រដ្ឋមន្រ្តីអង់គ្លេសម្នាក់ថា មេដឹកនាំមីយ៉ាន់ម៉ាត្រូវតែបញ្ជូនទៅកាន់តុលាការអន្តរជាតិអំពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា
អ្នកការទូតកំពូលម្នាក់របស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកមន្រ្តីមីយ៉ាន់ម៉ា ត្រូវតែទទួលខុសត្រូវចំពោះវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅខាងមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក Jeremy Hunt រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសបាននិយាយថា សហគមន៍អន្តរជាតិត្រូវតែពិចារណាពីការបញ្ជូនការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមទៅកាន់តុលាការ ប្រសិនបើ មេដឹកនាំមីយ៉ាន់ម៉ាមិនយកបញ្ហានេះទៅតុលាការទេ។
លោក Hunt បាននិយាយនៅក្នុងសារចុះផ្សាយក្នុងប្រព័ន្ធTwitter ថា «ប្រសិនបើមិនមានការទទួលខុសត្រូវនឹងយុត្តិធម៌នៅក្នុងប្រទេសភូមាទេ ដូច្នេះសហគមន៍អន្តរជាតិចាំបាច់ពិនិត្យមើលជម្រើសផ្សេងៗទៀត ដែលរួមបញ្ចូលទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ផង»។
អត្ថាធិប្បាយរបស់លោក Huntបានកើតមានឡើងបន្ទាប់ពីលោកបានជួបកាលពីថ្ងៃព្រហស្បតិ៍ជាមួយលោកស្រី អង់ សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ាដែលមានជម្លោះក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយទៅកាន់ប្រទេសនោះបន្ទាប់ពីការបញ្ចេញរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដែលរិះគន់លោកស្រីស៊ូជីអំពីចំណាត់ការលើវិបត្តិនោះ។ របាយការណ៍នោះបានលម្អិតថាតើហេតុអ្វីបានជាឧត្តមសេនីយ៍មីយ៉ាន់ម៉ាជាច្រើនត្រូវតែទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
របាយការណ៍នោះបានចោទប្រកាន់ពួកមេដឹកនាំយោធាពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ចាប់រំលោភ និងកម្ទេចភូមិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ដែលក្នុងនោះជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែននាក់បានត្រូវគេបង្ខំឲ្យរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង៕