នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modiបានចេញដំណើរទៅកាន់ទ្វីបអឺរ៉ុបនៅថ្ងៃចន្ទនេះ ដោយមានគម្រោងលើកឡើងពីចំណុចដ៏សំខាន់មួយក្នុងជំនួបជាមួយមេដឹកនាំមួយចំនួនក្នុងតំបន់អឺរ៉ុប ជុំវិញបញ្ហាដែលឥណ្ឌា បានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយ ក្រែនក្នុងពេលកន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ឥណ្ឌាដែលទិញគ្រឿងបរិក្ខារយោធាពីប្រទេសរុស្ស៊ីនោះបានដើរលើខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូដោយគ្រាន់តែអំពាវនាវឱ្យបញ្ចប់នូវអរិភាពជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនការចេញដំណើររបស់នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះទៅកាន់ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាកនិងប្រទេសបារាំងលោក Modi និយាយថា «ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទ្វីបអឺរ៉ុបនៅពេលនេះ កើតមានឡើងចំពេលដែលតំបន់នេះ កំពុងមានបញ្ហាប្រឈមនិងជម្រើសជាច្រើន»។
សេចក្តីថ្លែងការណ៍នោះបន្ថែមទៀតថា នាយករដ្ឋមន្ត្រីឥណ្ឌាលោកModi មានបំណង«នឹងពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការ ជាមួយដៃគូប្រទេសអឺរ៉ុបមួយចំនួនដែលមានសារៈសំខាន់ ក្នុងការស្វែងរកសន្តិភាពនិងវិបុលភាពជាមួយឥណ្ឌា»។
លោក Modi មានគម្រោងជួបប្រជុំជាមួយអធិបការតីអាល្លឺម៉ង់លោក Olaf Scholz នៅក្នុងទីក្រុងបែរឡាំងនៅថ្ងៃចន្ទនេះ មុនលោកធ្វើដំណើរទៅកាន់រដ្ឋធានីកូប៉ិនហាកនៃប្រទេសដាណឺម៉ាក ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ ក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់ ហ្វាំងឡង់ ស៊ុយអែត និងន័រវែសផងដែរ នៅក្នុងសន្និសីទកំពូលរយៈពេល២ថ្ងៃរវាងឥណ្ឌានិងប្រទេសតំបន់អឺរ៉ុបខាងជើង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែឧសភានេះ។
បន្ទាប់ពីសន្និសីទកំពូលនោះរួចមកលោក Narendra Modi ក៏នឹងឈប់សំចតរយៈពេលខ្លីនៅក្នុងប្រទេសបារាំងនិងជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីចែករំលែកពីការវាយតម្លៃទៅលើបញ្ហាសាកលនិងតំបន់មួយចំនួនក៏ដូចជាការពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្តិ ការដែលឥណ្ឌាកំពុងមានជាមួយប្រទេសបារាំងនាពេលបច្ចុប្បន្ននេះ។
អធិការបតីអាល្លឺម៉ង់លោក Scholz ត្រូវបានសារព័ត៌មានឥណ្ឌា Indian Express daily ដកស្រង់សម្តីចុះផ្សាយនៅថ្ងៃចន្ទនេះថា«ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនស្ថិតនៅក្នុងរបៀបវារៈលើគេ» នៃជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា។
សារព័ត៌មាននេះ បានដកស្រង់សម្តីរបស់អធិការបតីអាល្លឺម៉ង់រូបនេះចុះផ្សាយថា «អំពើព្រៃផ្សៃនៃការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន គួឲ្យរន្ធត់និងព្រឺព្រួចខ្លាំងណាស់។ អ្នកប្រព្រឹតអំពើទាំងនេះ ត្រូវតែទទួលខុសត្រូវ។ ខ្ញុំជឿជាក់ថា វានឹងមានការយល់ព្រមឯកគ្នារវាងប្រទេសយើងទាំងពីរជុំវិញបញ្ហានេះ»។
ដោយឡែកសារព័ត៌មាន Bloomberg News បានផ្សាយកាលពីថ្ងៃអាទិត្យថា លោក Scholzក៏មានគម្រោងអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ ឲ្យចូលរួមជាភ្ញៀវពិសេសផងដែរនៅក្នុងជំនួបកំពូលនៃមេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបង្កើតនូវសម្ពន្ធភាពដ៏ទូលំទូលាយមួយ ក្នុងការប្រឆាំងទៅលើប្រទេសរុស្ស៊ី៕