កងទ័ពរុស្ស៊ីបានបន្តប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែននិងពលរដ្ឋអ៊ុយក្រែនដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធ ដើម្បីគ្រប់គ្រងរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀតក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃទី ៤ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅថ្ងៃអាទិត្យនេះ កងទ័ពរុស្ស៊ីបានចូលដល់ទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន ដែលនៅទីនោះពួកគេប្រឈមនឹងការតស៊ូទប់ទល់ដ៏ខ្លាំងក្លារបស់អ៊ុយក្រែន។
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនអ្នកស្រី Iryna Venediktova បាននិយាយថា កងកម្លាំងរុស្ស៊ីមិនអាចដណ្ដើមគ្រប់គ្រងទីក្រុង Kharkiv ដែលស្ថិតនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីបានទេ។ អ្នកស្រីបានបញ្ជាក់ថា ការប្រយុទ្ធដ៏ខ្លាំងក្លាកំពុងបន្ត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
កាលពីព្រឹកថ្ងៃអាទិត្យ ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា មានករណីផ្ទុះមួយកើតឡើងនៅក្នុងទីក្រុង Kharkiv និងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះបំពង់ឧស្ម័នមួយ។
ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា ការផ្ទុះនេះអាចបណ្ដាលឱ្យមាន «មហន្តរាយដល់បរិស្ថាន» និងបានជំរុញពលរដ្ឋឱ្យប្រើក្រណាត់សើមគ្របពីលើបង្អួច និងបរិភោគទឹកឱ្យបានច្រើន។
គេក៏ឃើញមានការរាយការណ៍ផងដែរអំពីការផ្លោងគ្រាប់ចូលទៅក្នុងទីក្រុង Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលជាទីក្រុងគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីតាំងពីឆ្នាំ ២០១៤ មក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកនឹងចរចារកសន្តិភាពជាមួយនឹងប្រទេសរុស្ស៊ី ប៉ុន្តែមិនបានលើកឡើងថាតើលោកមានគម្រោងជួបពិភាក្សាជាមួយនឹងគណៈប្រតិភូរុស្ស៊ីនៅក្នុងប្រទេសបេឡារុសឬក៏អត់នោះទេ ដែលនៅទីនោះ រុស្ស៊ីបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅរង់ចាំការពិភាក្សារួចទៅហើយ។
លោក Zelenskyy បានបញ្ជាក់ថា លោកមិនអាចចរចានៅក្នុងប្រទេសបេឡារុសបានទេ ដោយសារតែរុស្ស៊ីបានប្រើប្រទេសនេះជាទឹកដីដើម្បីវាយប្រហារលើអ៊ុយក្រែន។
សម្ព័ន្ធមិត្តបស្ចិមប្រទេសកំពុងឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក Zelenskyy ដែលស្នើសុំការជួយជ្រោមជ្រែង។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនអាវុធបាញ់រថក្រោះចំនួន ១.០០០ ដើម និងមីស៊ីលបាញ់ពីលើស្មាទៅលើអាកាសចំនួន ៥០០ ដើម ឱ្យប្រទេសអ៊ុយក្រែន «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ចំណែកឯខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំងវិញបានបញ្ជាក់ថា ប្រទេសបារាំងនឹងបញ្ជូនគ្រឿងសព្វាវុធការពារនឹងប្រេងឥន្ធនៈឱ្យប្រទេសអ៊ុយក្រែន។
លោក Zelenskyy បានសរសេរនៅលើ Twitter ថា៖ «ក្រុមសម្ព័ន្ធភាពប្រឆាំងនឹងសង្គ្រាមកំពុងដំណើរការ»។
ស្របពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានផ្សព្វផ្សាយសេចក្ដីជូនដំណឹងមួយនៅលើ Twitter ដោយអញ្ជើញបរទេសឱ្យចូលរួមជាមួយអ៊ុយក្រែននៅក្នុងការប្រយុទ្ធនឹងរុស្ស៊ី។
រថយន្តជាច្រើនគ្រឿងបានជាប់គាំងបន្តកន្ទុយគ្នានៅព្រំដែនប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដោយសារជនភៀសខ្លួនបានបន្តភៀសខ្លួនចេញពីប្រទេស។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មនុស្សជាង ២០០.០០០ នាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនរួចហើយ ដែលក្នុងនោះពាក់កណ្ដាលទៅកាន់ប្រទេសប៉ូឡូញ ហើយមនុស្សរហូតដល់ ៤ លាននាក់ទៀតអាចភៀសខ្លួន ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ឡើង៕
លោក Jeff Seldin អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ផ្នែកសន្តិសុខជាតិ អ្នកស្រី Heather Murdock អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ផ្នែកជនភៀសខ្លួននៅក្នុងរដ្ឋធានីកៀវ លោក Jamie Dettmer នៅក្នុងទីក្រុង Lviv អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិអាមេរិក អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ផ្នែកការទូត និងអ្នកស្រី Wayne Lee នៃ VOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន Associated Press។