ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានទៅបំពេញទស្សនកិច្ចតំបន់ Sumy ភាគឥសាន្តប្រទេសរបស់លោកកាលពីថ្ងៃព្រហស្បតិ៍។ វាជាដំណើរទស្សនកិច្ចលើកទី១របស់លោកទៅកាន់ទីកន្លែងមួយនៅជិតព្រំដែនជាមួយរុស្ស៊ីចាប់តាំងពីកងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវបានធ្វើការលុកលុយយ៉ាងសម្ងាត់ចូលក្នុងតំបន់ Kursk របស់រុស្ស៊ីនៅដើមខែសីហានេះ។
លោកប្រធានាធិបតី Zelenskyyបានជួបជាមួយលោកនាយឧត្តមសេនីយ Oleksandr Syrskyi មេបញ្ជាការយោធារបស់អ៊ុយក្រែនហើយបន្ទាប់មកបានប្រកាសថាកងទ័ពអ៊ុយក្រែនបានកាន់កាប់ភូមិមួយទៀតនៅក្នុងតំបន់ Kursk ហើយបានចាប់បានឈ្លើយសឹករុស្ស៊ីកាន់តែច្រើនឡើងដែលលោកសង្ឃឹមនឹងដោះដូរជាមួយជនជាតិអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន។
ក៏ប៉ុន្តែ ការបង្កើនការត្រួតត្រារបស់រដ្ឋាភិបាលក្រុងកៀវនៅទីនោះ ដែលជាការកាន់កាប់លើកទី១របស់បរទេសនូវទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២ បានកើតមានឡើងនៅពេលដែលអ៊ុយក្រែនបន្តបាត់បង់ទឹកដីក្នុងតំបន់ Donetskភាគខាងកើតរបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាយោធារបស់ខ្លួនបានដណ្តើមការកាន់កាប់ភូមិ Mezhove។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានចោទប្រកាន់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ពីការព្យាយាមវាយប្រហារស្ថានីយថាមពលនុយក្លេអ៊ែរ Kurskដែលស្ថិតនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រពីការប្រយុទ្ធនៅក្នុងតំបន់ព្រំដែនរុស្ស៊ី។ ក៏ប៉ុន្តែ មេដឹកនាំរុស្ស៊ីមិនបានបង្ហាញភស្តុតាងណាមួយចំពោះការអះអាងរបស់លោកឬផ្តល់សេចក្តីលម្អិតបន្ថែមស្តីពីការចោទប្រកាន់នៃការវាយប្រហារនោះទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP និង Rueters