នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបដិសេធការឈប់បាញ់គ្នានៅក្នុងសង្គ្រាមរបស់ប្រទេសលោកជាមួយប្រទេសរុស្ស៊ី ដោយនិយាយថាកងកម្លាំងវិមានក្រឹមឡាំងនឹងប្រើការផ្អាកការប្រយុទ្ធគ្នាដើម្បីបង្កើនអាវុធនិងប្រមូលទាហានជាថ្មី នៅមុនយកជ័យជម្នះលើក្រុមទាហានអ៊ុយក្រែន។
ការឈប់បាញ់គ្នាមានកម្រិតត្រូវបានស្នើយូរៗម្តងតាំងពីរុស្ស៊ីបានលុកលុយពេញទំហឹងកាលខែកុម្ភៈ ឆ្នាំ ២០២២ តែមិនបានជាប់លាប់ទេ។
ភាគីទាំងពីរប្រញាប់ប្រញាល់បង្កើនអាវុធនៅក្រោយការប្រយុទ្ធគ្នារយៈពេល ២២ ខែ ហើយអាចជាសង្គ្រាមរ៉ាំរ៉ៃ។ ដោយសមរភូមិជួរមុខមានប្រហែល ១៥០០គីឡូម៉ែត្រ ភាគច្រើនមិនផ្លាស់ប្តូរក្នុងអំឡុងពេលអាកាសរដូវរងាដ៏សែនត្រជាក់ ភាគីទាំងពីរត្រូវការកាំភ្លើងធំ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលអាចវាយប្រហាររយៈចម្ងាយឆ្ងាយបាន។
លោក Zelenskyy បានកត់សម្គាល់ថារដ្ឋាភិបាលក្រុងមូស្គូបានទិញគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើងនិងដ្រូនពីប្រទេសអ៊ីរ៉ង់។
លោក Zelenskyy បានស្ថិតនៅក្នុងរដ្ឋធានីតាលីននៃប្រទេសអេស្តូនី ជាផ្នែកមួយនៃទស្សនកិច្ចពីរថ្ងៃ ទៅកាន់បណ្តាប្រទេសតំបន់បាល់ទិក ដែលស្ថិតក្នុងបណ្តាប្រទេសគាំទ្រខ្លាំងក្លាដល់អ៊ុយក្រែនក្នុងសង្គ្រាមនេះ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះជំរុញពួកសម្ព័ន្ធមិត្តឱ្យផ្តល់ការគាំទ្រថែមទៀតដល់ប្រទេសលោក ក្រោយពីបានទទួលជំនួយយោធារាប់ពាន់លានដុល្លារពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។
លោក Oleh Syniehubov អភិបាលតំបន់ Kharkiv បាននិយាយថាមីស៊ីលរុស្ស៊ីធុន S-300 មួយគ្រឿងបានធ្លាក់ចំសណ្ឋាគារមួយ នៅក្នុងក្រុង Kharkiv ដែលជាក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីយប់ថ្ងៃពុធ នាំឱ្យមនុស្ស ១៣ នាក់ត្រូវរបួស រួមមានអ្នកកាសែតតួកគីម្នាក់ផង។ លោកបានថ្លែងថា ក្រុងនេះបានរងការវាយប្រហារបួនយប់បន្តបន្ទាប់គ្នា៕