ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកគិតថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនមែននិយាយកម្លាលេងរឿងអាវុធនុយក្លេអ៊ែរនោះទេ នៅពេលដែលលោក Putin និយាយថា រដ្ឋាភិបាលរុស្ស៊ីត្រៀមលក្ខណៈរួចរាល់ដើម្បីប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារប្រទេសរុស្ស៊ីនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Putin បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលរុស្ស៊ីនឹង «ប្រើគ្រប់មធ្យោបាយ» ទាំងអស់ដើម្បីការពារប្រទេសរុស្ស៊ីនិងប្រជាពលរដ្ឋរបស់ខ្លួន ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនរងការគំរាមកំហែង។
លោក Zelenskyy ដែលកាលពីពេលមុនហាក់មិនបានចាត់ទុកការព្រមានបែបនេះថាជាការគំរាមកំហែងនុយក្លេអ៊ែរនោះ បានបញ្ជាក់ប្រាប់ទូរទស្សន៍ CBS News កាលពីថ្ងៃអាទិត្យថា៖ «កាលពីមុនវាប្រហែលគ្រាន់តែជាការកម្លាលេង។ ប៉ុន្តែឥឡូវនេះ វាអាចក្លាយជាការពិត»។
លោក Zelenskyy បានបន្ថែមថា៖ «ខ្ញុំមិនគិតថា លោក Putin កំពុងកម្លាលេងនោះទេ»។
លោក Zelenskyy បានថ្លែងបន្តទៀតថា ការវាយប្រហាររបស់រុស្ស៊ីទៅលើឬនៅជិតរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ២ កន្លែងកន្លងមកអាចត្រូវបានចាត់ទុកថាជា «ការគំរាមកំហែងនុយក្លេអ៊ែរ»។
រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីអំពីការបាញ់ផ្លោងម្តងហើយម្តងទៀតដាក់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhiaដែលត្រួតត្រាដោយរុស្ស៊ីក្នុងអំឡុងពេលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងបានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីថាបានវាយប្រហារដោយមីស៊ីលកាលពីពេលថ្មីៗនេះនៅជិតរោងចក្រនុយក្លេអ៊ែរ Pivdennoukrainska។
រដ្ឋាភិបាលរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានបាញ់ផ្លោងដាក់រោងចក្រ Zaporizhzhia នោះទេ ដោយបានចោទរដ្ឋាភិបាលអ៊ុយក្រែនវិញថាជាអ្នកធ្វើ ហើយរដ្ឋាភិបាលរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយណាមួយអំពីការវាយប្រហារនៅឯរោងចក្រនុយក្លេអ៊ែរ Pivdennoukrainska នោះឡើយ៕