​​អ៊ុយក្រែន ​ប្រកាស​ស៊ើបអង្កេត​លទ្ធភាព​នៃការ​ឈ្លបយកការលើ​អតីត​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​

រូបភាពឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​ប្រទេស​អ៊ុយក្រែន Marie Yovanovitch (កណ្តាល) ស្ថិត​ក្នុង​កិច្ច​ប្រជុំ​ជាមួយប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko ក្នុង​រដ្ឋធានីកៀវ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០២០។

អាជ្ញា​ធរ​អ៊ុយក្រែន ​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​ពួកគេ ​បាន​បើក​ការ​ស៊ើប​អង្កេត​ថាតើ​លោកស្រី Marie Yovanovitch អតីត​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រដ្ឋ​ធានី កៀវ ​បាន​ត្រូវគេ​ឈ្លបយកការណ៍​ដោយ​ខុសច្បាប់​មុនពេល​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​កោះ​ហៅ​ភ្លាម​ៗ​ឲ្យ​លោក​ស្រី​វិល​ត្រឡប់​ទៅកាន់​សហរដ្ឋ​អាមេរិក​វិញ​ហើយ​បន្ទាប់​មក​បណ្តេញ​លោក​ស្រី​ចេញ​ពី​តំណែង។

ការ​ប្រកាសមកពី​អ៊ុយក្រែន ​បាន​កើត​មាន​ឡើង​២​ថ្ងៃ​បន្ទាប់​ពី​ពួក​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជំរុញ​ឲ្យ​ដក​លោក​ត្រាំ​ចេញ​ពី​តំណែង​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ដែល​ត្រូវបាន​បញ្ចេញ​ឯកសារដ៏​សំ​ខាន់​ដោយ​លោក Lev Parnas ​ជាសហការី​របស់​លោកRudy Giuliani ​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានា​ធិបតី​ត្រាំ ​ដែល​បាន​បង្ហាញ​ពីការ​ទាក់​ទិន​របស់​លោក Giuliani​ អំពីការ​ដក​លោកស្រី Yovanovitch ​ចេញ​ពី​តំណែង​ការទូត​ហើយ​បាន​តាម​ដាន​ពី​សកម្មភាព​របស់​លោកស្រី​ក្នុង​រដ្ឋ​ធានី កៀវ នៃ​ប្រទេស​អ៊ុយក្រែន។

ក្នុង​កិច្ច​សម្ភាសន៍​អ្នក​ទាំង២ជាមួយ​បណ្តាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក ​លោកParnas​ដែល​ស្ថិត​នៅ​ក្រោម​ដីការ​ចាប់​ខ្លួន​ចំពោះ​ការ​រួមវិភាគ​ទាន​ប្រាក់​ខុស​ច្បាប់​ដល់​យុទ្ធនា​ ការ​ឃោសនា​បោះឆ្នោត​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​ថា ​លោកប្រធានា​ធិបតី​ ​បាន​ដឹង​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​លោក Giuliani ដាក់​គំនាប​អ៊ុយក្រែន​ឲ្យចាប់ផ្តើម​ស៊ើបអង្កេតលោក Joe Biden ​អតីត​អនុ​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​និង​ជា​គូប្រជែង​ខាង​នយោបាយដ៏​សំខាន់​ម្នាក់​ខាង​គណបក្ស​ប្រ​ជាធិប​តេយ្យ​របស់​ប្រ​ធា​នា​ធិបតី​ត្រាំ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០២០ដើម្បី​ទទួល​ប្រយោជន៍​ខាង​នយោបាយ​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក​សម្រាប់​កាន់​ដំណែង​មួយ​អាណត្តិ​ទៀត​នៅ​សេតវិមាន៕