រដ្ឋមន្រ្តីការបរទេសអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបឈានមកដល់«ពេលកំណត់ចុងក្រោយ»នៅចុងសប្តាហ៍នេះ ហើយភាគីទាំងពីរវាយតម្លៃថាឱកាសព្រមព្រៀងគ្នាមានតិចតួច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
លោក Dominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេសនិយាយថាកាលបរិច្ឆេទកំណត់ចុងក្រោយគឺនៅថ្ងៃអាទិត្យសម្រេចដោយអង់គ្លេសនិងសហភាពអឺរ៉ុបប៉ុន្តែលោកបន្ថែមថា«អ្នកមិនអាចនិយាយថាចប់ទាំងស្រុងទេ»។
ប្រធានគណៈកម្មការសហគមន៍អឺរ៉ុបលោកស្រី Ursula von der Leyen និងលោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានបើកកិច្ចប្រជុំអំឡុងអាហារពេលល្ងាចរយៈពេល៣ម៉ោងកាលពីថ្ងៃពុធ ដោយសង្ឃឹមថាជាកិច្ចពិភាក្សាកម្ចាត់ការជាប់គាំង ប៉ុន្តែនៅពេលបញ្ចប់ពួកគេបាននិយាយថាការខ្វែងគំនិតរបស់ពួកគេមានគម្លាតធំ។ អ្នកស្រី von der Leyen និយាយថា«យើងយល់ពីជំហរគ្នាទៅវិញទៅមក»។ ពួកគេបានប្រាប់អ្នកចរចារបស់ពួកគេឱ្យបន្តពិភាក្សាហើយកំណត់យកថ្ងៃអាទិត្យជាថ្ងៃសម្រេចចិត្ត។
បើគ្មានកិច្ចព្រមព្រៀងទេសហភាពអឺរ៉ុបនិងអង់គ្លេសប្រឈមនឹងបញ្ហាច្របូកច្របល់នៅចុងខែនេះដោយគ្មានកិច្ចព្រមព្រៀងហើយវាគំរាមកំហែងដល់ការងាររាប់សែននិងខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ អង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបកាលពីថ្ងៃទី៣១ ខែមករា ប៉ុន្តែនៅតែរក្សារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំនេះ។ វាមានន័យថាការប្រេះឆាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី១ខែមករាឆ្នាំក្រោយដែលអាចមានភាពវឹកវរប្រសិនបើមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ៕