អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានគេរាយការណ៍ថា បានសម្ដែងការ «សុំទោស» ចំពោះរដ្ឋាភិបាលកម្ពុជា ជុំវិញការចេញផ្សាយនូវស្ថិតិនៃអ្នកក្រីក្រនៅកម្ពុជា ដែលគណនាតាមទស្សនទានរូបមន្តថ្មី រកឃើញថា មានទំហំបីដងធំជាងតួលេខផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងផែនការដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះអះអាងថា អ្នកស្រី Pauline Tamesis តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានថ្លែង«សុំទោស»នៅចំពោះមុខលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងជំនួបទ្វេភាគីមួយកាលពីថ្ងៃសុក្រ ទី៥ ខែតុលាកន្លងទៅនេះ។
កាលពីខែកញ្ញា UNDP និងកម្មវិធីគំនិតផ្ដួចផ្ដើម Oxford លើផ្នែកភាពក្រីក្រនិងការអភិវឌ្ឍមនុស្សជាតិ បានចេញផ្សាយនូវ សន្ទស្សន៍សកលស្ដីពីភាពក្រីក្រពហុសមាសភាគ(Global Multidimensional Poverty Index) ហើយបានរកឃើញថាពលរដ្ឋកម្ពុជាប្រមាណជិត៣៥%កំពុងតែរស់នៅញាំញីដោយភាពក្រីក្រ។
សន្ទស្សន៍សកលស្ដីពីភាពក្រីក្រពហុសមាសភាគ ឬ MPI ត្រូវបានគណនា និងវិភាគចេញជាលទ្ធផល ដោយពឹងផ្អែកទៅលើការពិនិត្យពិច័យលើវិមាត្រសង្គមនានា ដូចជាការអប់រំសិក្សាធិការ សុខមាលភាពសាធារណៈ និងកត្តាជីវភាពរស់នៅ បូករួមនឹងប្រាក់ចំណូល ដែលរូបមន្តគណនាតាមបែប MPI នេះ ត្រូវបានគេលើកទឹកចិត្តឱ្យប្រើប្រាស់ ក្នុងក្របខណ្ឌ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(Sustainable Development Goals) របស់អង្គការសហប្រជាជាតិផងដែរ។
ក៏ប៉ុន្តែការគណនាមានរូបមន្តខុសពីវិធីសាស្ត្រផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានប្រើប្រាស់ ដើម្បីគណនាអត្រានៃភាពក្រីក្ររបស់ខ្លួន ដោយពិនិត្យមើលលើ ស្ថិតិចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋ។ តួលេខផ្លូវការរបស់រដ្ឋាភិបាលខ្មែរ អត្រាភាពក្រីក្រមានកម្រិត១៣.៥%។
ភាពខុសគ្នានេះបង្កឱ្យមានការឆ្លើយតបខ្លាំងៗពីសំណាក់ទីក្រុងភ្នំពេញ។
ក្នុងលិខិតមួយផ្ញើជូនលោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជានៃ UNDP កាលពីសប្តាហ៍កន្លងទៅ ដែល VOA ទទួលបាន លោករដ្ឋមន្ត្រី ឆាយ ថន បាននិយាយថា លោកបានអានការផ្សាយរបស់សារព័ត៌មានអំពីតួលេខភាពក្រីក្រតាមរូបមន្តពហុសមាសភាគ «ជាមួយនឹងការភ្ញាក់ផ្អើលជាពន់ពេក»។
លោករដ្ឋមន្ត្រីបានសរសេរនៅក្នុងលិខិតជាភាសាអង់គ្លេសមានខ្លឹមសារក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ខ្ញុំមានក្ដីរង្គៀសចិត្តជាខ្លាំងចំពោះការណ៍ដែល កង្វះការពិគ្រោះយោបល់ជាមួយនឹងរដ្ឋាភិបាលមុននឹងដាក់ចេញជាសាធារណៈ UNDP បានចេញផ្សាយនូវអត្រានៃភាពក្រីក្រថ្នាក់ជាតិនេះ...ដោយពឹងផ្អែកទៅលើទស្សនទានថ្មីស្ដីពីភាពក្រីក្រសមាសភាគ ដែលមិនទាន់ទាំងបានទទួលការអនុម័តដោយរដ្ឋាភិបាលនៅឡើយ ក្នុងការប្រើប្រាស់ជារបៀបវាស់វែងភាពក្រីក្រជាផ្លូវការ»។
តាមរយៈលិខិតដដែល លោក ឆាយ ថន បានពោលថា ទិន្នន័យថ្មីស្ដីពីភាពក្រីក្ររបស់UNDP នឹង«បង្កការភ័ន្តច្រឡំក្នុងចំណោមសាធារណជនដែលជាក់ស្ដែងនៅមានអនក្ខរកម្មផ្នែកស្ថិតិ» និងអាចមានការចោទសួរទៅលើកម្រិតជំនឿទុកចិត្តទៅលើតួលេខផ្លូវការរបស់រដ្ឋាភិបាលស្ដីពីភាពក្រីក្រ។
លោករដ្ឋមន្ត្រីបានសរសេរបន្តយ៉ាងដូច្នេះថា៖
«នៅទីបំផុតទៅ ការបញ្ចេញនូវព័ត៌មាននេះ អាចនឹងបង្កឱ្យមានលទ្ធផលនៃការខូចខាត ដល់ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា»។
បន្ទាប់ពីលិខិតត្រូវបានផ្ញើចេញ អ្នកស្រី Pauline Tamesis តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានអញ្ជើញទៅជួបលោករដ្ឋមន្ត្រី ឆាយ ថន ដល់ទីស្ដីការក្រសួង កាលពីថ្ងៃចន្ទ ដែលជាថ្ងៃទីមួយនៃបុណ្យភ្ជុំបិណ្ឌ ដោយបានបកស្រាយថា សន្ទស្សន៍ភាពក្រីក្រសមាសភាគ MPI ត្រូវបានអង្កេត និងសិក្សាស្រាវជ្រាវដោយ ការិយាល័យរបាយការណ៍អភិវឌ្ឍន៍មនុស្សជាតិ ដែលជាការិយាល័យឯករាជ្យអមអង្គការ UNDP មានមូលដ្ឋាននៅបុរីញូវយ៉ក។
នៅក្រោយជំនួបទ្វេភាគី UNDP និងក្រសួងផែនការបានចេញសេចក្ដីថ្លែងការណ៍រួមមួយទទួលនូវសេចក្ដីសន្និដ្ឋានថា សន្ទស្សន៍ភាពក្រីក្រសមាសភាគ MPI មិនគួរត្រូវបានយកមកប្រៀបធៀបជាមួយនឹងរង្វាស់រង្វាល់ដែលមានស្រាប់ និងកំពុងត្រូវបានប្រើដោយរដ្ឋាភិបាលបានឡើយ។
សេចក្ដីថ្លែងការណ៍រួមនោះ មានខ្លឹមសារដើមយ៉ាងដូច្នេះថា៖
«នៅក្នុងពេលខាងមុខ អត្រាភាពក្រីក្រនៅកម្ពុជា ដែលគណនាតាមទស្សនទានចំណាយលើការប្រើប្រាស់ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា នៅតែបន្តជាតួលេខភាពក្រីក្រផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា»។
បើទោះបីជាមិនមានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រសួងផែនការ បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត ដោយថា នៅក្នុងជំនួបកាលពីថ្ងៃចន្ទ អ្នកស្រី Pauline Tamesis «បានចេញមកសុំទោសរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីក្រសួងផែនការ»។
លោក Timothy Jenkins អ្នកនាំពាក្យការិយាល័យUNDPប្រចាំរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ នៅពេលដែលត្រូវបានVOAទាក់ទងសុំការបំភ្លឺកាលពីថ្ងៃពុធ អំពីការ«សុំទោស» ដោយថា អ្នកស្រី Pauline Tamesis មិនស្ថិតនៅក្នុងប្រទេសនោះទេ។
នេះអាចជាការប្រឈមមុខគ្នាដ៏កម្ររវាងរដ្ឋាភិបាល និងស្ថាប័ននៃអង្គការសហប្រជាជាតិ។ កន្លងមកគេធ្លាប់ឃើញរដ្ឋាភិបាលមានភាពប្រទាំងប្រទើសជាមួយ ការិយាល័យសិទ្ធិមនុស្សរបស់ UN ដែលតែងបានរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញជុំវិញសំណុំរឿងសិទ្ធិសេរីភាព និងបញ្ហាចាត់វិធានការច្បាប់លើក្រុមជំទាស់ និងអង្គការសង្គមស៊ីវិលជាដើម។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានពន្យារពេលចុះអនុស្សារណៈនៃការយោគយល់ ជាមួយនឹងការិយាល័យនៃឧត្ដមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីផ្ដល់សុពលភាពដល់ការិយាល័យប្រចាំប្រទេសកម្ពុជារបស់ស្ថាប័នសិទ្ធិមនុស្សរបស់UNមួយនេះ ជុំវិញភាពខុសគ្នាលើខ្លឹមសារដែលរដ្ឋាភិបាលទាមទារឱ្យគោរពអធិបតេយ្យភាព។
យ៉ាងណាក៏ដោយ ក្នុងជំនួបខ្លីមួយនៅបុរីញូវយ៉ក កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នាបន្តស្វាគមន៍វត្តមាននៃការិយាល័យឧត្ដមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត រវាងកម្ពុជា និងអង្គការសហប្រជាជាតិ៕