យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៧ គ្រឿងដែលរុស្ស៊ីបានប្រើដើម្បីវាយប្រហារកាលពីយប់មិញលើតំបន់ជាច្រើននៃប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានប្រើដ្រូនសរុបចំនួន២២គ្រឿងនៅក្នុងរលកនៃការវាយប្រហារជាច្រើនសំដៅផ្ទាល់លើតំបន់Mykolaiv, Zaporizhzhia, Sumy និងតំបន់ Dnipropetrovsk។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយថា បំណែកបាក់បែកនៃដ្រូនមួយគ្រឿងក្នុងចំណោមដ្រូន ៣ គ្រឿងដែលត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់នេះបានធ្វើឱ្យខូចខាតដល់អគារនិងរថយន្តនានានិងបានបង្កឱ្យមានភ្លើងឆេះស្មៅ។
លោក Lysak បានបញ្ជាក់ថា ការបាញ់ផ្លោងរបស់រុស្ស៊ីក៏បានធ្លាក់ចំតំបន់នេះផងដែរ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ណាមួយថាមានអ្នកស្លាប់និងរងរបួសនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿងដែលបាញ់មកលើតំបន់ Bryansk នៅភាគខាងលិចប្រទេសរុស្ស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
រុស្ស៊ីក៏បានបញ្ជាក់ផងដែរថា ខ្លួនបានរុញច្រានតទល់ប្រឆាំងនឹងការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះលើនាវាល្បាតមួយគ្រឿងនៅសមុទ្រខ្មៅ ដោយកងកម្លាំងរុស្ស៊ីបានបំផ្លាញនាវាដែលគ្មានមនុស្សបើកចំនួន ៥ គ្រឿង។
រីឯនៅតំបន់ Crimea ដែលត្រួតត្រាដោយរុស្ស៊ី ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់តាម Telegram ថាខ្លួនបានបំផ្លាញដ្រូនរបស់អ៊ុយក្រែនចំនួន ១១ គ្រឿង។
ករណីនេះបានកើតឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីអ៊ុយក្រែនបានបាញ់មីស៊ីលចំកន្លែងផលិតនិងជួសជុលនាវាយុទ្ធសាស្ត្រមួយកន្លែងនៅក្នុងតំបន់ Crimea ដោយធ្វើឱ្យមនុស្ស ២៤ នាក់រងរបួសនិងនាវា ២ គ្រឿងដែលកំពុងជួសជុលរងការខូចខាត៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។