ប្រទេសស្លូវ៉ាគីកាលពីថ្ងៃសុក្របានបញ្ជាក់ថាខ្លួនត្រៀមរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់កាលពីលើកមុនថាជា «ការអាចទទួលយកបាន» សម្រាប់ប្រទេសស្លូវ៉ាគីក្នុងការធ្វើជា «វេទិកា» សម្រាប់ការចរចា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានបញ្ជាក់នៅលើ Facebook ថា៖ «ប្រទេសស្លូវ៉ាគីផ្ដល់ជាទីកន្លែងសម្រាប់ការចរចាដូចនេះ»។
លោក Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាស្លូវ៉ាគីបានស្នើធ្វើជា «វេទិកា» សម្រាប់ការចរចាសន្តិភាពណាមួយដែលអាចធ្វើឡើង និងថារុស្ស៊ីមិន «ប្រឆាំងនឹងការស្នើនេះទេ» ដោយលោកបានសរសើរពី «ជំហរអព្យាក្រឹត» របស់រដ្ឋាភិបាលស្លូវ៉ាគី។
លោក Blanar បាននិយាយថា ការចរចាណាមួយក៏ដោយគឺត្រូវតែធ្វើឡើង «ដោយមានការចូលរួមពីភាគីទាំងអស់ រួមទាំងរុស្ស៊ីផងដែរ» ដោយខុសពីការចរចាលើកមុនកាលពីខែមិថុនានៅក្នុងប្រទេសស្វីស។
លោក Blanar បាននិយាយទៀតថា៖ «យើងចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីថាជាសញ្ញាវិជ្ជមានមួយដើម្បីបញ្ចប់សង្គ្រាមនេះ ការបង្ហូរឈាមនេះ និងការបំផ្លិចបំផ្លាញនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន»។
លោក Blanarបានបន្ថែមថា ស្លូវ៉ាគីបានជូនដំណឹងដល់ប្រទេសអ៊ុយក្រែនកាលពីខែតុលាអំពីការផ្ដល់នូវកន្លែងសម្រាប់ការចរចាសន្តិភាពនេះ។
ថ្វីបើជាសមាជិកអង្គការអូតង់និងសមាជិកសហភាពអឺរ៉ុបក៏ដោយ ក៏ស្លូវ៉ាគីបានខិតកាន់តែជិតទៅរកប្រទេសរុស្ស៊ីចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចជានាយករដ្ឋមន្ត្រីស្លូវ៉ាគីវិញរបស់អ្នកជាតិនិយមលោក Robert Fico កាលពីចុងឆ្នាំ ២០២៣ មក៕