លោក Zelenskyy ថា អ៊ុយក្រែន​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ទៅ​ស៊ីរី

  • ​Reuters

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ពិភាក្សា​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​គ្រិស្ត​អាល្លឺម៉ង់ (CDU) លោក Friedrich Merz ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃ​ច័ន្ទ ទី៩ ខែ​ធ្នូ ឆ្នាំ ២០២៤។

ប្រទេស​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ផលិត​និង​នាំចេញ​ធញ្ញជាតិ​និង​គ្រាប់ពូជ​សម្រាប់​ធ្វើ​ប្រេងឆា​ទៅកាន់​ពិភពលោក បាន​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ដំណាក់កាល​ដំបូង​របស់​ខ្លួន​ទៅកាន់​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ។

លោក Zelenskyy បាន​និយាយ​ថា ម្សៅ​ស្រូវ​សាឡី​ចំនួន ៥០០ តោន​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ីរី​រួចហើយ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម «ធញ្ញជាតិ​ពី​អ៊ុយក្រែន» បែប​មនុស្សធម៌​របស់​ប្រទេស​អ៊ុយក្រែន​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ។

លោក Zelenskyy បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «ម្សៅ​ស្រូវ​សាឡី​នេះ​គ្រោង​នឹង​ចែកចាយ​ទៅកាន់​មនុស្ស​ចំនួន ១៦៧.០០០ នាក់​ដែល​ស្មើ​នឹង​ចំនួន ៣៣.២៥០ គ្រួសារ​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ»។

លោក​បាន​បន្ថែម​ថា៖ «កញ្ចប់​ជំនួយ​នីមួយៗ​មាន​ទម្ងន់ ១៥ គីឡូក្រាម​និង​អាច​ចិញ្ចឹម​គ្រួសារ​ដែល​មាន​គ្នា ៥ នាក់​បាន​មួយ​ខែ»។

បន្ទាប់ពី​លោក Bashar al-Assad ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី ត្រូវបាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​ស៊ីរី​មក ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​ស្ដារ​ទំនាក់ទំនង​ជាមួយ​នឹង​ស៊ីរី។ ជាទម្លាប់​កន្លងមក រដ្ឋាភិបាល​អ៊ុយក្រែន​បាន​នាំចេញ​ស្រូវ​សាឡី​និង​ពោត​ទៅកាន់​បណ្ដា​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា ប៉ុន្តែ​មិន​មែន​ទៅកាន់​ប្រទេស​ស៊ីរី​ទេ។

ក្នុង​អំឡុង​សម័យ​លោក Assad ស៊ីរី​បាន​នាំចូល​ស្បៀង​អាហារ​ពី​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ ការ​ផ្គត់ផ្គង់​ស្រូវ​សាឡី​របស់​រុស្ស៊ី​ដល់​ស៊ីរី​ត្រូវបាន​ផ្អាក​ដោយសារតែ​ស្ថានការណ៍​មិន​ច្បាស់លាស់។ នេះ​បើ​យោង​តាម​ប្រភព​របស់​រុស្ស៊ី​និង​ស៊ីរី​កាលពី​ដើម​ខែ​នេះ។

ការ​នាំចេញ​របស់​អ៊ុយក្រែន​ត្រូវបាន​បង្អាក់​ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ ដែល​បាន​កាត់​បន្ថយ​ធ្ងន់ធ្ងរ​ដល់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ខ្មៅ។ តាំងពី​ពេល​នោះ​មក អ៊ុយក្រែន​បាន​បំបែក​ភាព​ជាប់គាំង​នៅ​សមុទ្រ​និង​ធ្វើការ​នាំចេញ​ឡើងវិញ​ពី​កំពង់ផែ​ក្រុង Odesa របស់​ខ្លួន​នៅ​ភាគ​ខាងត្បូង៕