កងកម្លាំងអ៊ុយក្រែន នៅកំពុងក្រាញននៀលទប់ទល់នឹងការប្រយុទ្ធចុងក្រោយនៅក្នុងទីក្រុង Mariupol នៅថ្ងៃសុក្រនេះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងពីជ័យជម្នះក្នុងសមរភូមិសង្គ្រាមដ៏ធំដោយបានប្រកាសថា ទីក្រុងកំពង់ផែមួយនេះត្រូវបាន«រំដោះ»ហើយ បន្ទាប់ពីការបាញ់ផ្លោងគ្មានស្រាកស្រាន្តអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើទោះបីជាយ៉ាងនេះក្តី ក៏សហរដ្ឋអាមេរិក បានបដិសេធនូវការអះអាងពីជ័យជម្នះរបស់លោក Putin ហើយបាននិយាយថា កងទ័ពអ៊ុយក្រែននៅកំពុងតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងនេះនៅឡើយ។
លោក Putin បានបញ្ជាកងទ័ពរុស្ស៊ីឲ្យបិទខ្ទប់ទីតាំងរោងចក្រដែកថែបដ៏ធំមួយកន្លែងដែលកម្លាំងអ៊ុយក្រែនកំពុងក្រាញននៀលនៅទីនោះ ដោយមិនព្រមទម្លាក់អាវុធចុះចូលតាមឱសានវាទរបស់រុស្ស៊ីឬសុខចិត្តស្លាប់នៅទីនោះ។
អ៊ុយក្រែននិយាយថា លោក Putin ចង់បញ្ជៀសការប៉ះទង្គិចគ្នាដ៏ខ្លាំងនៅទឹកចុងក្រោយជាមួយនឹងកងកម្លាំងរបស់អ៊ុយក្រែន នៅក្នុងទីក្រុង Mariupol ដោយរុស្ស៊ីខ្វះកម្លាំងទ័ពដើម្បីយកឈ្នះទៅលើពួកគេ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានអំពាវនាវឲ្យមានការជួយអន្តរាគមន៍ដើម្បីជម្លៀសជនស៊ីវិលនិងកងទ័ពដែលមានរបួសចេញពីទីនោះ។
នៅក្នុងកិច្ចប្រជុំដែលមានការផ្សាយតាមកញ្ចក់ទូរទស្សន៍នៅក្នុងវិមានក្រឹមឡាំងលោក Putin បានអបអរសាទរដល់រដ្ឋមន្ត្រីការពារជាតិនិងកងទ័ពរុស្ស៊ីដែលបានប្រឹងប្រែងប្រយុទ្ធដើម្បីរំដោះទីក្រុង Mariupol ហើយបាននិយាយថា វាមិនចាំបាច់ក្នុងការវាយប្រហារទៅលើតំបន់ឧស្សាហកម្មដែលមានរោងចក្រដែកថែប Azovstal នោះឡើយ។
លោក Putin និយាយដូច្នេះថា៖ «យើងមិនចាំបាច់ខំប្រឹងឡើងទៅកាន់កន្លែងកប់ខ្មោចទាំងនេះ ឬត្រូវលូនតាមក្រោមដីទៅកាន់អគារឧស្សាហកម្មទាំងនោះឡើយ។ យើងត្រូវបិទខ្ទប់តំបន់ឧស្សាហកម្មនេះទាំងមូល ដែលសូម្បីតែសត្វរុយមួយក្បាល ក៏មិនអាចហើរចេញបានដែរ»។
Mariupol ជាទីក្រុងកំពង់ផែដ៏សំខាន់នៅភាគខាងកើតតំបន់ Donbas របស់អ៊ុយក្រែនដែលស្ថិតនៅរវាងតំបន់ដែលកាន់កាប់ដោយពួកបំបែកខ្លួនរុស្ស៊ីនិងតំបន់ Crimea ដែលរុស្ស៊ីដណ្តើមកាន់កាប់កាលពីឆ្នាំ២០១៤។ ការកាន់កាប់ទីក្រុង Mariupol នឹងអនុញ្ញាតឲ្យរុស្ស៊ីភ្ជាប់តំបន់ទាំងពីរនេះជាមួយគ្នា។
នៅក្នុងសុន្ទករថាមួយកាលពីយប់ជ្រៅ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា រុស្ស៊ីកំពុងតែធ្វើគ្រប់យ៉ាងដែលខ្លួនអាចធ្វើ ដើម្បីនិយាយយ៉ាងហោចណាស់អំពីជ័យជម្នះខ្លះៗដែលរួមមានការប្រមូលផ្តុំកម្លាំងថ្មីៗតាមកងវរសេនាតូចរបស់ខ្លួនជាដើម។
លោក Zelenskiy និយាយទៀតថា៖ «ពួកគេគ្រាន់តែអាចពន្យារនូវអ្វីដែលកើតឡើងជៀសមិនរួចប៉ុណ្ណោះគឺពេលវេលាដែលពួកឈ្លានពានរស្ស៊ីត្រូវចាកចេញពីទឹកដីរបស់យើងដែលក្នុងនោះក៏រួមមានទីក្រុង Mariupol ផងដែរដែលជាទីក្រុងមួយនៅតែបន្តប្រឆាំងទប់ទល់នឹងកងទ័ពរុស្ស៊ីដោយមិនខ្វល់ថារុស្ស៊ីនិយាយពីអ្វីនោះឡើយ»។
បរិវេណរោងចក្រដែកថែបនេះជាទីតាំងស្លដែកដ៏ធំបំផុតមួយនៅក្នុងតំបន់អឺរ៉ុប ដោយមានទំហំប្រមាណ១១គីឡូម៉ែត្រក្រឡា មានអគារធំៗ មានលេណដ្ឋាននិងផ្លូវក្រោមដីជាច្រើនកន្លែងផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យោធាចក្រភពអង់គ្លេសបាននិយាយថា ការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ីទៅលើរោងចក្រនោះ នឹងទំនងជាអាចធ្វើឲ្យរុស្ស៊ីទទួលរងការខូចខាតខ្លាំង ហើយការសម្រេចចិត្តរបស់លោក Putin ដើម្បីបិទខ្ទប់ទីតាំងរោងចក្រនេះនឹងអាចជួយឲ្យរុស្ស៊ីដកកម្លាំងទ័ពខ្លះយកទៅប្រើនៅកន្លែងផ្សេងវិញនៅភាគខាងកើត។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk និយាយថា ជនស៊ីវិលប្រមាណ១ពាន់នាក់និងកងទ័ពអ៊ុយក្រែនដែលមានរបួសប្រមាណ៥០០នាក់ចាំបាច់ចាកចេញពីរោងចក្រដែកថែបនេះដោយលោកស្រីបានស្តីបន្ទោសលើភាគីរុស្ស៊ីថា មិនបានបង្កើតច្រករបៀងសុវត្ថិភាពមួយដែលលោកស្រីថា រុស្ស៊ីធ្លាប់បានយល់ព្រមកាលពីមុនមកនោះ។
រុស្ស៊ីថា ខ្លួនបាននាំជនស៊ីវិលអ៊ុយក្រែនប្រមាណ១៤០.០០០នាក់ចេញពីទីក្រុង Mariupol នៅក្នុងការជម្លៀសមនុស្សធម៌ ប៉ុន្តែអ៊ុយក្រែននិយាយថា មនុស្សមួយចំនួនត្រូវបានបញ្ជូនចេញដោយបង្ខំដែលមានន័យថានេះជាឧក្រិដ្ឋកម្មសង្គ្រាមមួយ៕
កងទ័ពអ៊ុយក្រែនកំពុងទប់ទល់ជាមួយកងទ័ពរុស្ស៊ី ខណៈលោក Putin បានអះអាងពីជ័យជម្នះនៅក្នុងទីក្រុង Mariupol
ក្រុងកៀវ ប្រទេសអ៊ុយក្រែន —