ប្រធានខាងជំនួយរបស់អ.ស.ប.បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រតិបត្តិការជួយសង្គ្រោះខាងមនុស្សធម៌មានច្រើនលើសលប់សម្រាប់មនុស្សជិតមួយលាននាក់ដែលបានរត់គេចខ្លួនកាលពីពេលថ្មីៗនេះពីអំពើហិង្សានៅក្នុងផ្នែកពាយ័ព្យនៃប្រទេសស៊ីរី។
លោក Mark Lowcock អគ្គលេខាធិការរងអ.ស.ប.បានធ្វើការស្ទង់ប្រមាណនេះនៅក្រោយលោកនិងមន្ត្រីអ.ស.ប.ឯទៀតៗព្រមទាំងពួកមន្ត្រីអាមេរិកផងបានទៅទស្សនាខេត្តព្រំដែន Hatay នៃប្រទេសតួកគីដើម្បីត្រួតពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
លោក Lowcock បាននិយាយនៅឯកន្លែងដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់មួយរបស់អ.ស.ប.នៅក្នុងស្រុក Rehyahli នៃប្រទេសតួកគីថា «...មានសេចក្តីត្រូវការគ្រប់បែបយ៉ាង»។
សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសបានប្រកាសអំពីការផ្តល់ជំនួយបន្ថែមដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌ធំបំផុតមួយក្នុងបណ្តាវិបត្តិមនុស្សធ៌មនៅក្នុងសង្គ្រាមស៊ីវិល៩ឆ្នាំមកហើយក្នុងប្រទេសស៊ីរី។
លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប.ដែលបានពិនិត្យមើលជាថ្មីអំពីកិច្ចខិតខំប្រឹងប្រែងខាងការជួយសង្គ្រោះបានប្រកាសអំពីការផ្តល់ជំនួយបន្ថែមចំនួន ១០៨លានដុល្លារសម្រាប់ការផ្តល់ម្ហូបអាហារ ទីជម្រក ការថែរក្សាសុខភាពព្រមទាំងឥវ៉ាន់ និងសេវាឯទៀតៗផងដែរ។
លោកស្រី Craft បាននិយាយប្រាប់ពួកអ្នកកាសែតថា «ជំនួយមនុស្សធម៌ជាការឆ្លើយតបតែមួយគត់ក៏ប៉ុន្តែដំណោះស្រាយគឺការឈប់បាញ់គ្នាជាបន្ទាន់មួយ។ យើងសុំដល់ប្រទេសឯទៀតៗឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងនិងធ្វើវិភាគទាន»។
ប្រទេសអង់គ្លេសបាននិយាយថា ខ្លួនផ្តល់ជំនួយបន្ថែមចំនួន ១១៤លានដុល្លារដល់ប្រទេសស៊ីរី ដោយផ្នែកខ្លះសម្រាប់តំបន់ Idlib ដែលនៅទីនោះមានការប្រយុទ្ធគ្នាខ្លាំងកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។
មនុស្សប្រមាណ៩សែន ៨ម៉ឺននាក់ដែលជាងពាក់កណ្តាលជាកុមារបានរត់គេចខ្លួនចេញពីអំពើហិង្សាកាលពីពេលថ្មីៗនេះនៅ Idlib ដែលជាសំបុកចុងក្រោយរបស់ពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរី៕