យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានវាយប្រហារកាលពីយប់មិញដោយប្រើដ្រូនចំនួន ១៧ គ្រឿង និងគ្រាប់មីស៊ីលស្វ័យនាំផ្លូវជាច្រើនគ្រាប់ទៀត។
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនធុន Shahed ដែលផលិតនៅប្រទេសអ៊ីរ៉ង់ចំនួន ១៤ គ្រឿង និងមីស៊ីលមួយគ្រាប់ផងដែរ។
ការស្ទាក់បាញ់ទម្លាក់នោះកើតមាននៅក្នុងតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានតំបន់ Khmelnytskyi តំបន់ Vinnytsia តំបន់ Kirovohrad តំបន់ Mykolaiv តំបន់ Dnipropetrovsk និងតំបន់ Zaporizhzhia។
អភិបាលតំបន់ Dnipropetrovsk បានរាយការណ៍ថា អគារផលិតថាមពលមួយកន្លែងបានរងការឆេះពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។
មិនមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅឡើយទេ។
ទន្ទឹមនឹងនេះ លោក Mykhailo Fedorov រដ្ឋមន្ត្រីក្រសួងឌីជីថលអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសអ៊ុយក្រែនមានគម្រោងផលិតដ្រូនរយៈចម្ងាយឆ្ងាយរាប់ពាន់គ្រឿងរបស់ខ្លួនក្នុងឆ្នាំនេះ ដែលមានសមត្ថភាពអាចវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនកំពុងលើកកម្ពស់ប្រព័ន្ធការពារដែនអាកាសនិងឧបករណ៍សង្គ្រាមអេឡិចត្រូនិក ដោយកំណត់ថា វាជាអាទិភាពដ៏សំខាន់សម្រាប់អ៊ុយក្រែនក្នុងឆ្នាំនេះ។
ទាំងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនការវាយប្រហារតាមអាកាសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសំដៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន យោធា និងថាមពលសំខាន់ៗរបស់គ្នាទៅវិញទៅមក៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។