ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានចោទប្រកាន់ប្រទេសរុស្សីថាបានធ្វើការលុកលុយដោយចំហចូលក្នុងទឹកដីអ៊ុយក្រែន។
ថ្លែងនៅក្នុងសាលាយោធាមួយក្នុងទីក្រុង Kyiv លោកនិយាយថាការលូកដៃរបស់ប្រទេសរុស្សីក្នុងសង្គ្រាមរវាងអ៊ុយក្រែនប្រឆាំងសកម្មប្រយុទ្ធលម្អៀងទៅរុស្សីបានធ្វើឲ្យសង្គ្រាមនោះកាត់តែមានភាពស្មុគស្មាញ។ លោកបន្តថាកងទ័ពអ៊ុយក្រែនបានបាត់បង់តុល្យភាពក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដែលមានកងទ័ពរុស្សីជាបង្អែក។លោកប្រធានាធិបតីមានប្រសាសន៍ថាអំពើឈ្លានពានដោយផ្ទាល់និងចំហប្រឆាំងនឹងប្រទេសអ៊ុយក្រែនពីរដ្ឋជិតខាងមួយបានចាប់ផ្ដើមនឹងបានកែប្រែស្ថានការណ៍នៅក្នុងតំបន់មានជម្លោះក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក Andriy Lysenko អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិនឹងការពារប្រទេសអ៊ុយក្រែនបាននិយាយថាទាហានអ៊ុយក្រែនបានត្រូវបញ្ជាឱ្យដកថយពីចំណតយន្តហោះជិតទីក្រុង Luhanskដែលជាទីតាំងធំរបស់ក្រុមសកម្មប្រយុទ្ធ។លោកបន្ថែមថាកងកម្លាំងប្រដាប់អាវុធរុស្សីបានបាញ់ប្រហារទៅលើយោធារបស់លោក ដែលបណ្ដាលឲ្យទាហានអ៊ុយក្រែន៧នាក់បានស្លាប់ហើយ២៥នាក់ទៀតបានត្រូវរបួសនៅក្នុងការប្រយុទ្ធគ្នាកាលពីម្សិលមិញ៕