មន្ត្រីអ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហាររបស់រុស្ស៊ីមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបានកម្ទេចហាងកាហ្វេមួយកន្លែង ដោយមានមនុស្សស្លាប់យ៉ាងហោចណាស់ក៏៥១នាក់ដែរ ដែលក្នុងនោះក៏មានកុមារម្នាក់ផងដែរ។ ការវាយប្រហារនេះកើតឡើងនៅចំពេលដែលមានពិធីបុណ្យសពមួយនៅទីនោះ។
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រោយពីការវាយប្រហារនៅក្នុងភូមិ Hroza នៅភាគខាងកើតមក គេឃើញបំណែកសាកសពជាច្រើនស្ថិតនៅរាយប៉ាយនៅកន្លែងក្មេងលេងមួយកន្លែងនៅក្បែរនោះ ដែលទទួលរងការខូចខាតយ៉ាងខ្លាំងពីការវាយប្រហារនេះ។
អភិបាលតំបន់ Kharkivលោក Oleh Syniehubov បានប្រាប់ទូរទស្សន៍ BBC ថា មនុស្ស ១ភាគ៥នៅក្នុងភូមិនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មតែមួយលើកនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ថ្ងៃនេះក្រុមភេវរជនរុស្ស៊ីបានធ្វើការវាយប្រហារមួយ ដែលសាហាវហួសពីសត្វតិរច្ឆានទៅទៀត ពីព្រោះវាជាអំពើដ៏សាហាវព្រៃផ្សៃបំផុតមួយ»។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បានប្រាប់ទូរទស្សន៍ BBC ថា ការវាយប្រហារទៅលើភូមិ Hroza របស់អ៊ុយក្រែននេះ បង្ហាញពីទង្វើដ៏អាក្រក់ព្រៃផ្សៃរបស់កងទ័ពរុស្ស៊ី»។
ការវាយប្រហារនេះកើតឡើងនៅចំពេលមានពិធីបុណ្យសពទាហានអ៊ុយក្រែនម្នាក់ នៅក្នុងភូមិ Hroza ដែលបានស្លាប់កាលពីឆ្នាំទៅ។ សពទាហានអ៊ុយក្រែន ត្រូវបានគេធ្វើពិធីបញ្ចុះជាថ្មីឡើងវិញនៅក្នុងភូមិកំណើតរបស់លោក។
មន្ត្រីអ៊ុយក្រែនបានបង្ហោះវីដេអូលើបណ្តាញតេឡេក្រាម ពីក្រុមអ្នកជួយសង្គ្រោះនៅកន្លែងអគារដែលមានគំនរថ្មបាក់បែកជាខ្លាំង។ គេឃើញមានសាកសពជាច្រើនត្រូវបានដាក់តម្រៀបគ្នានៅលើថ្មនិងដែក។
ការវាយប្រហារទៅលើភូមិ Hroza របស់អ៊ុយក្រែននេះក៏បានកើតឡើង នៅចំពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy កំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីបញ្ចុះបញ្ចូលក្រុមសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងសន្និសីទកំពូលមួយ ដែលមានការចូលរួមពីមេដឹកនាំសហភាពអឺរ៉ុបប្រមាណ ៥០នាក់ ដើម្បីឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកZelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា ពេលនេះមានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ក្នុងការទទួលបានប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបន្ថែមទៀត ដែលមានសារៈសំខាន់នៅពេលដែលរដូវរងារជិតចូលមកដល់។ លោកក៏បានប្រាប់ផងដែរថា មានការព្រមព្រៀងផ្សេងៗទៀត លើការផ្តល់កាំភ្លើងធំនិងកាំភ្លើងដែលអាចបាញ់រយៈចម្ងាយឆ្ងាយបាន មកឱ្យអ៊ុយក្រែនបន្ថែមទៀត៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters