យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន Shahed ចំនួន ៣៤ គ្រឿងក្នុងចំណោម ៤៤ គ្រឿង ដែលរុស្ស៊ីបានប្រើដើម្បីវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីយប់មិញ។
តំបន់ដែលរងការវាយប្រហារនេះ រួមមានតំបន់ Mykolaiv តំបន់ Odesa និងតំបន់ Kirovohrad។
លោក Oleh Kiper អភិបាលតំបន់ Odesa បានបញ្ជាក់តាម Telegram ថា មិនមានអ្នកស្លាប់និងរងរបួសនោះទេ។ លោកបាននិយាយថា មិនមានការបំផ្លិចបំផ្លាញណាមួយទេ គឺមានតែការឆេះស្មៅតិចតួចដោយសារកម្ទេចកំទីដ្រូនដែលធ្លាក់មកពីលើអាកាសតែប៉ុណ្ណោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធថា យុទ្ធជនអ៊ុយក្រែន «ត្រូវការមធ្យោបាយបន្ថែមដើម្បីបំផ្លាញមីស៊ីល ដ្រូន Shahed និងដ្រូនប្រយុទ្ធផ្សេងទៀតរបស់រុស្ស៊ី ក៏ដូចជាយន្តហោះរបស់រុស្ស៊ីផងដែរ»។
លោក Zelenskyy បានសម្ដែងការដឹងគុណចំពោះ «មនុស្សគ្រប់រូបនៅលើពិភពលោកដែលបានជួយរួចហើយឬក៏មានឆន្ទៈក្នុងការបង្កើនការជួយជ្រោមជ្រែងដល់ប្រទេសអ៊ុយក្រែនដោយមធ្យោបាយដែលអាចផ្ដល់ការការពារបន្ថែមទៀតប្រឆាំងនឹងអំពើឃោរឃៅរបស់រុស្ស៊ី»។
ទាហានស៊ីឈ្នួលក្រុម Wagner ប្រហែល ៥០០ នាក់ដែលប្រយុទ្ធរួមជាមួយនឹងទាហានរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនមុនពេលរត់គេចទៅកាន់ប្រទេសបេឡារុសបន្ទាប់ពីបានបះបោររយៈពេលខ្លីកាលពីខែមិថុនាមក ឥឡូវនេះបានត្រឡប់ទៅកាន់សមរភូមិជួរមុខវិញហើយដើម្បីប្រយុទ្ធនឹងទាហានអ៊ុយក្រែនម្ដងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងទ័ពអ៊ុយក្រែនកាលពីថ្ងៃពុធ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានផ្ដល់ជូនដោយទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។