សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ១០%នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត បើសង្គ្រាមនេះត្រូវអូសបន្លាយពេលវេលានោះ។ នេះបើតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMFដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
របាយការណ៍ដែលត្រូវបានរៀបចំឡើងមុនការអនុម័តហិរញ្ញវត្ថុក្នុងគ្រាអាសន្នចំនួន១.៤០០លានដុល្លារ បានបញ្ជាក់ថា ផលទុនសេដ្ឋកិច្ចរបស់អ៊ុយក្រែន អាចរួញតូចពី២៥%ទៅ៣៥%។ នេះបើយោងតាមទិន្នន័យនៃផលិតផលសរុបGDPនៃបណ្តាប្រទេសដែលបានឆ្លងកាត់សង្គ្រាមដូចជាអ៊ីរ៉ាក់ លីបង់និងប្រទេសមួយចំនួនផ្សេងទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កំពុងធ្វើការដើម្បីបង្កើតកញ្ចប់ថវិកាពិសេសមួយដែលប្រទេសម្ចាស់ជំនួយទ្វេភាគី អាចផ្តល់ប្រភពធនធានទៅឲ្យអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីមួយរូបនៃមូលនិធិនេះ។
មន្ត្រីរូបនោះ និយាយទៀតថា ទឹកប្រាក់១.៤០០លានដុល្លារដែលត្រូវបានអនុម័តក្នុងការ ផ្តល់ហិរញ្ញវត្ថុក្នុងគ្រាអាសន្ននោះ ជាចំនួនថវិកាអតិបរមាដែលអ៊ុយក្រែនអាចខ្ចីបានក្រោមច្បាប់នាពេលបច្ចុប្បន្ននេះរបស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏ប៉ុន្តែកម្ចីនេះអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការលើកទឹកចិត្តដល់បណ្តាប្រទេសអ្នកផ្តល់ជំនួយដទៃទៀត។
លោកស្រី Ivanna Vladkova Hollar ប្រធានបេសកកម្មមូលនិធិ IMF ប្រចាំនៅប្រទេសអ៊ុយក្រែន និយាយថា អាជ្ញាធរអ៊ុយក្រែន បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនគួរឲ្យគត់សម្គាល់ដើម្បីធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ខ្លួនមានដំណើរការនៅពេលសង្រ្គាមកំពុងកើតមានឡើងនេះ។
លោកស្រី បន្តទៀតថា៖ «ការបើកប្រាក់ខែនិងប្រាក់បំណាច់ ការដាក់ប្រាក់ចូលក្នុងម៉ាស៊ីន ATM ការបើកសាខាធនាគារផ្សេងៗទៀតនិងការបន្តសងប្រាក់ដែលជាបំណុលបរទេសជាដើមដែលធ្វើឡើងក្រោយសង្គ្រាមដែលពួកគេអាចបន្តកិច្ចប្រតិបត្តិការជាធម្មតាឡើងវិញជាមួយម្ចាស់បំណុលនិងទីផ្សាររបស់គេ។ នេះជាការខំប្រឹងប្រែងមួយដែលគួរឲ្យកត់សម្គាល់»៕