អង់គ្លេស អាមេរិក និង​កាណាដា ចោទ​រុស្ស៊ី​ថា​ព្យាយាម​លួច​ព័ត៌មាន​អំពី​​ការ​សាកល្បង​វ៉ាក់សាំង​កូវីដ១៩

រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​បំពង់ស៊ីរាំង​ចាក់​ចូល​ដប​តូចមួយ​ដែល​មាន​ដាក់​ស្លាក«វ៉ាក់ស៊ីនកូវីដ១៩» កាលពី​ថ្ងៃទី​១០​ ខែមេសា ឆ្នាំ២០២០។

ចក្រភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ និង កាណាដា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ព្យាយាម​លួច​ព័ត៌មាន​ពី​អ្នក​កំពុង​ស្រាវជ្រាវ​ដើម្បី​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។​

មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណិត​ជាតិ​របស់​អង់គ្លេស ដោយ​សហការ​ជាមួយ​អាជ្ញាធរ​អាមេរិក​និង​កាណាដា​បានធ្វើ​ការ​ប្រកាស​នេះ និង​បាន​ចោទ​ក្រុម​អ្នក​លួច​ចូល​យក​ព័ត៌មាន​ក្នុង​កុំព្យូទ័រ (hackers) ដែល​មាន​ឈ្មោះ​ថា APT29 ឬ​គេ​ស្គាល់​ថា Cozy Bearដែល​គេ​គិត​ថា​ជា​ផ្នែក​មួយ​នៃ​ក្រុម​ចារកម្ម​រុស្ស៊ី ថា​បាន​វាយប្រហារ​តាម​អ៊ីនធឺណិត​ទៅ​លើ​ស្ថាប័ន​ស្រាវជ្រាវ​និង​ឱសថសាស្ត្រ​ដែល​កំពុង​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​កូវីដ១៩។

មន្ត្រី​ស៊ើបការណ៍​និយាយ​ថា ការ​វាយប្រហារ​ជា​បន្តបន្ទាប់​នេះ​មាន​ចេតនា​លួច​ព័ត៌មាន​ជា​ជាង​រំខាន​ដល់​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​កូវីដ។

ក្រុម​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ក៏​ជឿ​ថា​ក្រុម​អ្នក​លួច​ព័ត៌មាន​Cozy Bear នេះ​ក៏​នៅ​ពី​ក្រោយ​ការ​ចូល​លួច​ព័ត៌មាន​ក្នុង​ប្រព័ន្ទ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ ដោយ​ពួក​គេ​មាន​បំណង​ជួយ​ឲ្យ​លោក​ប្រធានាធិបតីដូណាល់​ត្រាំ​បាន​ឈ្នះ​ឆ្នោត៕