«អ្វីៗ​ឆេះ​នៅ​ក្នុង​ភ្នក់​ភ្លើង»​ក្នុង​ទីក្រុង​អ៊ុយក្រែន​មួយដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង

ទាហានអ៊ុយក្រែនជិះរថក្រោះនៅលើផ្លូវមួយនៃតំបន់ Donbas ភាគខាងកើតអ៊ុយក្រែននៅថ្ងៃទី21 ខែមិថុនាឆ្នាំ2022 ខណៈដែលអ៊ុយក្រែននិយាយថាការបាញ់ផ្លោងរបស់រុស្ស៊ីបានបណ្តាលឱ្យមាន «ការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ» នៅទីក្រុង Lysychansk ដែលស្ថិតនៅកាត់ច្រាំងទន្លេពីទីក្រុង Severodonetsk។

ប្រទេស​អ៊ុយក្រែន​រាយ​ការណ៍​អំពី​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk ​ខណៈ​កង​កម្លាំង​រុស្ស៊ី​ជំរុញ​ដើម្បី​ធ្វើ​ការ​កាន់​កាប់​ទាំង​មូល​លើ​ទីក្រុង​នៅ​ភាគ​ខាង​កើត​នេះ។​ ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់​ថា ​ ស្ថានភាព​យោធា​នៅ​ភាគ​ខាងកើត​នៃ​ខេត្តLuhansk ​«គឺ​ជា​តំបន់​ដ៏​លំបាក​បំផុត​នៅ​ពេល​នេះ។​ អ្នក​កាន់កាប់​ក៏​កំពុង​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ទិស​ដៅ​ទៅ​ខេត្ត​ Donetsk»។​

លោក​បាន​និយាយ​ថា​ រុស្ស៊ី​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បណ្តេញ​ទាហាន​អ៊ុយក្រែន​ចេញ​ពី​តំបន់​សំខាន់ៗ។​ អ្នក​នាំពាក្យ​របស់​អគ្គ​សេនាធិការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា​ ការ​ប្រយុទ្ធ​គ្នា​នៅទីក្រុង​ Sievierodonetsk ​មាន​ភាព​ខ្លាំង​ក្លា​ ដោយ​រុស្ស៊ី​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស ​និង​ការ​បាញ់​ផ្លោង​ទៅ​លើ​ទីតាំង​របស់​អ៊ុយក្រែន។​

លោក ​Serhiy Haidai​ អភិបាល​នៃ​ខេត្ត​Luhansk​ ដែល​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​បាន​ប្រាប់​សារ​ព័ត៌មាន​ The Associated Press ​នៅ​ក្នុង​សេចក្តី​អធិប្បាយ​ជា​លាយ​លក្ខណ៍​អក្សរ​ថា ​«វា​ដូចឋាន​នរក​នៅ​ទីនោះ។​ អ្វីៗ​ត្រូវ​ឆេះ។ ​ការ​បាញ់​ផ្លោង​មិន​ឈប់​សូម្បី​តែ​មួយ​ម៉ោង»។ ​

លោក ​Haidai​ បាន​និយាយ​ថា ​«ថ្ងៃ​នេះ​ អ្វីៗ​ដែល​អាច​ឆេះ​បាន​គឺ​ឆេះ»។​

លោក​បាន​រាយ​ការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ឯ​រោងចក្រ​គីមី ​ Azot​ នៅ ទីក្រុង​ Sievierodonetsk ​ជា​កន្លែង​ដែល​អ្នក​ប្រយុទ្ធ​អ៊ុយក្រែន ​និង​ជន​ស៊ីវិល​ប្រហែល ​៥០០​ នាក់​កំពុង​ជ្រកកោន។​

ទីភ្នាក់ងារ​ព័ត៌មាន​AP ​បាន​រាយ​ការណ៍​ថា ​កង​កម្លាំង​រុស្ស៊ី​គ្រប់គ្រង​ប្រហែល ​៩៥​% ​នៃ​ខេត្ត​ Luhansk ​ដោយ​កង​កម្លាំង​អ៊ុយក្រែន​កាន់កាប់​តែ​រោងចក្រ​គីមី ​Azot ​នៅ​ទីក្រុង​ Sievierodonetsk ​ប៉ុណ្ណោះ។​ លោក ​Haidai ​ក៏​បាន​និយាយ​ផង​ដែរ​ថា ​កង​កម្លាំង​រុស្ស៊ី​បាន​នាំមក​នូវ​«ការ​បំផ្លិច​បំផ្លាញ​យ៉ាង​មហន្ត​រាយ»​ ដល់​ទីក្រុង​ Lysychansk ​ដែល​ជា​ទីក្រុង​ឧស្សាហ​កម្ម​នៅ​ត្រើយ​ម្ខាង​ទន្លេ​ទល់​មុខ​ទីក្រុង​ Sievierodonetsk ។

លោក​ Zelenskyy ​បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​ព្យាយាម​ការពារ​តំបន់​ខាងកើត​ប្រទេស​ ប៉ុន្តែ​បាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​នឹង​បន្ត​ប្រឈម​ការ​តស៊ូ​របស់​អ៊ុយក្រែន។​

ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា​ នៅ​ទីក្រុង​ Lviv ​ ប្រទេស​អ៊ុយក្រែន ​លោក​ Merrick Garland ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេរិក​បាន​ជួបជា​មួយ​អ្នកស្រី ​Iryna Venediktova ​អគ្គ​រដ្ឋ​អាជ្ញា ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ប្រកាស​ពី​ការ​បង្កើត​ក្រុម​ការងារ​ចងក្រង​ការទទួល​ខុសត្រូវ​នៃ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។​

លោក​Garland ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ «សហ​រដ្ឋ​អាមេរិក​កំពុង​ផ្ញើសារ​ដែល​មិន​អាច​ខុស​បាន​ថា​ ​គ្មាន​កន្លែង​លាក់​ខ្លួន​ទេ។​ យើង ​និង​ដៃគូ​របស់​យើង​នឹង​បន្ត​គ្រប់​មធ្យោបាយ​ដែល​មាន​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឃោរ​ឃៅ​ទាំង​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ»៕