មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបបានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យមានការចាត់ «គ្រប់វិធានការទាំងអស់» ដើម្បីការពារជនស៊ីវិល បន្ទាប់ពីមានការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងតិច ១២ នាក់នៅពេលដែលរថក្រោះបាញ់ផ្លោងចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយកន្លែងរបស់អង្គការសហប្រជាជាតិដែលជាកន្លែងស្នាក់នៅរបស់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលភៀសខ្លួនពីផ្ទះសម្បែង។
លោក Thomas White ប្រធានផ្នែកកិច្ចការតំបន់ហ្កាហ្សា (Gaza) នៃទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលនៅទីនោះការវាយប្រហារបានកើតឡើង បានបង្ហាញឱ្យឃើញ«ការបរាជ័យដដែលៗម្ដងហើយម្ដងទៀតនៅក្នុងការគោរពតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ»។
លោក White បាននិយាយថា ការវាយប្រហារកាលពីថ្ងៃពុធនោះក៏បានធ្វើឱ្យមនុស្សយ៉ាងតិច ៧៥ នាក់រងរបួសផងដែរ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនមិនជឿថាការបាញ់ផ្លោងនេះធ្វើឡើងដោយកងកម្លាំងរបស់ខ្លួននោះទេ ប៉ុន្តែបាននិយាយថាស្ថានភាពនេះកំពុងត្រូវបានស៊ើបអង្កេត។ យោធានេះក៏បានបន្ថែមផងដែរថា តំបន់ដ៏ទូលំទូលាយនៃទីក្រុង Khan Younis គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់នេះ បានថ្កោលទោសការវាយប្រហារចុងក្រោយបង្អស់នេះដែលបានសម្លាប់ជនស៊ីវិល។
លោក Philippe Lazzarini ប្រធានទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននេះ បាននិយាយថា ទីតាំងដែលរងការវាយប្រហារនោះគឺមានសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាជាទីតាំងរបស់អង្គការសហប្រជាជាតិ ហើយប្លង់នៃទីតាំងនោះក៏ត្រូវបានជូនដំណឹងដល់អាជ្ញាធរអ៊ីស្រាអែលផងដែរ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។