អ៊ុយក្រែន​បង្កើន​យុទ្ធនាការ​សង្គ្រាម​ចិត្តសាស្ត្រ​ប្រឆាំង​នឹង​ទាហាន​កូរ៉េ​ខាងជើង

រូបឯកសារ៖ អេក្រង់​ទូរទស្សន៍​បង្ហាញ​រូបភាព​ទាហាន​កូរ៉េ​ខាង​ជើង​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០២៤។

ស្របពេល​ទាហាន​កូរ៉េ​ខាងជើង​ត្រៀម​ចូលរួម​ជាមួយ​កងកម្លាំង​រុស្ស៊ី​នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន អ៊ុយក្រែន​កំពុង​បង្កើន​យុទ្ធនាការ​សង្គ្រាម​ចិត្តសាស្ត្រ​ដៅ​លើ​ទាហាន​កូរ៉េ​ខាងជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​អ៊ុយក្រែន​មួយ​រូប។

កាលពី​សប្ដាហ៍​មុន គម្រោង «ខ្ញុំ​ចង់​រស់ (I Want to Live)» របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​អ៊ុយក្រែន​បាន​ចេញផ្សាយ​សារ​វីដេអូ​មួយ​ជា​ភាសា​កូរ៉េ​នៅ​លើ YouTube និង X។ គម្រោង​នេះ​ក៏​មាន​បង្ហោះ​សារ​ជា​ភាសា​កូរ៉េ​នៅ​លើ Telegram ផងដែរ។

សារ​នេះ​បាន​ជំរុញ​ឱ្យ​ទាហាន​កូរ៉េ​ខាងជើង​ចុះចាញ់ ដោយ​ថា​ពួកគេ​មិន​ត្រូវ «ស្លាប់​ដោយ​គ្មាន​ន័យ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​មួយ​ផ្សេង​នោះទេ»។ សារ​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ទាហាន​ទាំងនោះ​នឹង​ទទួល​បាន​ស្បៀង​អាហារ ទីជម្រក និង​សេវា​សុខភាព។

លោក Andrii Kovalenko ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ប្រឌិត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​ការពារ​នៃ​ប្រទេស​អ៊ុយក្រែន បាន​ប្រាប់ VOA ផ្នែក​ភាសា​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ​ថា៖ «នៅ​ពេល​អនាគត វីដេអូ​បន្ថែម​ទៀត​អំពី​ទាហាន​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ចេញផ្សាយ»។

លោក Kovalenko បាន​និយាយ​ថា៖ «[ទាហាន] កូរ៉េ​ខាងជើង​នឹង​ទទួល​ការ​បណ្ដុះបណ្ដាល​អំពី​ការ​ធ្វើ​សង្គ្រាម​សម័យ​ទំនើប ហើយ​នឹង​ត្រូវ​ប្រើ​នៅក្នុង​ការ​ប្រយុទ្ធ​ជាក់ស្ដែង។ យើង​កំពុង​ប្រឡូក​យ៉ាង​សកម្ម​នៅក្នុង​ការ​កំណត់​អត្តសញ្ញាណ​ទាហាន​កូរ៉េ​ខាងជើង​ដែល​ទៅ​ដល់​និង​អង្គភាព​ដែល​ពួកគេ​កំពុង​ចូលរួម ក៏ដូចជា​ប្រមូល​ភ័ស្តុតាង​អំពី​វត្តមាន​របស់​ពួកគេ​នៅក្នុង​ប្រទេស​រុស្ស៊ី លទ្ធភាព​នៃ​ការ​ចូលរួម​របស់​ពួកគេ​នៅក្នុង​ការ​ប្រយុទ្ធ​នឹង​ទាហាន​អ៊ុយក្រែន និង​វត្តមាន​របស់​ពួកគេ​នៅក្នុង​តំបន់​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​បណ្ដោះអាសន្ន​នៅក្នុង​ប្រទេស​អ៊ុយក្រែន»៕

អ្នកស្រី Kim Hyungjin នៃ VOA ផ្នែក​ភាសា​កូរ៉េ រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ