ពលរដ្ឋ​អ៊ុយក្រែន​ត្រៀម​ខ្លួន​បោះ​ឆ្នោត​ប្រធានាធិបតី​​នៅ​ថ្ងៃ​អាទិត្យ​នេះ​

ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko (ឆ្វេង) និង​បេក្ខជន​ប្រធានាធិបតី​ពីគណបក្ស​ប្រឆាំង លោក Volodymyr Zelenskiy ជជែក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ នៅ​កីឡដ្ឋាន​អន្តរជាតិអូឡាំពិក ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៩។

​អ្នក​បោះឆ្នោត​នៅ​ប្រទេស​អ៊ុយក្រែន​កំពុង​ត្រៀម​ខ្លួន​នៅ​នាទី​ចុង​ក្រោយ ​ដើម្បី​បោះ​ឆ្នោតជ្រើស​រើស​ប្រធានាធិបតី​របស់​ពួក​គេ​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

ពួក​គេ​នឹង​ត្រូវ​ជ្រើស​រើស​លោក​ Petro Poroshenko ​ប្រធានាធិបតី​កំពុង​កាន់​តំ​ណែង​ ​ឬ​លោក ​Volodymyr Zelenskiy​ ដែល​បាន​សម្តែង​ការលេង​កំប្លែង​ប្រធានាធិបតី​ប្រឌិត​ នៅ​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ដ៏​ពេញ​និយម។​

ការ​ស្ទាប​ស្ទង់​មតិ​បង្ហាញ​ថា ​លោក​ Zelenskiy ​វ័យ​៤១​ ឆ្នាំ​ ដែល​គ្មាន​បទ​ពិសោធន៍​នយោបាយ​ត្រូវ​បាន​គេ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ក្នុង​ការ​យក​ឈ្នះ​លោក Poroshenko ។ ​ការ​ព្យាយាម​ដ៏​យូរ​របស់​លោក​ Zelenskiy​ សម្រាប់​តំណែង​ប្រធានាធិបតី​ចាប់​ផ្តើម​មាន​សន្ទុះ​ ខណៈ​ដែល​អ្នក​បោះឆ្នោត​ខក​ចិត្ត​នឹង​អំពើ​ពុករលួយ​ វិបត្តិ​សេដ្ឋ​កិច្ច​និង​ជម្លោះ​ដែល​កំពុង​កើត​មាននៅ​ភាគ​ខាង​កើត​ប្រទេស​នេះ។ ​

លោក​ Poroshenko ​បាន​ប្រឹង​ប្រែង​ពង្រឹង​អ្នក​គាំទ្រ​របស់​លោក ​នៅ​ក្នុង​ការ​ជួប​ជុំគ្នា​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីលាន​ឯករាជ្យ​របស់​ក្រុង​កៀវ ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​បេក្ខជន​ដេញ​ដោល​គ្នា​តាម​ទូរទស្សន៍​ជាតិ​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក។ ​

ប្រធានាធិបតី​វ័យ ​៥១ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ថា ​លោក ​Zelenskiy ​នឹង​ត្រូវ​លោក​ Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​កេងប្រវ័ញ្ច ប្រសិន​បើ​លោក​បាន​ជាប់​ឆ្នោត​ និង​បាន​និយាយ​ថា ​ជ័យ​ជម្នះ​របស់​លោក Zelenskiy ​នឹង​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ឱកាស​របស់អ៊ុយក្រែន​ចូល​ក្នុង​សហភាព​អឺរ៉ុប៕​