លោក ហ្វឺហ្គាល់ ហ្គេន័រ (Fergal Gaynor) ជាអ្នកច្បាប់ជនជាតិ អៀរឡង់ ត្រូវបានតែង តាំងជាសហព្រះរាជអាជ្ញាបម្រុងថ្មីនៅសាលាក្តីខ្មែរក្រហម ដែលកំពុងកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋកម្មអន្តរជាតិជាច្រើន រួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលពាក់ព័ន្ធនឹងការកាប់សម្លាប់ជីវិតពលរដ្ឋជាង១លាន ៧សែននាក់ក្នុងទសវត្សរ៍១៩៧០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលគេស្គាល់ឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «បន្ទាប់មានការស្នើតែងតាំងពីឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប) និងដោយមានការអនុម័តយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងលោក Fergal Gaynor ជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មី»។
លោក Fergal Gaynor បានបំពេញការងារជាមេធាវីជំនុំជម្រះក្នុងការិយាល័យរដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេស រវ៉ាន់ដា (ICTR) និងតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី (ICTY) ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១៣។ លោកក៏ធ្លាប់ធ្វើជាជំនួយការជាន់ខ្ពស់របស់សហព្រះរាជអាជ្ញានៅសាលាក្តីខ្មែរក្រហមក្នុងឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៦ ក្រៅពីធ្លាប់ធ្វើជាមេធាវីនាំមុខតំណាងឲ្យជនរងគ្រោះនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងសំណុំរឿងប្រឆាំងនឹងប្រធានាធិបតីប្រទេសកេនយ៉ា Uhuru Kenyatta ចាប់តាំងពីឆ្នាំ២០១២។
សាលាក្តីខ្មែរក្រហមកំពុងដំណើរការនីតិវិធីចុងក្រោយដើម្បីបញ្ចប់សំណុំរឿង០០២ វគ្គ២ ទាក់ទងនឹងលោក ខៀវ សំផន នៅពេលលោក នួន ជា បានស្លាប់មុនការសម្រច សាលក្រមចុងក្រោយ ហើយនឹងសំណុំរឿងបន្ថែម ០០៣ និង០០៤ ដែលមានជន សង្ស័យមួយចំនួនត្រូវបានលើកលែងការចោទប្រកាន់ដោយសារតែកម្មាភិបាលខ្មែរក្រហមទាំងនោះ មិនស្ថិតនៅក្នុងដែនយុត្តាធិការសាលាក្តីឬជាមេដឹកនាំជាន់ខ្ពស់ បំផុត និង ជនទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម៕
ទាក់ទងនឹងរឿងនេះ សូមលោកអ្នកស្តាប់បទសម្ភាសន៍ VOA ជាមួយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមតាមទូរស័ព្ទកាលពីថ្ងៃទី១៣ ខែមីនា អំពីរឿងនេះ។
Your browser doesn’t support HTML5