វ៉ាស៊ីនតោន —
មន្ត្រីអ.ស.ប. និងមន្ត្រីកម្ពុជាបានប្តេជ្ញារួមគ្នាថា នឹងបន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីគាំទ្រសាលាក្តីកាត់ទោសខ្មែរក្រហមឲ្យបានចប់ចុងចប់ដើម។
មន្ត្រីជាន់ខ្ពស់របស់អ.ស.ប.និងកម្ពុជាបានសច្ចាជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃអង្គារថា នឹងបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាថវិកានិងបញ្ហា នីតិវិធីផ្សេងៗរបស់តុលាការដើម្បីឈានទៅរកការបញ្ចប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលពាក់ព័ន្ធនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជិត ពីរលាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ការសម្រេចយ៉ាងដូច្នេះធ្វើឡើងនៅពេលគណៈប្រតិភូជាន់ខ្ពស់របស់អ.ស.ប.ដឹកនាំដោយលោកមីហ្គែល ឌឺសឺប៉ា ស័ររ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងអ.ស.ប.ទទួលបន្ទុកផ្នែកច្បាប់ ដែលបំពេញទស្សនកិច្ចបីថ្ងៃរបស់លោកចាប់ពីថ្ងៃទី២៧មករានោះ បានជួបជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកការចរចារឿងសាលាក្តី ខ្មែរក្រហមកាលពីថ្ងៃច័ន្ទ។
សេចក្តីថ្លែងការណ៍រួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូអ.ស.ប.បានបញ្ជាក់ឲ្យដឹងថា ភាគីទាំងពីរតាំងចិត្តជម្នះនូវបញ្ហាប្រឈមមុខផ្នែកថវិកា ដែលសាលាក្តីខ្មែរក្រហមកំពុងជួបប្រទះ ដើម្បីជៀសវាងការពន្យារពេលណាមួយក្នុងនីតិវិធីតុលាការ និងធានាបាននូវសុខុមាលភាពរបស់បុគ្គលិកទាំងភាគីជាតិនិងអន្តរជាតិ។
លោកឯក ថា អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ភាគីទាំងពីរនឹងរកវិធីបំពេញបេសកកម្មតុលាការដើម្បីរកយុត្តិធម៌ បំបាត់វប្បធម៌គ្មានទោសពៃរ៍នៃឧក្រិដ្ឋកម្មនានាក្នុងសម័យខ្មែរក្រហមនេះ។
«ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យសុខ អាន និងគណៈប្រតិភូរបស់អ.ស.ប.ដែលបានជួបគ្នាកាលពីម្សិលហ្នឹងគឺក៏បានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រតុលាការនេះនិងសម្រេចឲ្យបាននូវយុត្តិធម៌ប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិ។ នេះជាអ្វីដែលយើងបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម»។
ប្រទេសកម្ពុជាបានសន្យាផ្តល់ថវិកា១លាន១សែនដុល្លារស.រ.អា.ទៀតសម្រាប់ បើកប្រាក់ខែបុគ្គលិកសម្រាប់ត្រីមាសទី១ឆ្នាំ២០១៤នេះ ហើយគាំទ្រដល់ គម្រោងសំណើរបស់គណៈកម្មការទី៥នៃមហាសន្និបាតអ.ស.ប.ដើម្បីផ្តល់ថវិកា ឧបត្ថមជាទៀងទាត់ដល់សាលាក្តីខ្មែរក្រហម ហើយដែលសំណើនេះត្រូវគេរំពឹងថា នឹងអនុម័តនៅខែមិនាខាងមុខ។
សាលាក្តីខ្មែរក្រហមត្រូវគេចោទប្រកាន់ថា មានប្រឡាក់ប្រឡូសនឹងអំពើពុក រលួយ ការជ្រៀតជ្រែកផ្នែកនយោបាយ និងមានដំណើរការយឺតយ៉ាវ ហើយកំពុងប្រឈមមុខនឹងបញ្ហាថវិកាសម្រាប់ឆ្នាំ២០១៤ ដោយពុំទាន់មានប្រទេសផ្តល់ជំនួយណាសន្យាថា នឹងផ្តល់ការគាំទ្រនៅឡើយទេ។
នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ដើម្បីត្រួតពិនិត្យរបាយការណ៍សិទ្ធិមនុស្សជាសកល និងជាទៀងទាត់ហៅថា UPR ក្នុងទីក្រុងហ្សឺណែវរាល់ បួនឆ្នាំម្តងនោះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានការពារនិងបដិសេធទៅនឹង សំណួររបស់រដ្ឋខ្លះ ដែលបានផ្តល់អនុសាសន៍ឲ្យកម្ពុជាឈប់ជ្រៀតជ្រែកកិច្ចការតុលាការខ្មែរក្រហម អំពើពុករលួយ និងបន្តការឧបត្ថម្ភគាំទ្រថវិកាដល់សាលាក្តី នេះ។ លោកម៉ក់ សម្បត្តិ ជាប្រធានគណៈប្រតិភូកម្ពុជា និងជាអនុប្រធានគណៈ កម្មការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ក្នុងកិច្ចប្រជុំ ដែលមានតំណាងប្រទេស ១៩៣នោះថា៖
«រាជរដ្ឋាភិបាលកម្ពុជាមិនដែលលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងតុលាការខ្មែរក្រហមទេ។ ហើយការលើកឡើងអំពីអំពើពុករលួយក្នុងសាលាក្តីខ្មែរក្រហមនេះ ក៏មានតំណាងពីស្ថាប័នអគ្គសវនកម្មមកត្រួតពិនិត្យផ្ទាល់ដែរ»។
លោកក៏បានឆ្លើយតបទៅនឹងសំណួរនិងអនុសាសន៍ជាច្រើនពីបណ្តាប្រទេស កាន់លទ្ធិប្រជាធិតេយ្យ ដែលលើកឡើងនូវការព្រួយបារម្ភរឿងអំពើរំលោភសិទ្ធិ មនុស្ស រំលោភដីធ្លី បង្ក្រាបបាតុករជាកម្មកររោងចក្រ ការមិនកែទម្រង់ប្រព័ន្ធ តុលាការក្នុងប្រទេសកម្ពុជាជាដើម។ លោកក៏បានអះអាងពីការតាំងចិត្តរបស់ប្រទេសកម្ពុជាក្នុងការកាត់ទោសខ្មែរក្រហមដែលកម្ពុជានិងអ.ស.ប.បានបន្តធ្វើជាមួយគ្នា ជាពិសេសលោកបានលើកយកជំនួបរវាងលោកអគ្គលេខាធិការរង អ.ស.ប. មីហ្គែល ឌឺសឺប៉ា ស័ររ៉េស និងលោកឧបនាយករដ្ឋមន្ត្រីសុខ អាន កាលពីថ្ងៃច័ន្ទផងដែរ ដែលលោកចាត់ទុកថា ជាជំនួបមានផ្លែផ្កា។
ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៅមានមន្ទិលសង្ស័យនៅឡើយ ថាតើ កម្ពុជានិងអ.ស.ប.នឹងរកវិធីយ៉ាងណាដើម្បីរកថវិកា និងធ្វើឲ្យមានទំនុកចិត្តឡើង វិញពីម្ចាស់ជំនួយ ហើយនឹងបញ្ចប់តុលាការនេះយ៉ាងដូចម្តេច បញ្ចប់ពេលណា និងបញ្ចប់ត្រឹមសំណុំរឿងណា។ តុលាការនេះនៅសល់សំណុំរឿង០០២ វគ្គ២ និងសំណុំរឿង០០៣ និង០០៤ដ៏ចម្រូងចម្រាស់ទៀតដែលមិនទាន់ចាប់ផ្តើមនៅឡើយ៕