រ៉ុក្កែត​អ៊ុយក្រែន​វាយ​ប្រហារ​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​នៅភាគ​ខាង​ត្បូង​អ៊ុយក្រែន

ក្រុមការងារ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​​ម្នាក់ ដែល​ជាប់​នៅ​ក្នុង​អគារ​ស្នាក់នៅ​មួយ ដែល​អគារ​នោះ​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី នៅ​ក្រុង Chasiv Yar ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។

មន្ត្រី​អ៊ុយក្រែន ​និង​មន្ត្រី​រុស្ស៊ី​បាន​ផ្តល់​ព័ត៌មាន​ខុស​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​នៅក្នុង​តំបន់​ Kherson ​ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ ​

យោង​តាម​ភាគី​អ៊ុយក្រែន ​ គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​បាន​វាយ​ប្រហារ​ឃ្លាំង​រំសេវ​របស់​រុស្ស៊ី​នៅ ​Nova Kakhovka ​ដោយ​បាន​សម្លាប់​ទាហាន​រុស្ស៊ី​ចំនួន ​៥២​នាក់។​ រុស្ស៊ី​បាន​និយាយ​ថា ផ្ទុយទៅ​វិញ​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល។​

នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​បន្ត​បង្កើត​ «កំណើន​ការ​កាន់​កាប់​ទឹកដី»​នៅ​ក្នុង​ខេត្ត ​Donetsk ​ដែល​ជា​តំបន់​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​ ជា​កន្លែង​ដែល​រុស្ស៊ី​បាន​ផ្តោត​ការ​ខិតខំ​ប្រឹងប្រែង​វាយ​ប្រហារ​របស់​ខ្លួន។ ​សេចក្តី​ថ្លែង​ការណ៍​របស់​អង់គ្លេស​បាន​និយាយ​ថា​ រុស្ស៊ី​ទំនង​ជា​កំពុង​រក្សា​សម្ពាធ​លើ​កងកម្លាំង​អ៊ុយក្រែន ​ ខណៈ​ពេល​ដែល​«រុស្ស៊ី​រៀបចំ​ក្រុម​ និង​កម្លាំង​ឡើង​វិញ»​សម្រាប់​ការ​វាយ​លុក​បន្ថែម​ទៀត​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ។​

មន្ត្រី​នានា​នៅ​ទីក្រុង​ Chasiv Yar​ខេត្ត​ Donetsk​ បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​លើ​អគារ​ផ្ទះល្វែង​មួយ​បាន​កើន​ឡើង​ដល់​៣៤​នាក់ ​ដោយ​មនុស្ស​៩​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព​ពី​គំនរ​បាក់បែក។​ អគារ​ផ្ទះល្វែង​កម្ពស់​ប្រាំ​ជាន់​នេះ​ត្រូវ​បាន​កម្ទេច​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃ​សៅរ៍។​

ទីក្រុង​ Chasiv Yar ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង ​Kramatorsk ​ដែល​ជា​ទីក្រុង​ដែល​គេ​រំពឹង​ថា​ ជា​គោល​ដៅ​វាយ​ប្រហារ​សំខាន់​របស់​កង​កម្លាំង​រុស្ស៊ី​ នៅ​ពេល​ពួកគេ​រុញ​ច្រាន​កាន់​តែឆ្ងាយ​ចូល​ទៅ​ភាគខាង​លិច​ក្នុង​ខេត្ត ​Donetsk ​បន្ទាប់ពី​ទទួល​បាន​ជ័យ​ជម្នះ​កាលពី​មួយ​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត​ Luhansk ​ដែល​នៅ​ជាប់​គ្នា​នោះ៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters)