កិច្ចចរចា​សន្តិភាព​អ៊ុយក្រែន​បញ្ចប់​ដោយ​មិន​បាន​ផល

(ពីឆ្វេង) លោក Belarus Alexander Surikov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​បេឡារុស លោក Mikhail Zurabov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អ៊ុយក្រែន លោក Leoid Kuchma អតីត​ប្រធានាធិបតី​អ៊ុយក្រែន និង​មន្រ្តី​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​បង្ហួច​នៅ​ក្នុង​រដ្ឋធានី​ Minsk ប្រទេស​បេឡារុស កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

កិច្ចពិភាក្សា​រវាង​អ្នកចរចា​រដ្ឋាភិបាល​អ៊ុយក្រែននិង​សមភាគី​ទាម​ទារ​បំបែក​រដ្ឋ​ដែល​លម្អៀង​ទៅ​រក​ប្រទេស​រុស្ស៊ី​បាន​បរាជ័យដោយ​មិន​បាន​បំបែក​ភាព​ទាល់​ច្រកណាមួយ​ដើម្បីបញ្ចប់​ជម្លោះ​ដែល​មាន​រយៈ​ពេល​៨​ខែ​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ទេ។

មេដឹកនាំ​ទាម​ទារ​បំបែក​រដ្ឋ​បាន​ត្រូវ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លទ្ធផល​ជាក់​ស្តែង​តែមួយ​គត់​នៃ​ការចរចា​ក្នុង​ប្រទេស​បេឡារុស (Belarus) ​នៅ​សប្តាហ៍​នេះ​ជាកិច្ចព្រមព្រៀង​ស្តីពី​លក្ខខណ្ឌ​នៃ​ការ​ដោះ​លែង​អ្នក​ទោសប្រហែល​៤រយ​នាក់។

​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​សន្តិភាព​ក៏​បាន​ពាក់​ព័ន្ធ​នឹង​មន្ត្រី​រុស្ស៊ីនិង​អ្នក​សម្រុះ​សម្រួល​មក​ពី​អង្គការ​ដើម្បី​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អឺរ៉ុប។

គោលដៅ​នោះ​គឺ​ពង្រឹង​បទ​ឈប់​បាញ់​គ្នាកាល​ពី​ខែ​កញ្ញា​ដែល​បាន​កាត់​បន្ថយ​ការ​ប្រយុទ្ធ​គ្នា។

​ថ្លែង​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក Sergeir Lavrov រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី​បាន​និយាយ​ថា បំណង​របស់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​អឺរ៉ុប។

លោក Lavrov បាន​និយាយ​បន្ត​ទៀត​ថា ​ប្រទេស​លោក​ខាង​លិច​ខ្លះ​ចង់​ប្រើ​ប្រាស់ការ​ស្វះស្វែង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ចូល​ក្នុង​អង្គការ​អូតង់​ដើម្បី​រក្សា​វិបត្តិក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​និង​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។

​អង្គការ​អូតង់​បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​នៅ​ឆ្នាំ​នេះបណ្តាល​មក​ពីការ​គាំទ្រ​របស់​រុស្ស៊ី​ដល់​ពួក​បះបោរ​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បាន​បន្ត​បដិសេធ​ពី​ការ​គាំទ្រ​ការ​បះបោរ​នេះ៕