ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដូចគ្នាថា ចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុប បានសម្រេចមិនកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដូចតាមចំណាត់ការរបស់សហភាពអឺរ៉ុប។
ការសម្រេចនេះ ក្រោយមានជំនួបរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កាលពីថ្ងៃពុធ ទី១៦ ខែធ្នូ កន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើមក VOA នៅថ្ងៃសុក្រនេះ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ឯកអគ្គរាជទូតអង់គ្លេស លោកស្រី Tina Redshaw បានប្រាប់ទៅភាគីកម្ពុជានៅក្នុងកិច្ចប្រជុំថា កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស ដោយមិនមានការកាត់ចំណែកណាមួយនោះទេ។ ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់មូលហេតុនៃការមិនកាត់ផ្តាច់តាមចំណាត់ការរបស់សហភាពអឺរ៉ុបកាលពីកន្លងទៅទេ។
ស្ថានទូតនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរាជទូតបានបញ្ជាក់យ៉ាងច្បាស់ថា ចក្រភពអង់គ្លេសព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនិងសេរីភាពផ្សេងទៀតក្នុងប្រទេសកម្ពុជា ហើយនឹងបន្តតាមដានស្ថានការណ៍ទាំងនោះ»។
បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអង់គ្លេស រដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាមួយការស្នើសុំរបស់ចក្រភពអង់គ្លេស ដើម្បីរៀបចំការពិភាក្សាទៀងទាត់មួយជាមួយអាជ្ញាធរកម្ពុជា ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងសេរីភាពផ្សេងទៀត។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ក្រោយ Brexit ឬការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងសព្វាវុធមកលើកម្ពុជាទៀតទេ»។
ក្រសួងការបរទេសកម្ពុជាបន្តថា ការសម្រេចមិនកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ដែលការនាំចេញទៅចក្រភពអង់គ្លេសតាមប្រព័ន្ធអនុគ្រោះនេះ មានតម្លៃជាង១ពាន់លានដុល្លារអាមេរិក ដោយសារជំងឺកូវីដ១៩ប៉ះពាល់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានកោតសរសើរចំពោះការសម្រេចរបស់ចក្រភពអង់គ្លេស ដោយចាត់ទុកថា នេះ«ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា»។
កាលពីខែសីហា ឆ្នាំ២០២០នេះ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA មួយផ្នែក គឺ២០%ពីកម្ពុជា ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្ត្រីបក្សប្រឆាំងជាដើម។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ មានប្រសាសន៍ថា បើទោះមានការផ្តល់ឲ្យកម្ពុជាក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជាមិនគួរភ្លេចខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់នោះ យើងពិនិត្យមើលទៅនឹងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងដោយឡែកនៅក្នុងការដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធហ្នឹង។ អញ្ចឹងន័យហ្នឹង គឺរាជរដ្ឋាភិបាលហ្នឹងនៅតែមានកាតព្វកិច្ចនៅក្នុងការធានាឲ្យមានការអនុវត្តឲ្យបានពេញលេញនូវការគោរពសិទ្ធិការងារ និងសិទ្ធិមនុស្សហ្នឹងឯង»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា ការសម្រេចណាមួយរបស់ចក្រភពអង់គ្លេសជាផលប្រយោជន៍របស់គេដែលលោកសំដៅថា អង់គ្លេសចង់រក្សាលំនឹងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសជាដៃគូ ក្រោយចាកចេញពីអឺរ៉ុប។
លោកថ្លែងប្រាប់VOAថា៖ «អង់គ្លេសចង់រក្សានូវស្ថានភាពការធ្វើពាណិជ្ជកម្មក្រៅប្រទេសជាមួយនឹងដៃគូដែលធ្លាប់ធ្វើកន្លងមកនៅក្រោយដែលខ្លួនផ្តាច់ចេញពីសហភាពអឺរ៉ុបជាផ្លូវការ»។
លោកបន្ថែមថា ហេតុផលមួយទៀត អាចបណ្តាលមកពីស្ថានភាពជំងឺកូវីដ១៩ ដែលលោកថា រឹតតែធ្វើឲ្យស្ថានភាពនៃការនាំចេញរបស់កម្ពុជាកាន់តែលំបាកលំបិន ប្រសិនបើមានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ លោកលើកឡើងទៀតថាចក្រភពអង់គ្លេស ក៏ត្រូវការកម្ពុជាគាំទ្រនៅពេលនេះ ក្រោយចាកចេញពីអឺរ៉ុប។
ទោះជាយ៉ាងណា លោក ប៉ា ចន្ទរឿន អំពាវនាវឲ្យចក្រភពអង់គ្លេសបន្តជួយកម្ពុជា ប៉ុន្តែមិនត្រូវព្រងើយកន្តើយការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ លោកមិនទាន់អាចវិនិច្ឆ័យថា តើចក្រភពអង់គ្លេសនឹងមានទឹកមាត់ប្រៃក្នុងការជជែកជាមួយកម្ពុជា ដើម្បីធ្វើឲ្យមានភាពល្អប្រសើរសិទ្ធិមនុស្ស ឬយ៉ាងណា៕