យោធានៃប្រទេសអ៊ុយក្រែននិយាយថា ខ្លួនមិនអាចចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីសមរភូមិមុខនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ស្របទៅតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នាបានឡើយ ពីព្រោះតែក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ី នៅតែធ្វើការវាយប្រហារនៅឡើយ។
ក្រុមមន្រ្តីនិយាយនៅថ្ងៃច័ន្ទនេះថា មិនអាចមានការចរចាពីការដកអាវុធទេ ដរាបណាការវាយប្រហារនៅបន្ត។
កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ភាគីទាំង២បានព្រមព្រៀងគ្នាដកអាវុធធុនធ្ងន់របស់ខ្លួនចេញពីសមរភូមិ ជាសញ្ញាវិជ្ជមានមួយសម្រាប់ការអនុវត្តផែនការសន្តិភាព ដែលត្រូវបានរំលោភម្តងហើយម្តងទៀត។
មន្រ្តីយោធាជាច្រើនបាននិយាយថា ក្រុមឧទ្ទាមបានយល់ព្រមដកអាវុធធុនធ្ងន់ទាំងស្រុងនៅពេលពីរសប្តាហ៍បន្ទាប់មកទៀត ដោយមានបណ្តាញផ្សព្វផ្សាយព័ត៌មានរាយការណ៍ថា ការដកចេញរបស់ខ្លួនអាចចាប់ផ្តើមកាលពីថ្ងៃអាទិត្យ(ទី២២)។
ការដកអាវុធគឺជាការតម្រូវនៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានចូលជាធរមានកាលពីមួយសប្តាហ៍មុន។
កិច្ចព្រមព្រៀងកាលពីថ្ងៃអាទិត្យ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែននិងក្រុមឧទ្ទាមបានធ្វើការដោះដូរក្រុមអ្នកទោស ដែលជាសញ្ញានៃដំណើរការដ៏សំខាន់លើកដំបូងសម្រាប់ការឈប់បាញ់គ្នាដ៏ផុយស្រួយ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ។ មានកងទ័ពអ៊ុយក្រែន១៣៩នាក់ត្រូវបានដោះដូរជាមួយក្រុមឧទ្ទាម៥២នាក់៕