អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​ប្រឹងប្រែង​ជំរុញ​ភាគី​ចម្បាំង​ស៊ូដង់​​ស្វែងរក​ដំណោះស្រាយ

ប្រធាន​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​លោក Volker Turk ​

ប្រធាន​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​លោក Volker Turk ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ក្នុង​ទ្វីប​អាហ្វ្រិក ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ចម្បាំង​នៃ​ប្រទេស​ស៊ូដង់ ​បញ្ចប់​ការវាយ​ប្រយុទ្ធគ្នា ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែមុន។

ក្នុង​ការថ្លែង​ទៅកាន់​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅក្នុង​ទីក្រុងហ្សឺណែវ ​លោក Turk ​បាន​និយាយ​ថា ​ជម្លោះ​នេះ​បាន​រុញច្រាន ​«ប្រទេស​ដែល​រងគ្រោះ​ច្រើន​នេះ ​ចូល​ក្នុង​មហន្តរាយ‍»។

លោក Turk ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ថ្កោលទោសការប្រើ​អំពើ​ហិង្សា​ដោយ​បុគ្គល​ដែល​មិនខ្វាយខ្វល់​អំពី​ជីវិត​ និង​សិទ្ធិ​ជា​មូលដ្ឋាន ​របស់​ជនរួមជាតិ​របស់​ពួកគេ ​រាប់​លាន​នាក់‍»។

ការប្រយុទ្ធគ្នា​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ូដង់ ​កាន់តែ​ដុនដាប ​កាលពី​ថ្ងៃពុធ។ សាក្សី​បាន​រាយការណ៍​អំពី​ការទម្លាក់​គ្រាប់បែក​ ការបាញ់​គ្រាប់រ៉ុក្កែត ​និង​ ការបាញ់គ្នា​នៅក្នុង​សង្កាត់មួយ​ចំនួន។

កងយោធា​ស៊ូដង់ ​ដែល​ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍​ Abdel Fattah al-Burhan ​បាន​វាយប្រហារ​លើ​មុខ​សញ្ញា​មួយ​ចំនួន​នៅក្នុង​រដ្ឋធានីខាទុំ ​និង​ទីក្រុង Omdurman និងBahri។

កងយោធា​កំពុង​ព្យាយាម​បំបែក​ក្រុមទាហាន​ប៉ារ៉ា​នៃ​កងកម្លាំង​គាំទ្រ​រហ័ស​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ Hamdan Dagalo ​ដែល​បាន​ចូល​ទៅក្នុង​តំបន់​លំនៅដ្ឋាន​ ដែល​ពួកគេ​បានកាន់កាប់​តាំងពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្តើម​កាលពី​ពាក់​កណ្តាល​ខែមេសា។

បើតាម​អង្គការ​សុខភាព​ពិភពលោក ​ជម្លោះ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​៦០០​នាក់ ​ស្លាប់ ​និង​មនុស្ស​ជាង​៥០០០​នាក់​ រងរបួស។

គណៈប្រតិភូ​ពី​ខាង​កងយោធា ​និង ​ក្រុម​ទាហាន​ប៉ារ៉ា​ កំពុង​ពិភាក្សាគ្នា​នៅក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​អស់ពេល​ជិត​មួយ​សប្តាហ៍​ហើយ។ អ្នកការទូត​បស្ចិម​ប្រទេស​ម្នាក់​ដែលដឹង​អំពី​កិច្ចពិភាក្សា​នេះ ​បានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ ថា​អ្នកសម្របសម្រួល ​កំពុង​ផ្តោត​ទៅលើ​កិច្ច​ព្រមព្រៀង​មួយ ​ស្តីពី​បទឈប់បាញ់ ​និង ​ការអនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។

អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​អ្នកស្រី ​Victoria Nuland ​បានថ្លែង​ថា ​ក្រុមអ្នកចរចា​អាមេរិក​ «មាន​សុទ្ទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន‍» ​លើ​បញ្ហា​ទាំងពីរ​នេះ៕​