អ៊ុយក្រែន​នឹង​ទទួល​បាន​ជំនួយ​យោធា​និង​មនុស្សធម៌​កាន់តែ​ច្រើន​ឡើង​ពី​សហរដ្ឋ​អាមេរិក

  • Steve Herman

កុមារ​អ៊ុយក្រែន​ម្នាក់​ដែល​រត់ភៀសខ្លួន​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែនលេង​ផ្លុំ​ទឹក​ពពុះសាប៊ូ​នៅ​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​មួយ​ក្នុង​ទីក្រុង Suceava ប្រទេស​រ៉ូម៉ានី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ (AP Photo/Andreea Alexandru)

កងទ័ព​រុស្ស៊ី​បាន​បាញ់ផ្តក់​លើ​ទីក្រុង​នានា​នៅ​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ នៅពេល​ដែល​មន្ត្រី​អ៊ុយក្រែន បាន​ព្រមាន​ថា រុស្ស៊ី​អាច​ខិត​កាន់តែ​ជិតទៅនឹង​ការវាយ​សង្គ្រប់​យក​រដ្ឋធានី​កៀវ​ ដោយយោធា​រុស្ស៊ី​បាន​ប្រកាស​ពី​ផែន​ការដែល​មិនទាន់​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ចុង​ក្រោយ​នេះ ដើម្បី​បង្កើត​តំបន់​ច្រក​របៀង​សម្រាប់​ជន​ស៊ីវិល​ដែល​ជាប់​នៅ​ក្នុង​ការឈ្លានពាន​របស់​ខ្លួន។

នាយ​អគ្គសេនាធិការ​កង​ប្រដាប់​អាវុធ​អ៊ុយក្រែន បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ផ្តោត​លើ​ការឡោមព័ទ្ធ​ទីក្រុង​កៀវ Kharkiv ទីក្រុង​ Chernihiv ទីក្រុង​ Sumy និង​ទីក្រុង​ Mykolayiv។ សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការរំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដោយ​ការបាញ់​ផ្តក់​លើ​ជន​ស៊ីវិល ​និង​ការបង្កើត​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់។

មួយ​ថ្ងៃបន្ទាប់​ពី​សមាជិក​សភា​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​មក សមាជិក​សភា​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ នៅពេល​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ កំពុងបន្ត​វាយប្រយុទ្ធ​ដើម្បី​ការរស់រាន​មាន​ជីវិត​របស់​ខ្លួន​ប្រឆាំង​នឹងការឈ្លានពាន​ពី​រុស្ស៊ី។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ស្នើ​ប្រាក់​ចំនួន១០ពាន់​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌ យោធា​ និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេសអ៊ុយក្រែន។

ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​លោក​ស្រី Nancy Pelosi បាន​បញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅកាន់​សហការី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា៖ «សភា​មាន​បំណង​អនុម័ត​ថវិកា​បន្ទាន់​នេះ​នៅ​សប្តាហ៍​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ថវិកា​រដ្ឋាភិបាល​របស់​យើង»

ថ្វីបើ​ជាទូទៅ​មាន​ការគាំទ្រ​ពី​គណបក្ស​ទាំង២យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ក៏​ដោយ ​ក៏ ពួក​សមាជិក​សភា កំពុង​គិត​ពិចារណា​ពីសំណើ​របស់​អ៊ុយក្រែន​ ដែល​សុំ​បង្កើតតំបន់​ហាមឃាត់​ការ​ហោះហើរ​នៅ​លើដែន​អាកាសអ៊ុយក្រែន​ដើម្បីជា​ការ​កំញ៉ើញដល់​ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។

ការណ៍​នេះ​មាន​ន័យ​ថា «វា​ជា​សង្គ្រាម​លោក​លើកទី៣។ ខ្ញុំ​គិត​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ឯង ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា គេ​ត្រូវការ​យល់​ពី​អ្វី​ដែល​ជា​តំបន់​ហាមឃាត់​ការ​ហោះ​ហើរនោះ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់សមាជិក​ព្រឹទ្ធសភា Marco Rubio ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Florida ​ដែល​បាន​ប្រាប់​កម្មវិធី «This Week»នៃ​បណ្តាញ​ទូរទស្សន៍ ABC កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត​គឺ​លោក Joe Manchin ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ West Virginia បាន​សម្តែង​ជំហរ​មិន​សូវ​តឹងរ៉ឹង។ លោក​បាន​ប្រាប់​កម្មវិធី«Meet the Press»នៃ​បណ្តាញ​ទូរទស្សន៍ NBC ថា «ខ្ញុំ​មិន​យក​អ្វី​ទាំង​អស់​ចេញ​ពី​តុ​ចរចា​នោះទេ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ការទាក់ទង​ជា​ប្រចាំ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy អំពី​សំណើ​របស់​អ៊ុយក្រែន​សុំ​យន្តហោះ​ចម្បាំង​បន្ថែម។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ការបរទេសAntony Blinken។

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​លោក​ស្រី Oksana Markarova នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​អាទិត្យ បាន​បន្ត​ការអំពាវនាវ​របស់​លោក​ស្រី​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​អាវុធ​បាញ់​យន្តហោះ​និង​ជំនួយ​យោធា​ផ្សេង​ទៀត​ដោយ​លោក​ស្រី និយាយ​ថា៖ «យើង​ត្រូវតែ​ចាត់ទុក​ប្រទេស​រុស្ស៊ី​ជា​រដ្ឋ​ភេរវកម្ម»៕