទទូចដល់ក្រុមប្រឹក្សាអ.ស.ប.ឲ្យរកវិធីបញ្ចប់សង្គ្រាម។
អ.ស.ប.បានចោទប្រកាន់ម្តងហើយម្តងទៀតលើរដ្ឋាភិបាលស៊ីរីថាជាអ្នកវាយប្រហារប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនរួមទាំងការវាយប្រហារគ្រាប់ផ្លោង និងតាមអាកាសលើទីក្រុងដែលមានពលរដ្ឋជាច្រើនផងដែរ៕