អាជ្ញាធរអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីកាលពីយប់ថ្ងៃអង្គារបានសម្លាប់មនុស្ស៤នាក់នៅក្នុងតំបន់កៀវ។
ទីភ្នាក់ងារផ្នែកសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងចំសាលារៀនមួយកន្លែងនៅក្នុងទីក្រុង Rzhyshchiv ស្ថិតនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីកៀវ ដោយធ្វើខូចខាតដល់អគារអន្តេវាសិកដ្ឋានរបស់សិស្សពីរខ្នងនិងអគារអប់រំមួយខ្នង។
ការវាយប្រហារជាច្រើននៅថ្ងៃពុធនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបានចាកចេញពីរដ្ឋធានីកៀវក្រោយពីបង្ហាញការគាំទ្រដល់អ៊ុយក្រែនហើយនៅពេលដែលមេដឹកនាំចិនលោក Xi Jinping បានចាកចេញពីទីក្រុងមូស្គូ ជាកន្លែងដែលសំណើរបស់លោកសម្រាប់ការបញ្ចប់សង្រ្គាមហាក់ដូចជាមិនអាចដំណើរការទៅបានទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើប្រព័ន្ធ Twitter នៅថ្ងៃពុធនេះថា ការវាយប្រហាររបស់រុស្ស៊ីលើកនេះរួមមានការប្រើ «ដ្រូនពិឃាដរបស់អ៊ីរ៉ង់ ២០ គ្រឿង មីស៊ីល និងការបាញ់ផ្លោងជាច្រើនដងផងដែរ»។
លោក Zelenskyy បាននិយាយថា៖ «រាល់ពេលដែលនរណាម្នាក់ឮពាក្យ «សន្តិភាព» នៅទីក្រុងមូស្គូ គេឃើញមានការបញ្ជាពីទីនោះឱ្យមានការវាយប្រហារបែបឧក្រិដ្ឋដូចនេះ»។
មេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា ជោគជ័យរបស់កងទ័ពអ៊ុយក្រែន «នឹងធ្វើឱ្យសន្តិភាពកាន់តែខិតជិតចូលមកដល់» ហើយស្របពេលនោះដែរ លោកបានអំពាវនាវឱ្យមានការរួបរួមជាសាកលនិងការគោរពតាមការដាក់ទណ្ឌកម្មលើរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារបានសរសើរសំណើផែនការសន្តិភាពរបស់ចិន នៅពេលដែលលោកទទួលជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping។ ខណៈពេលនោះដែរ លោក Putin បានបញ្ជាក់ជាថ្មីអំពីជំហររបស់លោកថាអ៊ុយក្រែននិងដៃគូបស្ចិមប្រទេសរបស់ខ្លួនគ្មានឆន្ទៈនៅក្នុងការចូលរួមចរចាសន្តិភាពនោះទេ។
លោក Zelenskyy ធ្លាប់បាននិយាយថា ការចរចាសន្តិភាពអាចកើតមានឡើងនៅពេលណាដែលរុស្ស៊ីបានដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីដែនដីអ៊ុយក្រែនតែប៉ុណ្ណោះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។