យោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃចន្ទនេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៧ គ្រឿងក្នុងចំណោម ២២ គ្រឿងដែលរុស្ស៊ីបានបាញ់នៅក្នុងការវាយប្រហារកាលពីយប់មិញសំដៅលើតំបន់នានានៅទូទាំងប្រទេសអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីក៏បានប្រើមីស៊ីល ៥ គ្រាប់នៅក្នុងការវាយប្រហាររបស់ខ្លួនសំដៅលើតំបន់ Kharkiv ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអ៊ុយក្រែននិងរុស្ស៊ី និងមីស៊ីល ២ គ្រាប់ទៀតសំដៅលើតំបន់ Sumy ដែលនៅក្បែរនោះផងដែរ។
ដ្រូនដែលរុស្ស៊ីបាញ់មកគឺមានគ្រប់កន្លែងទាំងអស់ដោយយោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៧ គ្រឿងនោះនៅលើតំបន់រដ្ឋធានីកៀវ តំបន់ Poltava, Khmelnytskyi, Cherkasy, Kirovolhrad, Dnipropetrovsk, Vinnytsia, Zaporizhzhya និងតំបន់ Rivne។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បានរាយការណ៍ថាកម្ទេចកំទីបាក់បែករបស់ដ្រូនបានធ្លាក់ចំដំបូលអគារលំនៅដ្ឋានមួយខ្នងនិងបង្កឱ្យមានភ្លើងឆេះ។
ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីនេះក៏បានបំផ្លាញអគារលំនៅដ្ឋាននិងអគារឧស្សាហកម្មនានានៅក្នុងតំបន់ Kirovohrad ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលតំបន់នេះលោក Andriy Raykovych។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់លោកមានប្រៀបជាងនៅក្នុងសមរភូមិនៅអ៊ុយក្រែន និងថាវាអាចចាំបាច់សម្រាប់កងទ័ពរុស្ស៊ីនៅក្នុងការបង្កើតតំបន់ទ្រនាប់នៅផ្នែកខាងអ៊ុយក្រែននៃព្រំដែនដើម្បីបង្ការការវាយប្រហារលើទឹកដីរុស្ស៊ី។
លោក Putin បានលើកឡើងដូច្នេះ នៅក្រោយពេលដែលអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារថ្មីចុងក្រោយបង្អស់លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងបន្ទាប់ពីលោក Putin បានឈ្នះការបោះឆ្នោតមួយអាណត្តិទៀតដែលមានរយៈពេល ៦ ឆ្នាំ ដែលអន្តរជាតិមិនទទួលស្គាល់៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។